លោកស្រី ដារានី សៃជូ (Daranee Saeju) ឧបការីធនាគារកណ្ដាលថៃ ទទួលបន្ទុកក្រុមការពារគោលនយោបាយប្រព័ន្ធទូទាត់ និងអ្នកប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុបានបញ្ជាក់ថា នៅក្នុងវិធានការដ៏ក្ដៅគគុកនេះ ធនាគារកណ្ដាលថៃ និងទីភ្នាក់ងារអនុវត្តន៍ច្បាប់ផ្សេងៗទៀតបានបង្កកគណនីធនាគារខុសច្បាប់រហូតដល់ទៅជិត២សែនគណនីនៅចន្លោះពីខែមីនា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ នេះ។
លោកស្រី ដារានី សៃជូ (Daranee Saeju) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ធនាគារកណ្ដាលថៃ នឹងពង្រីកការបង្ក្រាបនេះតាមរយៈការចែករំលែកបណ្ដុំទិន្នន័យ ឬដាតាបេស នៃអតិថិជនបង្កហានិភ័យទៅដល់ធនាគារនានា ដើម្បីជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន។
ឧបការីធនាគារកណ្ដាលថៃរូបនេះបានបន្ថែមទៀតថា គណនីធនាគារខុសច្បាប់ដែលកាន់កាប់ដោយរូបវន្តបុគ្គលនឹងត្រូវបិទចោល ហើយធនាគារនានានឹងរឹតបន្តឹងធ្វើយ៉ាងណារារាំងមិនឱ្យរូបវន្តបុគ្គលទាំងនោះបង្កើតគណនីខុសច្បាប់ថ្មីៗទៀតបាន ដោយគិតចាប់ពីដំណាច់ខែក្រោយតទៅ។
លោកស្រីបានគូសបញ្ជាក់ថា ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ ខណៈមានករណីថ្មីៗកើតឡើងជាបន្តបន្ទាប់ ដោយការឆបោកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញរហូតដល់ទៅប្រមាណ៣សែនករណីត្រូវបានរាយការណ៍ក្នុងរយៈពេល២ឆ្នាំមកនេះ។
លោកស្រីបានបន្តថា ជាទូទៅ ការឆបោកហិរញ្ញវត្ថុ១ករណីមានជាប់ពាក់ព័ន្ធគណនីធនាគារខុសច្បាប់ដល់ទៅ៥គណនី ដែលនេះមានន័យថា គណនីធនាគារខុសច្បាប់មានរហូតដល់ទៅរាប់លានគណនីដែលធនាគារកណ្ដាលថៃ ត្រូវបង្ក្រាប។
សូមបញ្ជាក់ថា ប្រទេសថៃ បានជួបការលំបាកយ៉ាងខ្លាំងនៅក្នុងការទប់ការកើនឡើងនូវបទល្មើសហិរញ្ញវត្ថុ ខណៈដែលពលរដ្ឋថៃ កាន់តែច្រើនបានក្លាយជាជនរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធអនឡាញ៕
ដោយ: តែម សុខុម