ទំនាក់ទំនង​កម្ពុជា-ចិន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ បច្ចុប្បន្នចិនកំពុងឈរលំដាប់លេខ ១ លើវិស័យជាច្រើននៅកម្ពុជា


ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជា «ទំនាក់ទំនងដែកថែប» ខណៈដែលគេមើលឃើញថាទ្វារសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កំពុងបើកចំហរកាន់តែធំឡើងៗ។ ជាក់ស្ដែង រដ្ឋាភិបាលប្រទេសទាំងពីរ ថ្មីៗនេះ ក៏បានប្រកាសអំពីការបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាលើកដំបូង។ ប៉ុន្ដែ អ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា បច្ចុប្បន្នចិន កំពុងក្ដោបក្ដាប់តំណែងលេខ១ លើវិស័យជាច្រើននៅកម្ពុជា ដែលសុទ្ធសឹងជាវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (រូបភាព៖ ហ្វេសប៊ុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ដោយ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កម្ពុជា នាពេល​ថ្មីៗនេះ បាន​គូសបញ្ជាក់ដែរថា បច្ចុប្បន្ន បើ​និយាយពី​ទំនាក់ទំនង​ក្នុងវិស័យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ជាមួយកម្ពុជា ឃើញថា ប្រទេស​ចិន កំពុង​ឈរ​លំដាប់​ទី១ លើវិស័យ​ជាច្រើនរបស់​កម្ពុជា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្តថា វិស័យ​ដែល​ប្រទេស​ចិន កំពុង​ក្ដោប​ក្ដាប់តំណែង​លេខ​១ កំពូលតារាងនោះ មានដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍​ជាដើម។ លើសពីនេះទៀត ទំហំហិរញ្ញប្បទាន សហប្រតិបត្តិការ ពីរដ្ឋាភិបាល​ចិន ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា ទាំងឥណទានសម្បទាន និងហិរញ្ញប្បទាន​ឥតសំណង ក៏ឈរ​នៅលំដាប់​ទី១ នាំមុខ​ប្រទេស និងស្ថាប័នដៃគូដទៃទៀតផងដែរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់អះអាង​យ៉ាងដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សាការងារ​ជាមួយ​នឹង​លោក លីយូ ស៊ិនហួរ  ប្រធាន​ក្រុមប្រឹក្សាជំរុញ​កិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង នៃសាធារណៈ​ប្រជាមានិតចិន កាលពីថ្ងៃទី ២២ វិច្ឆិកា​ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

លោក លីយូ ស៊ិនហួរ បាន​គូសបញ្ជាក់ដែរថា តាមការសង្កេតឃើញ​របស់លោក គឺ​មានក្រុមហ៊ុន​ចិន​រាប់ពាន់​បាន​មកដាក់ទុន​វិនិយោគ​នៅកម្ពុជា ដែលមានគម្រោង​វិនិយោគ​គ្រប់ដណ្ដប់​ស្ទើរតែលើគ្រប់វិស័យ។ នៅមានក្រុមហ៊ុន​ចិន​ជាច្រើនទៀត ក៏មាន​ចំណាប់អារម្មណ៍ មកវិនិយោគ​នៅកម្ពុជាដែរ។ លោក លីយូ បន្ថែមថា ក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង នៃសាធារណៈរដ្ឋ​ប្រជាមានិតចិន ក៏លើកទឹកចិត្ត​ឲ្យក្រុមហ៊ុន​ចិន វិនិយោគ លើគម្រោង​បង្កើត​សាលារៀនអន្តរជាតិ នៅកម្ពុជា ដើម្បី​ជួយបណ្ដុះបណ្ដាល​កុមារ និងយុវជន​កម្ពុជា។

តាមការគូសបញ្ជាក់​របស់​ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ចំពោះ​ការវិនិយោគ​ផ្ទាល់ពីបរទេស​កន្លងមក ក្នុងមួយឆ្នាំៗ មានក្រុមហ៊ុនចិន​រាប់រយ បាន​ចុះបញ្ជី​វិនិយោគ​នៅកម្ពុជា ដែលមានដើមទុន​រាប់ពាន់​លាន​ដុល្លារអាមេរិក។ 

អ្វីដែល​គួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ គឺកម្ពុជា និងចិន ក៏បានកំណត់ យក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បី​បើកការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើកដំបូង​ជាមួយគ្នា​ ដើម្បីពង្រីក​ការធ្វើពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ដែល​មានតួនាទីសំខាន់ ក្នុងការ​ចរចានេះ ក៏បាន​អះអាងថា ក្រសួង​បាន​ត្រៀម​ខ្លួន​រួចរាល់ហើយ សម្រាប់កិច្ចចរចានេះ ហើយ​រំពឹងថា ការចរចា​ជាមួយភាគីចិន នឹងមិនប្រើពេល​យូរនោះឡើយ ដើម្បីឈានទៅសម្រេច​កិច្ចចរចាពាណិជ្ជកម្មនេះ។

របាយការណ៍ពីរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន​ប្រមាណ ៧.៤០០លានដុល្លារអាមេរិក នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅចិនមាន​ទំហំទឹកប្រាក់ប្រមាណ ១.៤០០ លានដុល្លារអាមេរិក កើនឡើង ៣៧% ខណៈដែល​ចិន​នាំចូល​មកកម្ពុជាវិញ មានប្រមាណ ៦ពាន់​លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរ​ក៏ធ្លាប់​មាន​គោលដៅ នឹងជំរុញទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យឈានដល់ ១០ ពាន់​ដុល្លាអាមេរិក នៅត្រឹម​ឆ្នាំ២០២៣ខាងមុខ​ផងដែរ។

បើយើងក្រឡេកទៅ​មើល​លើសកម្មភាព​វិនិយោគបរទេស​តាម​ប្រទេសនីមួយៗវិញ តាមរបាយការណ៍​របស់ CDC បញ្ជាក់ថា បើរាប់ចាប់​ពីឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០១៩ ការវិនិយោគផ្ទាល់​ពីបរទេស (FDI) បានចូលរួមចំណែក​ប្រមាណ ៥៦% នៃការវិនិយោគសរុប ក្នុងនោះ ប្រទេសចិន​ឈរនៅ​លំដាប់ទី១ ដែលបានវិនិយោគ​ប្រមាណជិត ៨ពាន់លានដុល្លារ​អាមេរិក ស្មើនឹង៣៥% នៃទុន​វិនិយោគ​សរុប។

ក្នុងវិស័យទេសចរណ៍ឯណោះវិញ សម្រាប់​រយៈពេល ៩ខែ នៅឆ្នាំ ២០១៩នេះ ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប ជាង​៤,៨ លាននាក់ ឃើញថា ភ្ញៀវទេសចរ​ចិន​នៅតែ​ឈរ​លំដាប់​នាំមុខគេ ដែលមាន​ប្រមាណ ជិត​ ២លាននាក់ ស្មើនឹង​កំណើនជិត ៣០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ទេសចរជនជាតិចិន ក៏មាន​ចំណែក​ស្មើនឹង​ប្រមាណ ជិត ៣៩% នៃចំនួនភ្ញៀវទេសចរ​សរុបរបស់កម្ពុជា​ផងដែរ។ នេះបើតាម​ទិន្នន័យ​ពីក្រសួង​ទេសចរណ៍៕

None



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង​បើក​ការហោះហើរត្រង់​ពីសេអ៊ូល មកកាន់ ​កោះភូកុក (កោះត្រល់)

ក្រុមហ៊ុន​អាកាសចរណ៍​ធូរថ្លៃ​របស់​កូរ៉េ​ខាងត្បូង ឈ្មោះ ជេជូ អ៊ែរ (Jeju Air) នាសប្ដាហ៍មុន​នេះ បាន​​ចាប់​​ផ្តើម​ជើង​ហោះហើរ​ត្រង់​ពី​ទី…

រដ្ឋថៃបញ្ចេញ​ថវិកាជាង ២,៣ ពាន់លានដុល្លារ ដើម្បីទប់តម្លៃស្រូវកសិករនៅឆ្នាំនេះ កុំឲ្យធ្លាក់ថ្លៃ

នៅក្នុងខែវិច្ឆិកានេះ ជារដូវច្រូតកាត់ស្រូវប្រចាំឆ្នាំរបស់កសិករ ខណៈដែលការប្រមូលទិន្នផលរបស់កសិករក្នុងពេលជាមួយគ្នា ត្រូវបានគេមើលឃើញថា នឹងធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ