ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោក ហ្វុង វ៉ាន់ គឿង (Phung Van Cuong) អគ្គនាយកក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលអប់រំឌីជីថលនេះឡើង ជាតឹកតាងបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់មិត្តហ្វូន ក្នុងការចូលរួមចំណែកដល់ដំណើរឌីជីថលនីយកម្មនៃប្រព័ន្ធអប់រំរបស់កម្ពុជា។
លោក Phung Van Cuong មានប្រសាសន៍ថា៖ «ក្នុងរយៈកាលពីរឆ្នាំមកនេះ យើងបានសម្រេចនូវសមិទ្ធផល និងលទ្ធផលប្រកបដោយជោគជ័យនៅក្នុងការសាកល្បងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ហើយការបង្កើតនូវមជ្ឈមណ្ឌលអប់រំនេះឡើង បង្ហាញឲ្យឃើញពីការប្ដេច្ញាចិត្តរបស់មិត្តហ្វូនក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា ក៏ដូចជាសមត្ថភាពគ្រូបង្រៀន ដែលជាលទ្ធផលនឹងជួយបង្កើនចំណេះដឹង និងជំនាញដល់សិស្សានុសិស្ស» ។
មជ្ឈមណ្ឌលអប់រំឌីជីថលនឹងដើរតួនាទីជាបណ្ដុំមួយសម្រាប់សម្របសម្រួលនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ដែលត្រូវបានដាក់ឲ្យដំណើរការនៅតាមសាលារៀន ចំនួន ៣០០ ទីតាំង ទូទាំង ២៥ ខេត្តក្រុង ចាប់តាំងពីឆ្នាំ ២០២០ មក ក្រោមការសហការជាមួយនឹងក្រសួងអប់រំ ។ តាមរយៈ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀននេះ (SIS) គេបានបង្កើតនូវមូលដ្ឋានទិន្នន័យឌីជីថលសម្រាប់សិស្សានុសិស្សចំនួន ប្រមាណ ៣១ ម៉ឺននាក់ ហើយគ្រូបង្រៀនប្រមាណ ១៥.៦០០ នាក់ បានទទួលការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធនេះ នៅក្នុងការគ្រប់គ្រងការងារបង្រៀនរបស់ខ្លួន ។
ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) អនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូ ពិនិត្យ និងបញ្ចូលព័ត៌មានវត្តមាន ការសុំច្បាប់ និងពិន្ទុរបស់សិស្ស ទៅតាមកញ្ចប់ឯកសារប្រវត្តិរូបអេឡិចត្រូនិចរបស់ខ្លួន ការគ្រប់គ្រងកាលវិភាគ និងថ្នាក់រៀន ការពិនិត្យ និងផ្ទៀងផ្ទាត់ប្រវត្តិរូប និងជាងនេះទៅទៀត គឺការផ្ញើ និងទទួលដំណឹងរវាងសិស្សានុសិស្ស និងឪពុកម្ដាយ ឬនិងអាណាព្យាបាលរបស់គេ។
សិស្សានុសិស្ស និងឪពុកម្ដាយ ឬអាណាព្យាបាល ក៏អាចពិនិត្យមើលអវត្តមាន កាលវិភាគ ព័ត៌មានអំពីការបង់ប្រាក់ និងកាលបរិច្ឆេទ នៃការប្រលងផងដែរ ។ ឪពុកម្ដាយ ឬអាណាព្យាបាលក៏អាចពិនិត្យមើលប្រវត្តិរូបរបស់កូនពេលណាក៏បាន ហើយទទួលបានការជូនដំណឹងពីលោកគ្រូអ្នកគ្រូ និងផ្ញើរាល់លក្ខខណ្ឌផ្សេងៗទៅសាលារៀនវិញ ។ រាល់សកម្មភាពទាំងអស់នេះ ត្រូវធ្វើឡើងតាមទូរស័ព្ទដៃ ឬកុំព្យូទ័របានដោយងាយ ។
តាមរយៈគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS នេះ មិត្តហ្វូន ក៏បានផ្ដល់សេវាអ៊ិនធឹណិត សម្រាប់សាលារៀនចំនួន ១ ពាន់កន្លែង និងបានកសាងប្រព័ន្ធរបាយការណ៍តាមអនឡាញ រវាងមន្ទីរអប់រំ នៅតាមបណ្ដា ២៥ ខេត្តក្រុង ។
ជាលទ្ធផលដែលបានមកពីគម្រោងនេះ មិត្តហ្វូនបានឈ្នះពានរង្វាន់មេដាយមាស និងប្រាក់ ពីស្ថាប័នលំដាប់ពិភពលោក Globee Awards សម្រាប់ផ្នែក “Best IT Solution for Business of the Year”។
ជាការប្ដេជ្ញាចិត្តរយៈពេលប្រាំឆ្នាំចំពោះក្រសួងអប់រំ ក្រុមហ៊ុនមិត្តហ្វូន នៅឆ្នាំ ២០២៥ នឹងបានដាក់ឲ្យដំណើរការនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) សម្រាប់សាលារៀនចំនួន ៣ ពាន់ទីតាំង ដោយបង្កើតបាននូវមូលដ្ឋានទិន្នន័យឌីជីថលសម្រាប់សិស្សានុសិស្ស ២ លាននាក់ ហើយលោកគ្រូ អ្នកគ្រូ ចំនួន ៦ ម៉ឹននាក់ នឹងបានទទួលការបណ្ដុះបណ្ដាលក្នុងការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) នេះ៕