នៅពេលនេះ ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុតូចៗ កំពុងតែជួបវិបត្តិក្នុងការទទួលបាននូវប្រភពទុនហិរញ្ញវត្ថុបន្ថែមដើម្បីប្រតិបត្តិការរបស់ខ្លួន ដែលអាចប្រឈមនឹងការក្ស័យធន ខណៈដែលប្រភពទុនរបស់ពួកគេភាគច្រើនជាកម្ចីពីធនាគារពាណិជ្ជធំៗនៅក្នុងស្រុក។
ដើម្បីជាការការពារនិងលើកទឹកចិត្តដល់ប្រតិបត្តិករហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្នើឲ្យក្រសួងសេដ្ឋកិច្ចជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងជួបប្រទះ ដូចជា ការកំណត់ពិដានអត្រាការប្រាក់របស់រាជរដ្ឋាភិបាល បញ្ហាពន្ធដារនិងប្រភពនៃថ្លៃដើមទុន។
ការស្នើដូច្នេះគឺដើម្បីធានាចីរភាពនៃប្រតិបត្តិការវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សំដៅបន្តរួមចំណែកពង្រឹងបរិយាប័នហិរញ្ញវត្ថុ ក៏ដូចជាដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរត្ន័ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរត្ន័ បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានជួយរួមចំណែកយ៉ាងច្រើន ដល់កិច្ចដំណើរការរបស់វិស័យនេះ។
ប៉ុន្តែ ដើម្បីទទួលបាននូវសមធម៌ក្នុងកិច្ចដំណើរការរបស់វិស័យមីក្រូហិរញ្ញវត្ថុនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការរួមមួយ រវាងអាជ្ញាធរពាក់ព័ន្ធ ជាមួយសមាគម ដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅ ក្នុងការកំណត់គោលដៅច្បាស់លាស់ តម្លៃប្រតិបត្តិការ ថ្លៃដើម ក៏ដូចជានីតិវិធីពាក់ព័ន្ធផ្សេងៗទៀត សំដៅសម្រាប់គាំទ្រចីរភាព និងនិរន្តភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពប្រតិបត្តិការនិងសមធម៌។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាប្រកាសកំណត់ពិដានអត្រាការប្រាក់កម្ចីមិនឲ្យលើស១៨ភាគរយ ត្រូវបានគេមើលឃើញថា ជាការធ្វើអន្តរាគមន៍លើអត្រាការប្រាក់កម្ចីជាលើកដំបូងមិនធ្លាប់មានពីមុនមកឡើយ៕