ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើង ១,២% នៅទីផ្សារភាគហ៊ុនញូវយ៉កកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលចំនួននេះអនុញ្ញាតឲ្យ Microsoft ឡើងមកឈរលំដាប់ទី២ជាក្រុមហ៊ុនអាមេរិកដែលមានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតក្នុងលោក តាមពីក្រោយក្រុមហ៊ុន Apple។
មែនទែនទៅ ក្រុមហ៊ុន Microsoft បានក្លាយជាអ្នកផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធកុំព្យូទ័រផ្ទុកទិន្នន័យ Cloud និង កម្មវិធីSoftware ឯទៀតចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ គ្រាន់តែពេលនោះ តម្លៃលើទីផ្សាររបស់ក្រុមហ៊ុននេះ មិនទាន់មានខ្ពស់ដូចពេលបច្ចុប្បន្នទេ។
គួរជម្រាបថា Microsoft ជាក្រុមហ៊ុនមួយដែលរកស៊ីស្អាតស្អំ និង អនុលោមតាមបទបញ្ញត្តិបានត្រឹមត្រូវមែនទែន ពោល Microsoft ជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតតែមួយគត់របស់សហរដ្ឋអាមេរិក ដែលរហូតមកដល់ពេលនេះ បានគេចផុតពីការត្រួតពិនិត្យថ្មីៗនៃបទបញ្ញត្តិប្រឆាំងនឹងការធ្វើអាជីវកម្មខុសច្បាប់ របស់សហរដ្ឋអាមេរិក ជាហេតុបានផ្តល់ឱកាសកាន់តែខ្លាំងឡើង ឱ្យក្រុមហ៊ុនពង្រីក និង បង្កើតផលិតផលថ្មីៗក្នុងទីផ្សារបន្ថែម។
សូមបញ្ជាក់ថា ចាប់ពីខែមិថុនាឆ្នាំទៅមិញមកដល់ពេលបច្ចុប្បន្ន ក្នុងរយៈពេលពេញមួយឆ្នាំ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បន្តកើនឡើងជាបន្តបន្ទាប់ ស្មើនឹងជិត២០% ដោយសារតែការប្រើប្រាស់ពីកម្មវិធីនិងផលិតផលរបស់ Microsoft មានកំណើនខ្លាំងអំឡុងវិបត្តិកូវីដ-១៩។
បើយោងតាមទិន្នន័យដែលចងក្រងដោយ Bloomberg អ្នកជំនាញច្រើនជាង ៩០% បានផ្តល់អនុសាសន៍ឱ្យទិញផលិតផល និងកម្មវិធីរបស់ក្រុមហ៊ុន Microsoftនេះ សម្រាប់ការប្រើប្រាស់៕