ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាស្រ្តចំនួន ៧ចំណុច ដល់សហព័ន្ធស្រូវ-អង្ករ កម្ពុជា ដែលទើបតែបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី នាអាណត្តិទី៤នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យអស់សក្តានុពល ដែលនឹងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។
ទី១.ត្រូវបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំ (២០២៣- ២០២៧) ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ទី២.ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក សំដៅបង្កើនអំណាចចរចាជាមួយ អ្នកបញ្ជាទិញ ពង្រឹងភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញផ្សេងទៀត និងពិនិត្យលទ្ធភាព ក្នុងការរៀបចំយុទ្ធសាស្រ្តកំណត់ថ្លៃរួមមួយ ក្នុងក្របខណ្ឌសហព័ន្ធសម្រាប់លក់អង្ករទៅទីផ្សារអន្តរជាតិ។
ទី៣.ត្រូវបន្តផ្សព្វផ្សាយម៉ាកអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ និងចាប់យកកាលានុវត្តភាព ឱ្យអស់សក្ដានុពលពីទីផ្សារ និងពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញ ក្នុងក្របខណ្ឌកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន ជាអាទិ៍ៈ ក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ(RCEP)។
ទី៤.ត្រូវបន្តចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញផលិតកម្មពូជសុទ្ធ ដូចជា ស្រូវក្រអូប និង ស្រូវផ្ការំដួល ដើម្បីផ្គត់ផ្គង់ទៅកសិករ និងសហគមន៍កសិកម្ម ក្នុងកម្រិតថ្លៃសមរម្យ តាមរយៈយន្តការនៃភាពជាដៃគូររវាងរដ្ឋ និងឯកជន។
ទី៥.ត្រូវបន្តពង្រឹងសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ក្នុងការបង្កើនប្រសិទ្ធភាពនៃការកែច្នៃអង្ករ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការអាជីវកម្ម។
ទី៦.ត្រូវពង្រឹងការសម្របសម្រួលការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍កសិកម្ម។
ទី៧.សហព័ន្ធស្រូវ-អង្ករកម្ពុជា និងរោងម៉ាស៊ីនកិនស្រូវទាំងអស់ ត្រូវសហការជិតស្និទ្ធ និងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការធ្វើការជាមួយក្រុមការងារអចិន្រ្តៃយ៍អន្តរស្ថាប័ន ដែលនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ដោយមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា។
ឧកញ៉ា ចាន់ សុឃាំង ដែលទើបជាប់ជាប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា នាអាណត្តិទី៤ ជំនួស ឧកញ៉ា សុង សារ៉ន បានបង្ហាញការប្តេជ្ញាចិត្តថា លោកនឹងខិតខំធ្វើយ៉ាងណា ដើម្បីជំរុញវិស័យស្រូវអង្ករឱ្យកាន់តែរីកចម្រើន និងជំរុញការនាំចេញអង្ករឱ្យបាន ១លានតោន នៅក្នុងឆ្នាំ២០២៥ ខាងមុខ និងការផ្តោតទៅលើការងារមួយចំនួន ដូចជា ការដោះស្រាយបញ្ហាពូជស្រូវឡើងវិញ ដើម្បីឱ្យអង្ករមានភាពសុទ្ធល្អ និងមានគុណភាពដែលជំរុញការនាំចេញឱ្យមាននិរន្តភាព។ ក្នុងនាមជាប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជាថ្មី លោកសន្យាថា នឹងសិក្សាពង្រីកទីផ្សារគោលដៅដែលបានកំណត់ទុក និងលើកទឹកចិត្តឱ្យមានសហគមន៍មួយ រោងម៉ាស៊ីនមួយ នៅក្នុងតំបន់មួយ និងបង្កើនឱ្យមានអភិបាលកិច្ចល្អនៅតាមសហគមន៍ផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា តាមរយៈយន្តការមួយចំនួន រួមមាន៖ ការបន្តផ្តល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។ ការបង្កើនការផ្ដល់ហិរញ្ញប្បទានសម្បទាន និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ប្រព័ន្ធដឹកជញ្ជូន, ឡូជីស្ទីក និងប្រព័ន្ធស្រោចស្រព។ ការពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន និងការអនុវត្តគោលនយោបាយពាក់ព័ន្ការធ្វើពិពិធកម្មទីផ្សារ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចសហប្រតិបត្តិការទ្វេភាគីនានាជាមួយប្រទេសដៃគូពាណិជ្ជកម្ម នានា។ នេះបើតាមការបញ្ជាក់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៕