បើទោះបីជា ថៃកំពុងពិចារណាប្រើប្រាស់មូលនិធិដែលនៅសេសសល់នេះក៏ដោយ ប៉ុន្ដែលោក អាឃុម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ក្រសួងក៏ត្រូវថ្លឹងថ្លែងចំពោះរបៀបនៃការប្រើប្រាស់ថវិកានេះឲ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកតម្លៃប្រេងឡើងថ្លៃ។
យ៉ាងណាមិញ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើមូលនិធិប្រេង ដែលនឹងទាមទារឲ្យមានការខ្ចីប្រាក់បន្ថែមចំនួនជាង៦០០លានដុល្លារទៀត ដើម្បីប្រើប្រាស់រក្សាស្ថិរភាពតម្លៃប្រេងម៉ាស៊ូតដែលកំពុងកើនឡើង។ សូមជម្រាបថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ គឺរក្សាតម្លៃប្រេងម៉ាស៊ូតឲ្យក្រោម៩២ សេន ក្នុងមួយលីត្រ។
ដោយឡែក ទាក់ទិននឹងរាជរដ្ឋាភិបាលកាត់បន្ថយពន្ធលើតម្លៃប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត លោក អាឃុម មានប្រសាសន៍ថា ក្រសួងថាមពលកំពុងពិចារណាលើកញ្ចប់វិធានការនេះដូចគ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃតម្លៃប្រេងខ្ពស់ផងដែរ។
សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលថៃបានចំណាយប្រហែល ២០០ លានដុល្លារក្នុងមួយខែដើម្បីឧបត្ថម្ភធនជួយឲ្យតម្លៃប្រេងឥន្ធនៈ លក់រាយលើទីផ្សារនៅរក្សាបានក្នុងតម្លៃទាបសម្រាប់ពលរដ្ឋ។
ការិយាល័យមូលនិធិប្រេងឥន្ធនៈ ដែលជាភ្នាក់ងាររបស់រដ្ឋថៃ បច្ចុប្បន្នមានបំណុលជាង ៤០០ លានដុល្លារ ហើយកំពុងត្រូវការកម្ចីបន្ថែមជាង ៦០០ លានដុល្លារពីធនាគារពាណិជ្ជ និងប្រាក់កម្ចីបណ្តោះអាសន្នចំនួនជាង ៣០០ លានដុល្លារទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីគាំទ្រកម្មវិធីឧបត្ថម្ភធនរបស់ខ្លួន ក្នុងការបន្ធូរបន្ថយបន្ទុកតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ៕
អត្ថបទ ស៊ើង និមល់