ឯកឯកឧត្តម ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន ឈានជិតដល់ដំណាក់កាលចុងក្រោយហើយ ពោលគឺកំពុងរង់ចាំការចុះពិធីសារបច្ចេកទេស។ មន្ត្រីជាន់ខ្ពស់កសិកម្មរូបនេះ បានបន្តថា ក្រោយការនាំចេញផ្លែមៀនប៉ៃលិន ក្រសួងកសិកម្ម បាននិងកំពុងជំរុញការនាំចេញកសិផលមួយចំនួនទៀត ដូចជា ដូងក្រអូប ផ្លែទុរេន ផ្លែស្រកានាគ ម្រេច ជាដើម ទៅកាន់ទីផ្សារប្រទេសចិន។ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា ក្នុងចំណោមផលិតផលកសិកម្មខាងលើ ដូងក្រអូប ទុរេន និងម្រេចអាចជាផលិតផលកសិកម្ម ដែលមានសក្ដានុពលសម្រាប់នាំចេញទៅចិន បន្ទាប់ពីផ្លែមៀនប៉ៃលិន។
ឯកឧត្តម ងិន ឆាយ ក៏មានក្ដីរំពឹងយ៉ាងមុតមាំដែរថា ផ្លែមៀនប៉ៃលិនកម្ពុជា នឹងអាចនាំចេញទៅទីផ្សារចិន ក្រោយចប់ពិធីបុណ្យចូលឆ្នាំចិន។
ជុំវិញ គម្រោងនៃការនាំចេញផ្លែស្រកានាគកម្ពុជា ទៅកាន់ទីផ្សារចិនវិញ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះគូសបញ្ជាក់ថា អាចនឹងមានភាពលំបាក ព្រោះការដាំដុះស្រកានាគនៅកម្ពុជា នាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ។ ម្យ៉ាងវិញទៀត ប្រទេសចិន ក៏បាននាំចូលផ្លែស្រកានាគពីប្រទេសថៃ និងវៀតណាមច្រើនដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤-៦ខែមករា ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យនិងត្រួតពិនិត្យផ្លែមៀនកម្ពុជាតាមរយៈវីឌីអូ ដើម្បីអនុវត្តកុងសុងស៊ីសពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិន និងកម្ពុជា កំណត់ជូននិងដើម្បីបញ្ចប់នីតិវិធីតេស្ត និងត្រួតពិនិត្យលើផ្លែមៀនកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស៕