
អគារនេះមានទីតាំងនៅលើដងមហាវិថីព្រះនរោត្ដម ជិតនឹងវិមានឯករាជ្យ ក្នុងសង្កាត់ប្រមូលផ្ដុំអាជីវកម្មដ៏មមាញឹក ព្រមទាំងហ៊ុមព័ទ្ធដោយទីកន្លែងសំខាន់ៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើក្នុងទីក្រុង។ ដោយចំណាយពេលធ្វើដំណើរ ត្រឹមតែពីរបីនាទីប៉ុណ្ណោះពីទីតាំងអគារ នឹងទៅដល់សាលារៀនអន្ដរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន ។
អគារនៃគម្រោង «Odom» គឺជាស្ថាបត្យកម្មដែលរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបនិងរចនាប័ទ្មបែបភូមិខ្មែរបុរាណ ផងដែរ ។ គម្រោងនេះ អភិវឌ្ឍឡើងដោយក្រុមហ៊ុន ULS (Urban Living Solutions) សហការជាមួយក្រុមហ៊ុន TS Capital ដោយមានក្រុមហ៊ុនស្ថាបត្យកម្មសិង្ហបុរី Kite Studio Architecture ព្រមទាំងក្រុមហ៊ុនប្រឹក្សាផ្សេងៗទៀតមកពីហុងហុង និងថៃ ជាដើម ដើម្បីបង្កើតប្លង់ និងប្រឹក្សាយោបល់នៃគម្រោង ។

អគារ Odom ទាំងមូល នឹងសាងសង់លើទំហំផ្ទៃដី ៥,៨២៥ម៉ែត្រការ៉េ ដោយមានពីរអគារសំខាន់ៗ។ អគារទី១ គឺជាប្រភេទអគារខុនដូស្នាក់នៅ ដែលមានកម្ពស់ ៣០ជាន់ គឺជាលំនៅឋានបែបស៊ីវិល័យមួយ ដែលមានប្រភេទលំនៅឋានចាប់ពី ១បន្ទប់គេង ដល់ ៤បន្ទប់គេង និងអគារទី២ គឺជាអគារការិយាល័យលំដាប់អន្តរជាតិ ក្នុងកម្ពស់ ៤៥ជាន់។ បន្ទប់គេង និងការិយាល័យនៃអគារទាំងពីរ បំពាក់ដោយគ្រឿងបរិក្ខារទំនើបចុងក្រោយ និងមានគុណភាពខ្ពស់។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់និងលក់គម្រោងខុនដូ Pointer បានផ្ដល់សម្ភាសឱ្យសារព័ត៌មាន ខេមបូណូមីស ថា គម្រោងអគារមួយនេះ ធ្វើការរចនាឡើងប្រកបដោយភាពច្នៃប្រឌិដ្ឋ ជាមួយលក្ខណៈពិសេសៗ និងស្ថិតនៅលើទីតាំងល្អបំផុតមួយក្នុងទីក្រុង ដែលស័ក្ដិសមបំផុតសម្រាប់អ្នកធ្លាប់រស់នៅបុរី ឬវីឡា ដែលនៅជាយ ឬឆ្ងាយក្រុង ដែលមានការលំបាក ដោយមានស្ទះកកក្នុងពេលធ្វើដំណើរចូលក្រុង។
លោក ងួន ឆាយលាង មានប្រសាសន៍ដូច្នេះថា ៖ « រចនាមកពិសេសរបៀបម៉េច? បានន័យថា រចនាប័ទ្មនៃយូនីត(Unit)នីមួយៗ គឺយើងធ្វើឡើងជាលក្ខណៈកម្រិតខ្ពស់ ។ យូនីតដែលតូចជាងគេមានទំហំពី ៧៨ម៉ែត្រការ៉េឡើងទៅ ហើយមានចំនួនតិច បានន័យថា ដីយើងមានរហូតដល់ជាង ៥,៥០០ម៉ែត្រការ៉េ តែយើងធ្វើអគារខុនដូតែ ១៣៨ យូនីតទេ ។ អ៊ីចឹង វាមានលក្ខណៈពិសេស សម្រាប់អ្នកចង់រស់នៅតំបន់ហ្នឹង វាអត់មែនខុនដូដូចគេដូចឯងមានរាប់ពាន់យូនីតទេ»។

លោក ងួន ឆាយលាង បន្តបន្ថែមថា ៖ «និយាយឱ្យខ្លីទៅ អ្នកដែលគាត់ បច្ចុប្បន្នគាត់រស់នៅឆ្ងាយ ឬជាយក្រុង អាចថាគាត់នៅវីឡា ឬបុរីណាមួយ ដែលធ្វើឱ្យមានការកកស្ទះ ក្នុងការធ្វើដំណើរចូលក្រុង ព្រោះការងារភាគច្រើននៅចំកណ្ដាលក្រុង។ អ៊ីចឹងពួកគាត់អាចជ្រើសរើសយកគម្រោងនេះបាន[…] ព្រោះគម្រោងនេះ គឺរចនាឡើងមក សម្រាប់អ្នកដែលគាត់ធ្លាប់នៅវីឡា នៅខាងជាយក្រុង ហើយឥឡូវគាត់មានបំណងមករស់នៅកណ្ដាលក្រុងវិញ អ៊ីចឹង គាត់អាចរស់នៅបាន របៀបដូចគាត់រស់នៅក្នុងវីឡាមួយលើអាកាសអ៊ីចឹង»។

ក្រៅពីលំនៅឋាននិងការិយាល័យ នៅចំកណ្ដាលអគារ «Odom(ឧត្តម)» ក៏មានផ្សារទំនើបសហគមន៍ ភូមិអាកាសមើលទេសភាព(Sky Village) ចំនួន ៦កន្លែង ព្រមទាំងតំបន់ Business Club ចំនួន៥ជាន់ ដែលរួមមានអាងហែលទឹក ក្លិបហាត់ប្រាណ សាលប្រជុំ និងកន្លែងជួបជុំគ្នាជាដើម ។
លើសពីនេះ បើតាមការបញ្ជាក់របស់លោក ងួន ឆាយលាង គម្រោង «Odom (ឧត្តម)» មានចំណុចលេចធ្លោនិងទទួលបានបណ្ណសរសើរពីក្រុមហ៊ុនមួយនៅសហរដ្ឋអាម៉េរិក លើការរចនាឡើង ដោយមានការគិតគូរអំពីបរិស្ថាន និងជាអគារបៃតង(Green Building) មិនមានការប្រើប្រាស់ថាមពលច្រើនដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ៕
