នៅក្នុងរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញថា សហគ្រាសអាជីវកម្ម ដែលបានបិទទ្វារ និងផ្អាកដំណើរការនោះ ភាគច្រើនជា អាជីវកម្មខ្នាតតូច ដែលមានទុនវិនិយោគទាបជាង ៤៣ម៉ឺនដុល្លារអាមេរិក និងមានប្រតិបត្តិការតិចជាង រយៈពេល ៥ឆ្នាំ។
វិស័យដែលមានអត្រាព្យួរអាជីវកម្មខ្ពស់ជាងគេគឺ វិស័យអចលនទ្រព្យ សេវាកម្មកម្សាន្ត ស្នាក់នៅ និងវិស័យម្ហូបអាហារ។
ដោយឡែក អាជីវកម្មជិត ៩ពាន់កន្លែង បានក្ស័យធនរួចទៅហើយ និងមានជាង ២ម៉ឺនកន្លែងទៀត កំពុងតែបន្តនីតិវិធីប្រកាសក្ស័យធន ហើយអាជីវកម្មដែលដួលរលំនេះ ភាគច្រើនជា អាជីវកម្មលក់បោះដុំ និងរាយ និងមកពីវិស័យសំណង់។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ វៀតណាម ក៏ទទួលបានការបង្កើតសហគ្រាសអាជីវកម្មជាង ៧ម៉ឺនកន្លែងផងដែរ។
ជាចុងក្រោយ ក្រសួងផែនការ និងវិនិយោគវៀតណាម ក៏បានបង្ហើបដែរថា បើប្រៀបធៀបតួលេខ នាពេលនេះ ជាមួយតួលេខពីកាលដើមឆ្នាំ ២០២០កន្លងទៅ ឃើញថា ផលប៉ះពាល់នៃមេរោគកូវីដ-១៩ កំពុងថមថយបន្តិចម្តងៗ ដែលវាជាសញ្ញាមួយល្អ សម្រាប់សេដ្ឋកិច្ចជាតិវៀតណាម។
គួររម្លឹកបន្តិចដែរថា ការិយាល័យស្ថិតិទូទៅវៀតណាម បានធ្វើការព្យាករថា ទោះបីជា អាជីវកម្មជាច្រើន បានផ្អាកដំណើរការ និងប្រកាសក្ស័យធនក្តី GDP របស់វៀតណាម ក៏មានការកើនឡើងដូចគ្នាដែរ ដោយក្នុងឆមាសទី ១ ដើមឆ្នាំ ២០២០ GDP របស់វៀតណាម សម្រេចបាននូវកំណើនវិជ្ជមាន ១,៨%៕