ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រមាណ៣០នៅខេត្តព្រះសីហនុ មានកោះជាង២០ត្រូវបានរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនជាអ្នកអភិវឌ្ឍន៍។ យ៉ាងណាមិញក្នុងចំណោមកោះដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍មានតែកោះចំនួន៥ប៉ុណ្ណោះ ដែលមានការអភិវឌ្ឍន៍លេចធ្លោជាងគេ ក្រៅពីនេះមិនសូវមានអភិវឌ្ឍន៍ពេញលេញនោះទេ។ កោះទាំង៥ដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេរួមមានកោះរុង, កោះរុងសន្លឹម, កោះឫស្សី, កោះក្របី និងកោះសង្សារ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ដែលបានបន្ថែមថា មុនមានជំងឺកូវីដ-១៩ រាតត្បាត មានអ្នកវិនិយោគជាង៥០% បានអភិវឌ្ឍន៍លើកោះ ដែលខ្លួនទទួលបានសិទ្ធិវិនិយោគ។
បើតាម ឯកឧត្តម គួច ចំរើន ការវិនិយោគនៅលើកោះកំពុងតែមានការទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរទជាតិ និងអន្តរជាតិ។ ឯកឧត្តម បានបន្ថែមថា ជាការពិតតម្លៃនៃការការវិនិយោគ និងការចំណាយទៅលើការធ្វើទេសចរនៅលើកោះ គឺពិតជាមានការចំណាយច្រើនជាងការចំណាយនៅលើដីគោកធម្មតា ព្រោះការវិនិយោគនៅលើកោះមានការក្នុងការផ្គត់ផ្គង់ឧបករណ៍សម្ភារបម្រើឲ្យការដ្ឋាន ហើយការធ្វើដំណើររបស់អ្នកជំនាញការទៀតសោតក៏មានការលំបាកផងដែរ។ បើតាមការវាយតម្លៃរបស់ឯកឧត្តម គួច ចំរើន ការវិនិយោគលើកោះអាចចំណាយលើសការរវិនិយោគនៅលើដីគោកប្រមាណ៣ដងឯណោះ។
យ៉ាងណាក៏ដោយចុះ ចំពោះតម្លៃនៅលើកោះមានតម្លៃថ្លៃនេះ ឯកឧត្តម គួច ចំរើន បានចាត់ទុកថា វាជាការលើកទឹកចិត្តមួយដល់អ្នកវិនិយោគ ដោយសារតែវាជាឱកាសសម្រាប់អ្នកវិនិយោគត្រូវចាប់យក ហើយនៅពេលដែលមានការវិនិយោគច្រើនហើយនោះ ការផ្គត់ផ្គង់នៅលើកោះក៏កាន់តែមានភាពសម្បូរបែប ដែលអាចធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មនៅទីនោះ អាចនឹងមានការថយចុះជាងមុន និងមានភាពប្រកួតប្រជែងផងដែរ៕