ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានកត់សម្គល់ឃើញថា តាមរយៈពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា លើកទី៥ នេះកាន់តែធ្វើឲ្យអតិថិជនចាប់អារម្មណ៍ទីផ្សារភាគហ៊ុនកាន់តែខ្លាំង និងធ្វើឲ្យវិស័យនេះ កាន់តែមានភាពរីកចម្រើនថែមទៀត។
ពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» ជាលើកទី៥ រៀបចំដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ទើបតែបានបញ្ចប់ដោយភាពជោគជ័យកាលពីថ្ងៃទី ២៣ ខែតុលា ខណៈមានសាធារៈជនជាង ៨ម៉ឺននាក់ បានអ្នកចាប់អារម្មណ៍ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងពិធីពិព័រផ្សារភាគហ៊ុនលើកទី៥នេះ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានគូសបញ្ជាក់ថា តាមរយៈការតាំងពិព័រណ៍នេះ ទីផ្សារភាគហ៊ុនទទួលបានការចំណាប់អារម្មណ៍ខ្លាំងជាងមុន ដោយមានសាធារណជនជាច្រើនបានមកសួរព័ត៌មាននៅតាមស្តង់នានា និងបើកគណនីជួញដូរភ្លាមៗ នៅអំឡុងពិព័រណ៍នោះផងដែរ ខណៈកាលពីកន្លងមក សាធារណៈជនហាក់មិនសូវចាប់អារម្មណ៍លើវិស័យនេះ ប៉ុន្មាន នោះទេ។
បើតាមឯកឧត្តម ហុង សុហួរ តាមរយៈការតាំងពិព័រណ៍នេះ ផ្សារភាគហ៊ុនទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរ រហូតជាង ២ពាន់គណនីថ្មី បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែ ដែលមានប្រមាណជាង ៣រយគណនី ប៉ុណ្ណោះ ក្នុងមួយខែ។ បើតាមការពន្យល់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃនេះ បរិមាណនៃការបើកគណនីថ្មី គឺមានស្មើនឹងរយៈពេល ៧ខែ នៃការចុះឈ្មោះវិនិយោគិននាពេលកន្លង។
ឯកឧត្តមបានបន្តទៀតថា ផ្សារមូលបត្រកម្ពុជានឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិនិយោគិនថ្មីៗ ឱ្យយល់ច្បាស់ពីទីផ្សារភាគហ៊ុន តាមរយៈការបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ជាប្រចាំ។ ឯកឧត្តម ហ៊ុង សុហូរ បានគូសបញ្ជាក់ទៀតថា ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារកម្ពុជា បច្ចុប្បន្ន ស្ទើរទាំងអស់ កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាប ដូចនេះ វិនិយោគិនរបស់យើងអាចទិញបានភាគហ៊ុនក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដែលនេះ ក៏មកពីកត្តាទីផ្សារ រួមផ្សំ ជាមួយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដែលបណ្ដាលមកពីសង្គ្រាម និងវិបត្តិអតិផរណា ជាដើម។ អ្នកជំនាញរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ទាំងនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់វិនិយោគិនទាំងអស់ ព្រោះលោកយល់ថា ថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញខ្លាំង ក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣តុលា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ក្នុងគោលបំណង បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។ ការផ្ដល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារភាគហ៊ុន៕