បើតាមការគ្រោងទុក ថ្នាក់ដឹកនាំកំពូលនៃប្រទេសជាសមាជិកអាស៊ានទាំង១០ នឹងមកជួបប្រជុំគ្នានៅថ្ងៃសៅរ៍ទី២៤ មេសានេះ ក្នុងទីក្រុងចាកាតា រដ្ឋធានីរបស់ឥណ្ឌូនេស៊ី។ លោក មីន អុងឡាំង មេដឹកនាំរបបសឹកភូមា ត្រូវបានគេរំពឹងថា នឹងទៅចូលរួមកិច្ចប្រជុំលើកនេះផងដែរ។
ប្រការនេះធ្វើឲ្យរដ្ឋាភិបាលស្រមោលរបស់លោកស្រី អ៊ុង សានស៊ូជី មិនសុខចិត្តនោះទេ ហើយបានទាមទារឲ្យអាស៊ាន និងជាពិសេសទាមទារទៅកាន់ប្រទេសប្រ៊ុយណេ ដែលជាប្រធានប្តូរវេនអាស៊ាន ឲ្យផ្តល់កៅអីមួយកន្លែងដល់ក្រុមខ្លួនដែរ ក្នុងការពិភាក្សាដោះស្រាយវិបត្តិនយោបាយ ដែលបានចាក់ស្រេះ អស់ពេលជិត៣ខែមកហើយនេះ។
នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ បានឲ្យដឹងដែរថា លោក មីន អ៊ុងឡាំងមេដឹកនាំយោធាភូមានឹងទៅចូលរួមកិច្ចប្រជុំលើកនេះ ទោះបីមិនមានការបញ្ជាក់ផ្លូវការពីខាងយោធាភូមាយ៉ាងណាក្តី។ អតីតមេទ័ពដែលបានធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០១៤ រូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់ខ្លួនលោកផ្ទាល់ នឹងមិនបានចូលរួមនោះទេ ដោយបានចាត់ឲ្យរដ្ឋមន្ត្រីការបរទេសជាអ្នកចូលរួមជំនួស។
ឧបនាយករដ្ឋមន្ត្រីការបរទេស របស់ភាគីលោកស្រីស៊ូជី លោក ម៉ូហ្សា អូ (Moe Zaw Oo) បានប្រាប់សារព័ត៌មាន VOA ថា មកទល់នឹងពេលនេះ អាស៊ានមិនទាន់បានកោះអញ្ជើញក្រុមរបស់លោកឲ្យទៅចូលរួមកិច្ចប្រជុំនោះទេ។ លោកបានគូសបញ្ជាក់ថា បើអាស៊ានចង់ជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា អាស៊ានគួរតែពិគ្រោះយោបល់ និងចរចាជាមួយរដ្ឋាភិបាលដែលមានភាពស្របច្បាប់ពេញលេញ និងគាំទ្រដោយប្រជាជនភូមា។ លោកបានអះអាងទៀតថា អាស៊ាននឹងមិនអាចរកច្រកចេញឲ្យភូមាបានឡើយប្រសិនបើគ្មានវត្តមានរបស់ក្រុមលោក ដែលជារដ្ឋាភិបាលស្របច្បាប់។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលស្រមោលភូមា បានស្នើផងដែរដល់ថ្នាក់ដឹកនាំអាស៊ានកុំឲ្យទទួលស្គាល់របបយោធាដែលបានដណ្តើមអំណាចពីស៊ីវិលតាមរយៈរដ្ឋប្រហារកាលពីដើមខែកុម្ភៈ។
គួររំឭកថា ប្រទេសភូមាបានស្ថិតក្នុងស្ថានភាពវឹកវរចាប់តាំងពីពួកយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រីអ៊ុង សានស៊ូជី ចេញពីអំណាចតាមរយៈការធ្វើរដ្ឋប្រហារដោយយោធា។ យោងតាមក្រុមអ្នកឃ្លាំមើលក្នុងតំបន់ឲ្យដឹងថា មានជនស៊ីវិលយ៉ាងហោចជិត ៧៥០ នាក់ហើយត្រូវបានកងទ័ពភូមាសម្លាប់ ហើយមនុស្សជាង ៣.១០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
ដោយសារតែស្ថានភាពអាក្រក់នៅភូមា បូករួមការជំរុញពីមជ្ឈដ្ឋានខាងក្រៅកាន់តែខ្លាំងនេះហើយ ទើបអាស៊ានសម្រេចរៀបចំកិច្ចប្រជុំពិសសមួយដើម្បីពិភាក្សារកច្រកចេញឲ្យវិបត្តិដែលកំពុងឆាបឆេះនៅភូមានេះ៕