តាមការរាយការណ៍ដោយប្រភពព័ត៌មាន កុមារក៏ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បង្ក្រាបកាលពីថ្ងៃសៅរ៍ម្សិលមិញនេះដែរ។ ជុំវិញនឹងការបង្ក្រាបដ៏សាហាវយង់ឃ្នងដោយក្រុមយោធាទៅលើប្រជាពលរដ្ឋដែលជាអ្នកតវ៉ានេះដែរ ក៏ត្រូវបានក្រុមអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិបានចេញមុខថ្កោលទោសចំពោះក្រុមយោធាភូមាថា កំពុងធ្វើការសម្លាប់រង្គាល។
ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី ១ខែកុម្ភៈមក គេសង្កេតឃើញថា ហេតុការណ៍នៅថ្ងៃសៅរ៍ទី ២៧ មីនានេះ គឺជាការប្រយុទ្ធតទល់គ្នាដ៏ខ្លាំងក្លាបំផុតមួយ រវាងក្រុមកងទ័ពភូមា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកាន់កាប់ផ្នែកខ្លះនៃប្រទេសភូមា។
ក្រុមសង្គមស៊ីវិលបាននិយាយថា យន្ដហោះរបស់ពួកយោធាបានសម្លាប់មនុស្សយ៉ាងតិច៣នាក់ នៅក្នុងការវាយឆ្មក់លើភូមិមួយ ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធជនជាតិការ៉ែន បន្ទាប់ពីក្រុមសហភាពជនជាតិការ៉ែន បាននិយាយថា ខ្លួនបានវាយលុកប៉ុស្ដិ៍យោធាមួយកន្លែងនៅក្បែរព្រំដែនថៃ ដោយបានសម្លាប់មនុស្សចំនួន១០នាក់។
ឧត្តមសេនីយ Min Aung Hlaing មេដឹកនាំរបបយោធាភូមា បានថ្លែងនៅក្នុងពិធីដង្ហែរក្បួនរំឭកទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី ២៧ ខែមីនាថា យោធានឹងការពារប្រជាជន និងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។
គេហទំព័រសារព័ត៌មាន Myanmar Now បាននិយាយថាមនុស្ស ១១៤ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសក្នុងការបង្ក្រាបលើការតវ៉ា។
អ្នកស្លាប់នៅក្នុងហេតុការណ៍បង្ក្រាបកាលពីថ្ងៃសៅរ៍រួមមាន ៤០នាក់ និងក្នុងចំណោមនោះមានក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ដែរ ត្រូវបានសម្លាប់នៅក្នុងទីក្រុងម៉ាន់ដាឡាយ។ ២៧នាក់ទៀត បានសម្លាប់នៅក្នុងទីក្រុងយ៉ាំងហ្គូន ហើយបើតាមការរាយការណ៍ក៏មានក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ទៀត បានស្លាប់នៅក្នុងតំបន់ភាគកណ្ដាលនៃខេត្តសាហ្គាំងផងដែរ៕