វិបត្តិនៅភូមា-អាស៊ាន

ពលរដ្ឋភូមាខកចិត្តចំពោះលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន


នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលបានពិភាក្សាអំពីវិបត្តិនៅភូមា ដែលបានធ្វើឡើងនៅចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានបញ្ចប់ គេសង្កេតឃើញថា ពលរដ្ឋភូមាជាច្រើនបានសម្តែងការមិនពេញចិត្ត តាមរយៈបណ្តាញសង្គម ជុំវិញលទ្ធផលដែលទទួលបានក្រោយកិច្ចប្រជុំអាស៊ាននេះ ដោយពួកគេហាក់មិនមានជំនឿថា ចំណុចទាំង៥ ដែលអាស៊ានបានសម្រេចជាឯកច្ឆន្ទ ក្រោយកិច្ចប្រជុំនោះ អាចដោះស្រាយវិបត្តិភូមាបាននោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំកំពូលអាស៊ានរកដំណោះស្រាយសម្រាប់វិបត្តិនៅភូមា នាថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី - Xinhua
ដោយ

ពលរដ្ឋ​ភូមា​បាន​រិះគន់​ចំ​ៗ​ថា អាស៊ាន​មិន​បាន​ចេញ​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ ដែល​កំពុង​ត្រូវ​បាន​គេ​ជិះជាន់​ដុនដាប និង​មិន​បាន​ទាមទារ​ឲ្យ​របប​យោធា​ទទួលខុសត្រូវ ចំពោះ​ជីវិត​ជន​ស៊ី​វិល​ជា​ច្រើន ដែល​បាន​សម្លាប់​ក្រោម​គ្រាប់កាំភ្លើង​របស់​ក្រុម​យោធា​ភូមា​នោះ​ទេ​។

ទោះ​យ៉ាងណា បើ​តាម ទីភ្នាក់ងារ Reuters បាន​ឲ្យ​ដឹង​ថា មិន​មានការ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ណាមួយ​នោះ​ទេ បន្ទាប់​ពី​អាស៊ាន​បិទ​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​។ ប៉ុន្តែ​ពលរដ្ឋ​ភូមា បាន​ផ្តើម​សរសេរ​រិះគន់​អាស៊ាន​នៅ​លើ​បណ្តាញ​សង្គម​វិញ​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​សរសេរ​រិះគន់​អាស៊ាន​ថា​៖ «​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ជន​ស៊ី​វិល ដែល​ត្រូវ​បាន​គេ​ធ្វើបាប​ជិះជាន់ និង​សម្លាប់​ដោយ​ក្រុម​យោធា​។ យើង​មិន​ត្រូវការ​ការ​ជួយ​របៀប​នេះនោះ​ទេ​។​» អ្នក​ប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​ទៀត​ថា «​សេចក្តីថ្លែងការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ប្រជាជន​ភូមា​ចង់បាន​នោះ​ទេ​»​។ ៖«​អ្វី​ដែល​ពលរដ្ឋ​ចង់បាន​គឺ ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ​, ទទួលខុសត្រូវ​ចំពោះ​ជីវិត​ដែល​បាន​បាត់បង់ គោរព​លទ្ធផល​បោះ​ឆ្នោត​របស់​ប្រជាជន និង​ស្តារ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ឡើង​វិញ តាម​រយៈ​ការ​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ី​វិល​។

សូម​បញ្ជាក់​ថា ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជុំវិញ​វិបត្តិ​នៅ​ភូមា សមាជិក​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​លើ​ដំណោះស្រាយ​ឲ្យ​ភូមា​ចំនួន​៥​ចំណុច​។ យោង​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​ប្រធាន​ប្តូរ​វេន​អាស៊ាន គឺ​ប្រទេស​ប្រ៊ុ​យ​ណេ បាន​សរសេរ​ថា ការ​ឯកភាព​គ្នា​សម្រាប់​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា រួម​មាន ៥​ចំណុច​៖ 

១, បញ្ចប់​អំពើ​ហិង្សា

២, ការ​សន្ទនា​រក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​រវាង​ភាគី​ទាំងអស់

៣,  វត្តមាន​ប្រេសិត​ពិសេស​អាស៊ាន​ដើម្បី​ជួយ​សម្រប​សម្រួលការ​សន្ទនា

៤, ការ​បើកផ្លូវ​ឲ្យ​មានការ​ផ្តល់​ជំនួយ

៥, ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​ភូមា​។

យ៉ាងណាមិញ ការ​ឯកភាព​ទាំង​៥​ចំណុច​ខាងលើ​មិន​បាន​គូសបញ្ជាក់​ពី​ការ​ដោះ​លែង​អ្នកទោស​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​នៅ​ភូមា​នោះ​ទេ ប៉ុន្តែ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា រូប​លោក និង ប្រទេស​ជា​សមាជិក​អាស៊ាន​ឯទៀត បាន​ប្រាប់​ទៅ​លោក មីន អ៊ុ​ង​ឡាំង អគ្គមេបញ្ជាការ​កងទ័ព​ជាតិ​ភូមា ថា​ត្រូវ​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់​។

ភាគី​រដ្ឋាភិបាល​បង្រួបបង្រួម ឬ ដែល​គេ​ប្រសិទ្ធ​នាម​ថា រដ្ឋាភិបាល​ស្រមោល​របស់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី នោះ​បាន​និយាយ​ថា ខ្លួន​ស្វាគមន៍​ចំពោះ​ការ​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​របស់​អាស៊ាន ប៉ុន្តែ​រដ្ឋាភិបាល​ស្រមោល​ក៏​មិន​បាន​ភ្លេច​ទាមទារ​ឲ្យ របប​យោធា​ត្រូវ​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ទោះបី​ការ​ព្រមព្រៀង​គ្នា​របស់​អាស៊ាន មិន​ទទួល​បានការ​ស្វាគមន៍​ពី​ពលរដ្ឋ​ភូមា​ក្តី តែ​វា​ជា​ឱកាស​លើក​ដំបូង ក្នុង​ការ​បើកទ្វារ​ឲ្យ​មានការ​ជជែក​គ្នា​ដោយ​ផ្ទាល់ រវាង​អាស៊ាន និង​របប​សឹក​ភូមា​។ គេ​សង្ឃឹមថា កិច្ចប្រជុំ​នេះ នឹង​បើកផ្លូវ​ឲ្យ​មាន​យន្តការ​ត្រីភាគី ពោល​គឺ​មាន​តំណាង​អាស៊ាន​ជា​អ្នកសម្របសម្រួល ការ​ចរចា​រវាង​កងទ័ព​ភូមា និង ក្រុម​ប្រជាធិបតេយ្យ​ភូមា​របស់​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​។

គួរ​រំឭក​ថា ប្រទេស​ភូមា​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វឹកវរ​ចាប់តាំងពី​ពួក​យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ចេញពី​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​។ យោង​តាម​អង្គការ​ជួយ​អ្នកទោស​ភូមា​ហៅ​កាត់​ថា AAPP បាន​ឲ្យ​ដឹង​ថា មាន​ជន​ស៊ី​វិល​យ៉ាង​ហោច​ជិត ៧៥០ នាក់ ត្រូវ​បាន​កងទ័ព​ភូមា​សម្លាប់ ហើយ​មនុស្ស​ជាង ៣.១០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ថៃត្រៀម ១២ពាន់លានដុល្លារទៀតជួយសេដ្ឋកិច្ច ខណៈរលកឆ្លងថ្មីកូវីដ-១៩កើនឡើងខ្លាំង

រដ្ឋាភិបាលថៃថ្មីៗនេះ បានប្រកាសពីគម្រោងកញ្ចប់ថវិកាប្រមាណ ១២ពាន់លានដុល្លារអាមេរិក សម្រាប់ជួយជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន ស្របពេលដែលប្រទ…

អាមេរិកសន្យានឹងជួយឥណ្ឌា ដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ ដែលកំពុងកើតមាន

ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌា កាន់តែអាក្រក់ទៅៗហើយ ដោយចំនួនអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃបន្ដកើនឡើងកាន់តែច្រើន បំបែកកំណត់ត្រាពិភពលោក ដែលជាប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ