នេះមិនមែនជាលើកដំបូងឡើយសម្រាប់អន្តរាគមន៍បញ្ចេញសាច់ប្រាក់របស់ធនាគារកណ្តាលមីយ៉ាន់ម៉ា។ ធនាគារកណ្តាលប្រទេសនេះជាញឹកញាប់បានបញ្ចេញលុយដុល្លារ ដើម្បីការពាររូបិយបណ្ណរបស់ខ្លួន។ ទោះយ៉ាងណា អន្តរាគមន៍លើកនេះជាអន្តរាគមន៍លើកដំបូងហើយ ដែលមានចំនួនទឹកប្រាក់លើសពី១០០លានដុល្លារ បើគេរាប់ចាប់ពីពេលដែលយោធាផ្តើមកាន់កាប់អំណាចពីឆ្នាំមុនមក។ ការបញ្ចេញសាច់ប្រាក់កន្លងមកមានត្រឹមចន្លោះពី៥០លាន ទៅក្រោម១០០លានដុល្លារប៉ុណ្ណោះ។
ការប្រកាសកាលពីថ្ងៃទី ៣១ ខែសីហា ធ្វើឡើងបន្ទាប់ពីលុយគីយ៉ាត(Kyat)ដែលជារូបិយបណ្ណរបស់មីយ៉ាន់ម៉ា បានធ្លាក់ថ្លៃជិត ៤០% ចាប់តាំងពីដើមខែសីហាមក។ ជាក់ស្តែង ការជួញដូរប្រាក់គីយ៉ាតនិងប្រាក់ដុល្លារ ស្ថិតក្នុងអត្រាជួញដូរតម្លៃប្រហែល ៤ពាន់គីយ៉ាតក្នុងមួយដុល្លារ។ កាលពីថ្ងៃទី១ ខែកញ្ញា ក្រោយការប្រកាសបញ្ចេញសាច់ប្រាក់ រូបិយបណ្ណមីយ៉ាន់ម៉ាបានឡើងថ្លៃមកវិញ ក្នុងអត្រាជួញដូរប្រមាណ ៣,៥០០គីយ៉ាតក្នុងមួយដុល្លារ។
គួររំឭកថា ប្រាក់គីយ៉ាតបានចាប់ផ្តើមធ្លាក់ថ្លៃយ៉ាងខ្លាំងនៅពាក់កណ្តាលខែកក្កដា ដែលទំនងជាបង្កឡើងដោយសារការអនុវត្តច្បាប់ដែលតម្រូវឱ្យអ្នកស្រុក និងអាជីវកម្មប្តូររូបិយប័ណ្ណបរទេសទៅជាប្រាក់គីយ៉ាតទាំងអស់ ស្របទៅតាមបទបញ្ជារបស់ធនាគារកណ្តាលកាលពីខែមេសា។
ប្រាក់គីយ៉ាតចាប់ផ្តើមចុះថោក និងទន់ខ្សោយក្នុងបរិបទអត្រាអតិផរណាកើនឡើង។ អ្នកនាំចូល និងអ្នករកស៊ីជាច្រើនចាប់ផ្តើមមានតម្រូវការប្រាក់ដុល្លារខ្ពស់ ព្រោះខ្លាចប្រាប់គីយ៉ាតកាន់តែចុះថោក។ នៅគ្រាមុន ២១០០គីយ៉ាតប្តូរបានមួយដុល្លារអាមេរិក ខណៈបច្ចុប្បន្នមាន ៣៥០០ ទៅ ៤០០០គីយ៉ាតទើបដូរ១ដុល្លារអាមេរិក។ ពលរដ្ឋបានសម្រុកដកប្រាក់គីយ៉ាត ជាច្រើនចេញពីគណនីធនាគារដើម្បីប្តូរដុល្លារទុក។
សូមជម្រាបថា ដោយសារតម្លៃប្រាក់គីយ៉ាតខ្សោយ តម្លៃប្រេងសាំង និងប្រេងឆាដែលនាំចូលមានការកើនឡើងប្រហែលបីដង បើធៀបនឹងពេលមុនរដ្ឋាភិបាលយោធាចូលកាន់តំណែងក្នុងខែកុម្ភៈឆ្នាំទៅមិញ។ ស្រូវអង្ករដែលដាំដុះក្នុងស្រុក ដែលជាធម្មតាមិនងាយនឹងឡើងថ្លៃឡើយ តែឥឡូវនេះមានតម្លៃថ្លៃជាងមុនប្រហែល ៤០% ដោយសារថ្លៃដើមជី និងការដឹកជញ្ជូនកាន់តែខ្ពស់៕