ជាមួយគ្នានេះ នាយកប្រតិបត្តិផ្សារភាគហ៊ុនលំដាប់ពិភពលោកមួយនេះ ក៏បានអំពាវនាវឲ្យមានច្បាប់រឹតបន្ដឹងបន្ថែមទៀតទៅលើពាណិជ្ជកម្មរូបិយវត្ថុឌីជីថល ឬហៅថា គ្រីបតូ ដែលបច្ចុប្បន្ន ទីផ្សារកំពុងមានការរង្គោះរង្គើខ្លាំង ដ្បិតថាក្រុមហ៊ុនមួយចំនួនដួលរលំ ក្ស័យធន និងមានជាប់ព័ន្ធនឹងករណីឆបោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
លោកស្រី Friedman បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ ២០០ក្រុមហ៊ុន ត្រៀមបោះផ្សាយលក់មូលបត្រនៅផ្សារភាគហ៊ុន Nasdaq ដែលចំនួននេះ គឺតិចជាងកាលពីពីរបីឆ្នាំមុន ដែលមានដល់ ២៥០ ទៅ ៣០០ក្រុមហ៊ុន។
កាលពីឆ្នាំមុន គឺជាឆ្នាំដ៏ពិសេសសម្រាប់ការបោះផ្សាយលក់មូលបត្រ (IPO) នៅ Nasdaq ដែលមានក្រុមហ៊ុនចុះបញ្ជីថ្មីៗដល់ ៧៥០ក្រុមហ៊ុនឯណោះ ជាពិសេសគឺត្រូវបានទិញ ដោយក្រុមហ៊ុន SPAC ដែលជាក្រុមហ៊ុនជួញដូរសាធារណៈ។ ប៉ុន្តែ ការចុះបញ្ជីក្នុងផ្សារភាគហ៊ុន បានថមថយសកម្មភាពមកវិញយ៉ាងខ្លាំង ចំពេលមានបញ្ហាអតិផរណាខ្ពស់ និងការដំឡើងអត្រាការប្រាក់គោល។
ក្រុមហ៊ុនផ្សារមូលបត្រ Nasdaq ទទួលបានការបោះផ្សាយលក់មូលបត្រចំនួន១៤៣ លើកក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២២ ដែលខុសឆ្ងាយធៀបនឹងកាលពីឆ្នាំមុន ពោលគឺមានត្រឹមរយៈពេល៣ខែដំបូងប៉ុណ្ណោះនៃឆ្នាំ២០២១ ផ្សារភាគហ៊ុននេះមានការបោះផ្សាយលក់មូលបត្រ ដល់ទៅ ៥៥៧ លើកឯណោះ។
ជាមួយគ្នានេះដែរ លោកស្រី Friedman ក៏បានបញ្ជាក់ឱ្យដឹងដែរថា លោកស្រីបានចូលរួមទីផ្សារលុយគ្រីបតូ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មទ្រព្យសកម្មឌីជីថល Nasdaq ដែលមានគោលដៅទាក់ទាញវិនិយោគិន ប៉ុន្តែការអនុញ្ញាតចំពោះអាជីវកម្មនេះ ត្រូវបានពន្យារពេលទៅដល់ឆ្នាំក្រោយ។
ផ្សារភាគហ៊ុន Nasdaq ក៏បានពង្រីកបច្ចេកវិទ្យាប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដើម្បីអង្កេត និងកាត់បន្ថយការលាងលុយកខ្វក់ ការក្លែងបន្លំ និងទីផ្សារដែលបង្កហានិភ័យផងដែរ។
បើតាមលោកស្រី Friedman បានឱ្យដឹងថា Nasdaq បានចូលរួមពាក់ព័ន្ធនៅក្នុងលំហរូបិយបណ្ណគ្រីបតូអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានផ្តល់នូវបច្ចេកវិទ្យាឈ្លបការណ៍ និងសម្រាប់ការជួញដូរទ្រព្យសកម្មឌីជីថលនេះ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ការគ្រប់គ្រងលើការជួញដូរគ្រីបតូនេះ ក៏តម្រូវឱ្យមានការតាមដាន និងរឹតបន្តឹងផ្នែកច្បាប់បន្ថែមទៀត ដើម្បីធានាសុវត្ថិភាព និងទទួលបានការទុកចិត្តពីអ្នកវិនិយោគ។
រូបិយបណ្ណគ្រីបតូ ត្រូវបានដាក់ស្ថិតនៅក្រោមសម្ពាធក្នុងឆ្នាំនេះ បន្ទាប់ពីកើតមានករណីក្ស័យធនចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចី និងក្រុមហ៊ុនជួញដូរគ្រីបតូ ដែលក្នុងនោះរួមមានក្រុមហ៊ុន FTX ជាដើម៕
អត្ថបទ៖ នៅ សំភី