ទោះយ៉ាងណា ដើម្បីគាំទ្រដល់ការងើបឡើងនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅឆ្នាំ២០២២ ធនាគារជាតិបានសម្រេចដាក់ចេញនូវគោលនយោបាយចម្បងៗចំនួន១០ចំណុច។ តើគោលនយោបាយសំខាន់ៗទាំង១០នោះ មានអ្វីខ្លះ?
ថ្លែងនាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញគោលនយោបាយ ចម្បងៗ ១០ចំណុច ដើម្បីគាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ក្នុងឆ្នាំ២០២២នេះ។ ការដាក់ចេញនូវគោលនយោបាយទាំង១០ចំណុចនេះ ក្នុងគោលបំណងជួយគាំទ្រយ៉ាងពេញទំហឹង លើកំណើនសេដ្ឋកិច្ចជាតិ ដែលបន្ដទទួលរងការគំរាមកំហែងពីជំងឺកូវីដ១៩ បំប្លែងថ្មីៗ។
គោលនយោបាយចម្បងៗ១០ចំណុច រួមមាន៖ ទី១.ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់,ទី២.ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល,ទី៣.ការអនុវត្តវិធានការគាំទ្រចំគោលដៅ,ទី៤.ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុ,ទី៥.សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តទាំងអស់ ត្រូវបន្តគាំទ្រការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់,ទី៦.ការទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ,ទី៧.ការពង្រឹងផែនការនិរន្តរភាពអាជីវកម្ម និងផែនការអនុវត្តជាយថាហេតុ។
ទី៨. ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម,ទី៩.ការរួមចំណែកក្នុងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងទី១០.ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ធនាគារជាតិនៃកម្ពុជានឹងរួមចំណែកពង្រឹង សមាហរណកម្មហិរញ្ញវត្ថុ និងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ សមាហរណកម្មប្រព័ន្ធទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុតំបន់ និងយន្តការជួយផ្តល់ហិរញ្ញប្បទានសម្រាប់បង្ការ និងដោះស្រាយវិបត្តិ។
បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងបន្តគាំទ្រការនាំចេញវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ដូចជា គ្រឿងបង្គុំអគិ្គសនី និងកង់។ ការគ្រប់គ្រងបានលើការរាលដាលជំងឺកូវីដ-១៩ និងការបន្តបើកដំណើរការសេដ្ឋកិច្ច នឹងជំរុញសកម្មភាពសេដ្ឋកិច្ចដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងទូរគមនាគមន៍ និងទេសចរណ៍ក្នុងស្រុក។ ក្នុងនោះ វិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អដែលគាំទ្រ ដោយគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់និងទ្វេភាគី។
ផ្អែកតាមការចូលរួមគាំទ្រពីវិស័យទាំងអស់នេះ ធនាគារជាតិនៃកម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន៥%៕