ជាក់ស្តែងគម្រោងសាជីវកម្មធានាឥណទានដែលមានទំហំ២០០លានដុល្លារ ទើបមានការធានាជាង ៥០លានដុល្លារ ប៉ុណ្ណោះ ក្រោយដាក់ឲ្យដំណើរការជាង១ឆ្នាំកន្លងមកនេះ។ ទន្ទឹងនឹងជំរុញម្ចាស់សហគ្រាសមកចុះបញ្ជី ធនាគារជាតិ ក៏ជំរុញឲ្យ SME បង្កើនសមត្ថភាពបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងផងដែរ។
ក្រោយសង្កេតឃើញអាជីវកម្មជាច្រើននៅក្នុងវិស័យ SME ដែលជាវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅតែជួបបញ្ហាខ្វះលទ្ធភាពក្នុងការទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះនាំគ្នាមកចុះបញ្ជីអាជីកម្មនៅក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ការជំរុញនេះធ្វើឡើងក្រោយលោកជំទាវសង្កេតឃើញថា អាជីវកម្មដែលមិនទទួលបានកម្ចីភាគច្រើន គឺស្ថិតនៅក្រៅប្រព័ន្ធ គួបផ្សំពុំមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការលំបាកក្នុងការផ្តល់កម្ចី បើទោះបីជា មានការធានាពីគម្រោងសាជីវកម្មធានាឥណទានរបស់រាជរដ្ឋាភិបាលក៏ដោយ។
ជាមួយគ្នានេះដែរ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាសាជីវកម្មធានាឥណទានបានគូសបញ្ជាក់ថា គិតតឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ គម្រោងសាជីវកម្មធានាឥណទានរបស់រដ្ឋដែលមានទំហំ២០០លានដុល្លារ ទើបធានាលើការបញ្ចេញឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាដៃគូបានចំនួន៥៧លានដុល្លារប៉ុណ្ណោះ ជូនក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ ក្រោយដាក់ឲ្យដំណើរការជាង១ឆ្នាំកន្លងមកនេះ។ ទោះបីទំហំនេះនៅមានចំនួនតិចតួច តែសម្រាប់ ឯកឧត្តម វាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំនៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ដោយផ្អែកលើរបាយការណ៍របស់ធនាគារពិភពលោក មិនមែនមានតែកម្ពុជានោះទេ ដែលមានគម្រោងធានាឥណទាននេះ ប្រទេសជាង៤០លើពិភពលោកក៏បានដាក់ចេញគម្រោងនេះដែរ។
ជាមួយគ្នានេះ លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុននំស្រួយ លីលី កត់សម្គាល់ឃើញថា ក្នុងអំឡុងវិបត្តិកូវីដ-ជាងពីរឆ្នាំកន្លងមកអាជីវកម្មក្នុងវិស័យ SME បានជួបបញ្ហាជាច្រើនក្នុងការបង្វិលដើមទុន និងលំហូរសាច់ប្រាក់ ដូច្នេះ ការដាក់ចេញគម្រោងសាជីវកម្មធានាឥណទានរបស់រាជរដ្ឋាភិបាល គឺវាមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយស្តារអាជីវកម្មដែលរងផលប៉ះពាល់ទាំងនោះ។ ប៉ុន្តែអាជីកម្មក្នុងវិស័យនេះជាច្រើននៅតែមិនអាចទទួលបានកម្ចីពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្រោមការធានារបស់គម្រោងនេះ ដោយសារការផ្តល់កម្ចីមានការទាមទារ និងសិក្សាច្រើនលើនីតិវិធីផ្សេងៗ ពិសេសពាក់ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុតែម្តង។
នាពិធីបើកសិក្ខសាលាស្តីពីសក្តានុពលនៃគម្រោលសាជីវកម្មធានាឥណទានក្នុងការលើកស្ទួយបរិយបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានៅព្រឹកថ្ងៃទី១៨ សីហា លោកជំទាវ ជា សិរី បានឆ្លៀតផ្តល់អនុសាសន៍ដោយជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យ SME អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពផែ្នកបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីបង្កើនការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ សម្រាប់ លោកជំទាវ ប្រសិនបើអាជីវកម្មក្នុងវិស័យ SME នៅកម្ពុជាមិនអភិវឌ្ឍន៍សមត្ថភាពដើរឲ្យទាន់សម័យបច្ចេកវិទ្យាទេនោះ ពួកគេនឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានឡើយ។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី វិស័យសហគ្រាសធុនតូច និងមធ្យមបានរួមចំណែកផ្តល់ការងារក្នុងប្រទេសនីមួយៗលើពិភពលោកប្រមាណ៧០% និងបានរួមចំណែកយ៉ាងធំធេងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗ។ ប៉ុន្តែបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗលើពិភពលោកវិស័យ SME បាននិងកំពុងជួបបញ្ហាប្រឈមចំនួន៤រួមមានកង្វះកម្លាំងធនធានមនុស្ស, កង្វះការប្រកួតប្រជែង, ខ្វះលទ្ធភាពរកទីផ្សារ និងកង្វះលទ្ធភាពក្នុងការទទួលបានឥណទាន៕