
បើតាមក្រសួងសុខាភិបាល ចំនួនពលករត្រឡប់ចូលមកកម្ពុជាវិញនេះ គឺនឹងនៅតែបន្តចូលមកជាបន្តបន្ទាប់ទៀត ជារៀងរាល់ថ្ងៃ តែមានចំនួននឹងមានតិចទៅៗ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយករដ្ឋបាល-ហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ពលករចំនួនជិត៩ម៉ឺននាក់នេះ ត្រូវតែឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន២ដងសិន ដោយលើកទី១ធ្វើតេស្តនៅព្រំដែន និងលើកទី២ធ្វើនៅថ្នាក់ខេត្តនីមួយៗដែលពលករទៅដល់។
លោកជំទាវវេជ្ជបណ្ឌិត បានបន្តថា« ឥឡូវនេះឃើញថា ការពិនិត្យយើងពិនិត្យឃើញថា ក្នុងចំនួនជាង៨៨.០០០នាក់ហ្នឹង គឺ មានជាង៨៥.០០០នាក់ បានត្រលប់ទៅតាមមូលដ្ឋានផ្ទះសម្បែងភូមិឃុំរបស់ពួកគាត់ហើយ ដោយមិនឃើញមានអ្វីគួរឲ្យកត់សម្គាល់ទេ»។
លោកជំទាវវេជ្ជបណ្ឌិតបានបន្ថែមថា មានពលករចំនួនជាង ២.១៩៨នាក់ក្នុងចំណោមពលករសរុបជិត ៩ម៉ឺននាក់នោះ ត្រូវបានដាក់នៅក្នុងមណ្ឌលចត្តាឡីស័ក ដោយក្នុងនោះមានពលករជាង ១.៧០០នាក់ គឺរកមិនឃើញរកសញ្ញាអ្វីឡើយ និងបានវិលត្រលប់ទៅផ្ទះសម្បែងវិញហើយ។ ហើយសម្រាប់ពលករដែលត្រលប់ទៅដល់ផ្ទះនោះទៀតសោត មិនទាន់មានរបាយការណ៍ពីភូមិឃុំបញ្ជាក់ថា ពួកគេមានឆ្លងជំងឺកូវីដ-១៩នេះដែរ។
ដោយឡែកសម្រាប់កម្មករកម្មការិនី ដែលបានពិនិត្យសុខភាពក្រោយវិលត្រលប់មកពីស្រុកកំណើតវិញ ត្រូវបានលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់ថា រហូតមកទល់នឹងពេលនេះមានចំនួនជិត ៦.០០០នាក់ហើយ។ ក្នុងចំណោមកម្មករកម្មការិនីជិត ៦.០០០ នាក់ ដែលបានពិនិត្យនេះ វិទ្យាស្ថានសុខភាពសាធារណៈបានយកសំណាក់មកពិនិត្យចំនួន ០៤លើក សរុបចំនួន ១១២ករណី ខណៈដែលរបាយការណ៍របស់ក្រសួងការងារថា មាន១២៥ករណី ប៉ុន្តែមិនមានរកឃើញរោគសញ្ញាអ្វីនោះទេ។

បើតាមលោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកទល់នេះ ក្រសួងសុខាភិបាលបានយកសំណាកទៅធ្វើតេស្តចំនួន ១១.៥៧៦នាក់ហើយ ដោយជាមធ្យមធ្វើតេស្តចំនួន ៧២៣នាក់ហើយ ក្នុងចំណោម១លាននាក់ តែមិនមានឃើញថាមានអ្នកឆ្លងថ្មីនោះទេ។
ថ្វីត្បិតតែចំនួនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់តិចតួចមែន តែក្រសួងសុខាភិបាលនៅតែអំពាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដដែល ខណៈដែលមន្ត្រីនៃក្រសួងនេះ បានប្រកាសថា ហានិភ័យនៃជំងឺកូវីដ-១៩នេះ នៅតែបន្តកើតមានដដែល៕