គិតមកទល់ពេលនេះទំហំនៃការខូចខាតពិតប្រាកដ ដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងការបាក់ដីដ៏អាក្រក់នៅប្រទេសនេប៉ាល់ មិនទាន់ត្រូវបានវាយតម្លៃជារួមនៅឡើយទេ។ ទោះជាយ៉ាងណា លោក ស្វាននីម វ៉ាហ្គល (Swarnim Wagle) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេប៉ាល់បានបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចតូចមួយនេះនឹងត្រូវការមូលនិធិរាប់ពាន់លានដុល្លារ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបំផ្លាញឡើងវិញ។
លោកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សជិត៥០០នាក់ ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ រអិលបាក់ថ្ម និងភក់បាក់កាត់ជ្រលងភ្នំនៅជិតព្រំដែនចិន ដោយបានកម្ទេចស្ពាន ផ្លូវថ្នល់ និងលំនៅឋានរាប់សិបខ្នង។ ក្រៅពីអ្នកស្លាប់មនុស្សប្រមាណជាង១,៥០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយក្នុងនោះមានជនបរទេសប្រមាណ៥៤០នាក់ រួមមានទេសចរមកពីប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស អាមេរិក កូរ៉េខាងត្បូង ជប៉ុន ហូឡង់ អាហ្វ្រិកខាងត្បូង និងព័រទុយហ្គាល់ជាដើម។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនេប៉ាល់បានបន្ថែមថា ដោយសារតែទំហំនៃការខូចខាតធំធេងពេក ការវាយតម្លៃសរុបអាចនឹងត្រូវចំណាយពេលលើសពីមួយសប្តាហ៍។ ទន្ទឹមនឹងនេះលោក ប៊ីណូត ឆូដារី (Binod Chaudhary) មហាសេដ្ឋី និងជាអ្នកជំនួញជួរមុខនៅនេប៉ាល់បានប៉ាន់ប្រមាណថា នេប៉ាល់អាចនឹងត្រូវការស្វែងរកថវិកាជំនួយ និងការស្តារឡើងវិញមិនក្រោម៥ពាន់លានដុល្លារនោះឡើយ។
គួរបញ្ជាក់ថា គ្រោះធម្មជាតិដ៏រន្ធត់នៅសប្តាហ៍នេះ គឺជាវិបត្តិធំបំផុតថ្មីមួយទៀត ដែលបានវាយប្រហារនេប៉ាល់ បន្ទាប់ពីប្រទេសនេះធ្លាប់បានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏អាក្រក់កាលពីឆ្នាំ២០១៥ ដែលកាលណោះបានផ្តាច់ជីវិតមនុស្សរហូតដល់ទៅ៩,០០០នាក់៕
ដោយៈ សរ សុជាតិ