លោក ស៊ី ហ្វេង (Xie Feng) ដែលជាអតីតអនុរដ្ឋមន្ត្រីការបរទេស និងជាអ្នកឯកទេសក្នុងទំនាក់ទំនងចិន-អាមេរិក បានចូលទៅបំពេញមុខតំណែងឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក បន្ទាប់ពីតំណែងនេះ ត្រូវបានទុកឱ្យនៅទំនេរ តាំងពីចុងឆ្នាំមុនមកម្ល៉េះ ក្រោយពេលលោក ឈីន កាន (Qin Gang) បានក្លាយជារដ្ឋមន្ត្រីការបរទេស។ លោក Xie បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានញូវយ៉កថា ទំនាក់ទំនងចិន-អាមេរិកកំពុងប្រឈមមុខនឹង "ការលំបាក និងបញ្ហាប្រឈមធ្ងន់ធ្ងរ"។ ប៉ុន្តែ យោងតាមស្ថានទូតចិន លោក Xie បានបន្ថែមថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បី "គ្រប់គ្រងទំនាស់" ដោយដោះស្រាយបញ្ហារសើបដូចជាសំណុំរឿងតៃវ៉ាន់ជាដើមឱ្យបានត្រឹមត្រូវ ទន្ទឹមនឹងការពង្រីកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រែទំនាក់ទំនងទ្វេភាគីឱ្យដើរលើផ្លូវត្រូវវិញ។
សូមរម្លឹកថា នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នាទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃអាទិត្យ លោក Biden បានសម្តែងសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន អំឡុងសន្និសីទសារព័ត៌មានមួយ បើទោះបីជាលោកមិនបានពន្យល់ហេតុផលក៏ដោយ។
កាលពីថ្ងៃទី២៣ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីល្លើ (Matthew Miller) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន "ទទួលស្វាគមន៍ការមកដល់" របស់លោក Xie ហើយទន្ទឹងរង់ចាំធ្វើការជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ចិន។លោក មីល្លើ បានបន្តថា អាមេរិកនៅតែប្តេជ្ញាចិត្ត ដូចដែលធ្លាប់បានលើកឡើងឡើងកន្លងមកដែរ គឺចង់រក្សាបណ្តាញទំនាក់ទំនងជាមួយប្រទេសចិន ដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ។
គួររំលេចបន្ដិចថា ភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ បាននិងកំពុងកើនឡើងខ្លាំងលើសំណុំរឿងកោះតៃវ៉ាន់ និងលើឧបទ្ទវហេតុមួយកាលពីខែកុម្ភៈ គឺពេលដែលពោងហោះរបស់ចិនហោះស្ថិតនៅក្នុងដែនអាកាសអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោនបានអះអាងថាជាប្រតិបត្តិការស៊ើបការណ៍។
សូមបញ្ជាក់ថា នៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតៅ (Wang Wentao) គ្រោងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ជីណា រ៉េនម៉ុនដូ (Gina Raimondo) និងនាយិកាប្រតិបត្តិការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ខេថឺរីន តៃ (Katherine Tai)ផងដែរ៕
ប្រែសម្រួលដោយ៖ ឯម មាឃ