បច្ចុប្បន្ន រោគបំប្លែងថ្មីឡាំដា បាននិងកំពុងចរាចរយ៉ាងសកម្ម នៅក្នុងប្រទេសប្រមាណ៣០ហើយ នៅទូទាំងពិភពលោក។
សារព័ត៌មាន ABC បានរាយការណ៍ថា មេរោគបំប្លែងថ្មីឈ្មោះ ឡាំដានេះ ត្រូវបានឆ្លងរាលដាលដំបូងនៅក្នុងប្រទេសប៉េរូ កាលពីចុងឆ្នាំ២០២០ ហើយគិតតាំងពីខែមេសាឆ្នាំ២០២១មក មេរោគឡាំដានេះ មានប្រហែលជាង៨០% ទៅហើយនៃករណីឆ្លងសរុបនៅក្នុងប្រទេសប៉េរូ។
បើទោះបីជា ទើបតែរកឃើញវត្តមានមេរោគបំប្លែងថ្មី ឡាំដា ជាលើកដំបូងក្នុងទឹកដីក៏ដោយចុះ ប៉ុន្ដែ បើតាមអ្នកជំនាញសុខាភិបាលរដ្ឋតិចសាស់អះអាងថា មេរោគបំប្លែងថ្មី ឌែលតា គឺនៅតែជាក្ដីបារម្ភខ្លាំងជាងគេសម្រាប់សហរដ្ឋអាមេរិក ដ្បិតថា វាកំពុងពង្រីកការចម្លងយ៉ាងលឿនរហ័សនៅអាមេរិក ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោកផងដែរ។
អ្នកជំនាញផ្នែកសុខាភិបាលនៅទីក្រុង ហូស្ដុន បានអះអាងថា មានភាគច្រើនបំផុតនៃអ្នកឆ្លងកូវីដ-១៩នៅទីក្រុងមួយនេះ ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយក្នុងចំណោមអ្នកឆ្លងទាំងនោះ គឺមានប្រហែល៨៥% គឺជាករណីឆ្លងមេរោគបំប្លែងថ្មី ឌែលតា។ ហើយបើគិតក្របខណ្ឌទូទាំងសហរដ្ឋអាមេរិកទាំងមូលវិញ ករណីឆ្លងមេរោគបំប្លែងថ្មី ឌែលតានេះ គឺមានប្រមាណ ៨៣% នៃករណីឆ្លងថ្មីនាពេលបច្ចុប្បន្ននេះ ខណៈដែល ចំនួនករណីឆ្លងថ្មីនៅអាមេរិកបានហក់ឡើងដល់ទៅ ៥០% គិតចាប់តាំងពីដើមខែកក្កដាមក។ នេះបើតាមការអះអាងអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក៕