យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានដាក់នូវវិធានការការពារជំងឺកូវីដ១៩ និងពុលចំណីអាហារដោយ នៅអំឡុងពេលនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ ក្នុងនោះ ក៏មានវិធានការណែនាំសម្រាប់ការការពារខ្លួនពីជំងឺកូវីដ-១៩ នៅតាមវត្តអារាម ដែលជាទីកន្លែងសម្រាប់ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដូចជាត្រូវរក្សាគម្លាត និងធ្វើអនាម័យលាងដៃ វ៉ាស់កម្ដៅ ពេលចេញចូលវត្តអារាម។
មួយវិញទៀត សម្រាប់ការជួបជុំមនុស្សច្រើន ក៏ត្រូវបានរឹតបន្ដឹងផងដែរ ពោលគឺ ប្រជាពលរដ្ឋគ្រប់រូបត្រូវជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះឬគេហដ្ឋានតែមួយមិនត្រូវទៅជួបជុំឬអញ្ជើញសាច់ញាតិឬអ្នកដទៃស្នាក់នៅគេហដ្ឋានផ្សេង មកជួបជុំគ្នាលេងល្បែងស៊ីសង ច្រៀងរាំ ឬពិសាអាហារ និងគ្រឿងស្រវឹង ដែលមានហានិភ័យងាយនឹងឆ្លងជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែត្រូវមានការជំនួសមកវិញនូវការជួបជុំ និងជជែកគ្នាតាមរយៈអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ នៅក្នុងករណីនេះ ប្រជាពលរដ្ឋទាំងត្រូវតែមាន ការរក្សាគម្លាត រួមទាំងការអនុវត្តនៅវិធានការ៣កុំនិង៣ការពារផងដែរ។
ចំពោះករណីការពុលចំណីអាហារ ក្រសួងបានណែនាំទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក-ខណ្ឌ និងរាជធានី-ខេត្តត្រូវពិនិត្យឱបានដិតដល់តាមដានលើពុទ្ធបរិស័ទដែលចេញចូលក្នុងវត្តអារាម និង ព្រះវិហារ ហើយពលរដ្ឋគ្រប់រូបក៏ត្រូវមានការអនុវត្តតាមវិធានការសុវត្ថិភាពចំណីអាហារ រក្សាភាពស្អាត ទុកដាក់អាហារឆៅនិងឆ្អិននៅដាច់ដោយឡែកពីគ្នា ចម្អិនអាហារឱ្យឆ្អិនល្អ ពិសេសសាច់សត្វ ស៊ុត និងគ្រឿងសមុទ្រនិងទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពសុវត្ថិភាពត្រជាក់តិចជាង៥អង្សាសេ និងក្តៅលើសពី៦០អង្សាសេឬចម្អិនអាហារតែមួយពេលសម្រាប់តែមួយពេលកាន់តែល្អ។
សូមជម្រាបផងដែរថា ក្រសួងក៏បានដាក់ចេញអំពីការជ្រើសរើសមធ្យោយបាយធ្វើដំណើរ ដោយសុវត្តិភាព ដែលកាត់បន្ថយនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រួមទាំងជៀសវាងនូវគ្រោះថ្នាក់ចរាចរផងដែរ ដោយមិនត្រូវប្រើបាស់ធ្យាបាយសាធារៈដែលមានផ្ទុកមនុស្សច្រើន ត្រូវមានការពាក់ម៉ាស់ជានិច្ចនៅអំឡុពេលធ្វើដំណើររក្សាគម្លាត និង មានអាកុលជាប់ខ្លួន សម្រាប់លាងដៃ ជៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពជាដើម ចំណែកឯអ្នកបើកឡានឈ្នួលវិញ ក៏មានវិធានការការពារនៅពេលកំពុងបើកបរផងដែរ ដើម្បីចួលរួមការពារការឆ្លងកូវីដ ១៩ ទាំងអស់គ្នា។ដើម្បីជ្រាបកាន់តែច្បាស់ពីការណែនាំរបស់ក្រសួងសុខាភិបាល សូមអានលម្អិតនៅក្នុងសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួងដែលមាននៅខាងក្រោមនេះ។
អត្ថបទ៖ ហួន ស្រីនីត