ថវិកាដែលបានស្នើឡើងដោយលោក Marcos នេះគឺស្មើនឹងជាង ២២% នៃទិន្នផលសេដ្ឋកិច្ចសរុបរបស់ប្រទេសហ្វីលីពីន និងខ្ពស់ជាង ៥% នៃផែនការចំណាយរបស់អតីតប្រធានាធិបតីក្នុងឆ្នាំ ២០២២ ទៅទៀត។
មែនទែនទៅ ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរូបនេះ មានគោលបំណងចង់ពង្រីកសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឲ្យមានកំណើន ៨% ក្នុងអាណត្តិរបស់លោក ដែលមានរយៈពេល ៦ ឆ្នាំ និងដើម្បីដេញតាមឲ្យទាន់ក្នុងការរក្សាតំណែង ជាប្រទេសដែលមានការលូតលាស់លឿនបំផុតនៅអាស៊ី ក៏ដូចជាកាត់បន្ថយអត្រាភាពក្រីក្រឲ្យបានពាក់កណ្តាល ដែលមានជាង ១៨% នៃប្រជាជនសរុបក្នុងឆ្នាំ ២០២១។
ក្នុងនោះដែរ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខស្បៀង ការថែទាំសុខភាព និងវិស័យថាមពលស្អាត នឹងក្លាយជាអាទិភាពដើមដំបូងនៃកញ្ចប់ថវិកានេះ ដែលត្រូវបានស្នើឡើងទៅសភាតំណាងប្រធានាធិបតី។
ហើយសភាហ្វីលីពីនត្រូវបានគេរំពឹងថា នឹងអនុម័តកញ្ចប់ថវិកានៅខែតុលាខាងមុខ បន្ទាប់មក លោក Marcos ក៏នឹងចុះហត្ថលេខាបន្ថែមឲ្យក្លាយទៅជាច្បាប់ មុននឹងដាក់អនុវត្តនៅដំណាច់ឆ្នាំនេះម្តង។
លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យអប់រំនឹងត្រូវបានគិតគូរខ្លាំងជាងគេពីកញ្ចប់ថវិកានេះ ដែលមានចំនួនជាង ១៥ ពាន់លានដុល្លារ ឬ ១៦% នៃចំនួនថវិកាសរុប បន្ទាប់មកគឺទៅលើវិស័យការងារសាធារណៈ ១៣% ការថែទាំសុខភាព ៥% និងសុខុមាលភាពសង្គមប្រហែល ៤%។
គួរជម្រាបថា លោក Marcos បានឈ្នះឆ្នោតជាប្រធានាធិបតីហ្វីលីពីន សម្រាប់អាណត្តិរយៈពេលប្រាំមួយឆ្នាំកាលខែឧសភាកន្លងទៅ ព្រមទាំងគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាផងដែរ ដោយវាជាឱកាសមួយក្នុងការជំរុញឲ្យរបៀបវារៈរបស់លោកក្នុងតំណែងជាក្បាលម៉ាស៊ីនដឹកនាំប្រទេសអាចដំណើរការទៅបានយ៉ាងរលូន រួមទាំងការស្នើកញ្ចប់ថវិកាចំណាយក្នុងឆ្នាំ ២០២៣ នេះផងដែរ៕