ការដឹកជញ្ជូន​តាម​ផ្លូវដែក

រថភ្លើងចេញចូល ព្រលានយន្តហោះនៅតែកំសត់ អត់អ្នកជិះ ទោះបីប្តូររថភ្លើងថ្មីក៏ដោយ


កាលពីដើមឆ្នាំ២០១៩កន្លងទៅ សារព័ត៌មានអេឡិចត្រូនិចខេមបូណូមីស ធ្លាប់បានចេញផ្សាយវីដេអូមួយដែលនិយាយពីការខ្សត់អ្នកដំណើរតាមមធ្យោបាយរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញម្តងរួចមកហើយ។ ប៉ុន្តែកាលនោះ សេវាសាធារណៈ ដែលវិនិយោគដោយក្រុមហ៊ុនរ៉ូយ៉ាល់រ៉េ៉េលវេមួយនេះ គឺប្រើប្រាស់រថភ្លើងចាស់ ដែលឧស្សាហ៍ខូច និងបង្កគ្រោះថ្នាក់ច្រើន ដោយបានធ្វើឲ្យពលរដ្ឋមួយចំនួនធំរិះគន់យ៉ាងចាស់ដៃផងដែរ។
គម្រោងបិទដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះ នៅមានភាពស្រពេចស្រពិល
ដោយ

ក្រោយមក នៅអំឡុងខែ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ​បាននាំចូល​រថភ្លើងថ្មី​ចំនួន​៣គ្រឿង​ទៀតពី​ប្រទេសម៉ិច​ស៊ីកូ ជំនួសឲ្យ​រថភ្លើងចាស់​ដែលឧស្សាហ៍​មានបញ្ហានោះ។ រថភ្លើងថ្មីនេះ ទោះបីជា​មិនទំនើប​ដូចរថភ្លើង​នៅ​ប្រទេស​មួយចំនួន​ក្នុងតំបន់​អាស៊ី​ក៏ពិតមែន តែក៏អាច​ដាត់ទុកថា គ្រាន់បើ​ជាងរថភ្លើងចាស់​ពីមុន ព្រោះបាន​បំពាក់នូវ​ឧបករណ៍ទំនើបៗ​ជាងមុន ហើយមានម៉ាស៊ីន​ត្រជាក់​ប្រសើរ​ជាងមុនដែរ។ បែបនេះក្តី ក៏នៅតែមិន​សូវមាន​អ្នកជិះដដែល។

ថ្មីៗនេះក្រុម​ការងារសារព័ត៌មាន​អេឡិចត្រូនិច​ខេមបូណូមីស បានធ្វើដំណើរ​តាមរថភ្លើង​ជាថ្មី​ម្តងទៀត ដោយបាន​​ជិះ​រថភ្លើងថ្មីនេះ សង្កេតឃើញថា មានអ្នកជិះតែ​២នាក់ប៉ុណ្ណោះ មួយជើង គឺជា​កងរាជអាវុធហត្ថ​ម្នាក់ អ្នក​យកព័ត៌មាន​របស់​ខេមបូណូមីស​ម្នាក់ ​​ក្រៅពីនេះ គឺបុគ្គលិក​របស់ក្រុមហ៊ុន​រ៉េលវ៉េ​៣នាក់ ខណៈ​ដែល​ទូរ​រថភ្លើងនីមួយៗ​អាចផ្ទុក​មនុស្សបាន​ពី ៤០ ទៅ៥០នាក់​ឯណោះ។

តាមការសាកសួរខ្លះៗ​ទៅកាន់អ៊ំស្រីម្នាក់ ដែលជាបុគ្គលិក​ដើរតាម​រថភ្លើង(ប្រ៊ូររថភ្លើង) បាននិយាយថា ចាប់តាំង​ពីប្តូររថភ្លើងថ្មី​មកនៅ​តែដដែល ពោលគឺ មិនសូវ​មានអ្នកជិះ ។ ក្នុងលក្ខខណ្ឌ​សុំមិនបញ្ចេញ​ឈ្មោះ​ អ៊ំស្រី​បានរៀបរាប់ថា កាលពីយក​មក​លើកដំបូង រថភ្លើងថ្មី​ក៏ឧស្សាហ៍មាន​បញ្ហា​ដែរ ដោយពេលខ្លះ​ជ្រុះកាង​ពេលកំពុង​បើកបរ ពេលខ្លះត្រូវ​ខូចកណ្តាលផ្លូវ​ក៏មាន តែក្រោយមកទៀត​ក៏លែងសូវ​មានបញ្ហា ក្រោយ​ពីជាងជំនាញ​របស់ក្រុមហ៊ុន​ឧស្សាហ៍​ត្រួតពិនិត្យ ។ អ៊ំស្រីបានបន្ថែមថា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ គឺមិន​សូវមានអ្នកជិះទេ ដោយថ្ងៃខ្លះ ២ទៅ៣នាក់ ហើយថ្ងៃខ្លះ​ទៀត គ្មានមនុស្ស​ជិះសោះក៏មាន។ សម្រាប់ថ្ងៃ​សៅរ៍​និងអាទិត្យ​ ហាក់គ្រាន់​បើបន្តិច។

ពលរដ្ឋរស់នៅ និងប្រកបរបរ​រ​កទទួលទាន​នៅតាម​បណ្តោយ​ផ្លូវភ្លើង ដែលចេញ​ចូលព្រលានយន្ត​ហោះ ហាក់​មានគំនិតវិជ្ជមាន​ច្រើនចំពោះ​រថភ្លើងថ្មីនេះ។

រថភ្លើថ្មី ដែលទើប​នាំចូលមក

ខណ្ឌពោធិ៍សែនជ័យ​បានរៀបរាប់ថា រថភ្លើងចេញ​ចូលព្រលាន​យន្តហោះ​ថ្មីនេះហាក់ប្រសើរ​ជាងមុន។ ប្រសើរ​ព្រោះតែមិន​សូវបាន​បង្កគ្រោះថ្នាក់ និងមិនសូវ​មានសំលេង​រំខានដូច​រថភ្លើងចាស់ តែគាត់សង្កេត​ឃើញថា​នៅតែគ្មាន​អ្នកជិះដដែល ។

ចំណែកលោក ផល្លា ជាម្ចាស់​ហាងកាហ្វេ ដែលមានទីតាំង​នៅតាមបណ្តោយ​ផ្លូវរថភ្លើង​ដែរនោះ បានឲ្យ​ដឹងថា តាំងពីរថភ្លើងថ្មីនេះ ដំណើរការមក លោកមិនទាន់​លឺថាមាន​បង្កបញ្ហាអ្វីធំ​ដុំដូចរថភ្លើង​ចាស់ទេ ដោយ​លោកគិតថា រថភ្លើងថ្មីនេះ មានហ្វ្រាំង​ត្រឹមត្រូវ ដែលអាច​គ្រប់គ្រងស្ថានការណ៍​បានទាន់​ពេលវេលា បើសិនមាន​​ឧបសគ្គនៅខាងមុខ។

ស្រដៀងគ្នានេះដែរ លោក សេរី ដែលឧស្សាហ៍​មកទទួលទានការហ្វេ​នៅហាង​របស់លោក ផល្លា បានយល់​ឃើញថា ​ការធ្វើដំណើរ​តាមរថភ្លើង គឺមានលក្ខណៈងាយ​ស្រួល​ជាងធ្វើដំណើរ​ដោយរថយន្ត និងម៉ូតូ ព្រោះអាចកាត់​បន្ថយការ​កកស្ទះចរាចរណ៍ ចំណេញ​ពេលវេលា និងមាន​ផាសុកភាព​ផងដែរ។ តែអ្វី ដែល​ជាបញ្ហា​ចំពោះលោក​និងពលរដ្ឋ​ដទៃទៀតនោះគឺ តម្លៃ​និងចំណត។ លោកបាន​បន្តថា តម្លៃ១ម៉ឺនរៀល សម្រាប់ការ​ធ្វើដំណើរ គឺថ្លៃបន្តិច​សម្រាប់ពលរដ្ឋ​ដែលមាន​កម្រិត​ជីវភាពមធ្យម​ដូចលោក។ មួយវិញទៀត ដោយសារ រថភ្លើងនេះ​មានចំណតតែ ២គឺនៅស្ថានីយ៍​និងនៅ​ព្រលានហោះតែម្តង ដែលពិបាក​ឲ្យ​​ពលរដ្ឋដំណើរ​ទៅ បើសិនជាគាត់ចង់​ជិះ ទាល់​ទៅស្ថានីយ៍ ទើបពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍ជិះ។

តាមការសំណូមពរ​របស់ពលរដ្ឋទាំង​៣នាក់នេះ គឺចង់ឲ្យ​មានការ​បញ្ចុះតម្លៃសំបុត្រ និងរៀប​ចំឲ្យ​​មាន​ចំណត​​ច្រើន​ដូច​​រថយន្ត​ក្រុងសាធារណៈ ទើបអាច​មានពលរដ្ឋ​ចាប់អារម្មណ៍​ធ្វើដំណើរ​តាមមធ្យោបាយ​នេះច្រើន​បាន ។ ម្យ៉ាងវិញទៀត ពួកគាត់ក៏ស្នើឲ្យ​មានការផ្សព្វផ្សាយ​ឲ្យ​បានទូលំទូលាយ​ជាងមុន ជុំវិញតម្លៃសេវា និង​ពេលវេលា​ចេញដំណើរ​របស់រថភ្លើង​ ដើម្បីលើកទឹកចិត្ត​ឲ្យ​ពលរដ្ឋប្រើ​ប្រាស់សេវា​សាធារណៈ​មួយនេះ ឲ្យ​កាន់ច្រើន ក្នុងន័យអាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅលើផ្លូវគោក។

ជាការពិតណាស់ មានប្រទេស​ជាច្រើននៅ​ក្នុងតំបន់​អាស៊ី បានរៀបចំឲ្យ​មានការធ្វើ​ដំណើរតាម​រថភ្លើង​ទាំងលើ​អាកាស លើដី និងក្រោមដី​ជាដដើម ដើម្បីបញ្ជៀស​ការកកស្ទះ​នៅលើផ្លូវគោក ដែលការ​ធ្វើដំណើរ​តាមរថភ្លើង​នេះគឺ មានតម្លៃ​សមរម្យ​សម្រាប់ពលរដ្ឋ​ដែលមាន​កម្រិត​ជីវភាពមធ្យម និងទាប ដោយមាន​ពលរដ្ឋ​ជាច្រើន​គាំទ្រផងដែរ។ ចុះចំនែករថភ្លើង​ដឹកអ្នកដំណើរ​នៅកម្ពុជា​វិញ នឹងមាន​ជោគវាសនា​បែបណា បើសព្វថ្ងៃ​មិនសូវមាន​អ្នកជិះ​ផងនោះ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រី ភាព ស្នើសុំបូមខ្សាច់ទន្លេមេគង្គរាប់សិបគីឡូម៉ែត្រ ពីក្អមសំណ រហូតដល់ក្រចេះ

ក្រុមហ៊ុនទ្រីភាព អេនជីនារីង និងខនស្ត្រាក់សិន ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទ្រី ភាព គ្រុប របស់ឧកញ៉ាទ្រី ភាព បានដាក់ពាក្យស្នើសុំ…

ចេកអំបូងលឿង ១០០ តោន ត្រូវបាននាំចេញផ្លូវការទៅចិន ក្នុងដំណាក់កាលដំបូងនេះ

នៅទីបំផុត កម្ពុជា បាននាំចេញចេកទៅកាន់ទីផ្សារចិនជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះ បាននាំចេញ ក្នុងចំនួន១០០ តោន។ ក្នុងចំណោម ក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ