វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ យោងតាមតួរលេខក្រសួងទេសចរបានចេញផ្សាយ នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ថយចុះជាង ៩១% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានជាង ១ ម៉ឺននាក់ ថយចុះជាង ៩៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ ភ្ញៀវអន្តរជាតិ ដែលមកតាមផ្លូវអាកាសជាង ៤ម៉ឺននាក់ ថយចុះជាង ៩៣%, មកតាមផ្លូវគោកមាន ៥ម៉ឺននាក់ ថយចុះជាង ៨៧% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។ រីឯភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ មានចំនួនសរុបជិត២លាននាក់ ថយចុះជាង ៣៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបជាង ១៤ម៉ឺននាក់។
តែយ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា ពោលគឺបញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជនសរុប នៅចុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល យុទ្ធសាស្ត្រនេះបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ឡើងវិញ៕
អត្ថបទ៖ ស៊ើង និមល់