ក្រុមហ៊ុន ByteDance ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បញ្ជាឲ្យលក់កម្មវិធី TikTok នៅអាមេរិក ទៅឲ្យក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Oracle ហើយថ្មីនេះ ប្រភពព័ត៌មាន ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនយក្សរបស់អាមេរិក Walsmart ក៏កំពុងចូលរួមចរចាទិញកម្មវិធី TikTok នេះផងដែរ ខណៈដែលកម្មវិធីនេះ មានអ្នកប្រើប្រាស់នៅអាមេរិក ប្រហែល១០០លាននាក់ក្នុងមួយខែ។ ទោះយ៉ាងណា ក្រុមហ៊ុន ByteDance ក៏ពឹងថា នឹងរើសបានដៃគូដែលជាអ្នកទិញ TikTok នេះ ក្នុងពេលឆាប់ៗ។
លោកដូណាល់ត្រាំ កាលពី ថ្ងៃទី ៦ សីហា បានប្រកាសថា នឹងបិទដំណើរការ TikTok នៅអាមេរិក បើក្រុមហ៊ុនមេរបស់កម្មវិធីនេះ មិនព្រមលក់កម្មវិធីនេះ ឲ្យទៅក្រុមហ៊ុនរបស់អាមេរិកណាមួយ ដោយលោកបានទុកឱសាន្ដវាទឲ្យក្រុមហ៊ុន ByteDance ចំនួន ៤៥ ថ្ងៃ ខណៈដែលពេលវេលាកាន់តែកៀកខិតចូលមកដល់ហើយ។
ដោយសារតែមានសម្ពាធកាន់តែខ្លាំងឡើង ពីរដ្ឋាបាលអាមេរិក នៅប៉ុន្មានថ្ងៃមុននេះ នាយកប្រតិបត្តិ TikTok គឺលោក Kevin Mayer ដែលបានចូលមកកាន់ដឹកនាំ TikTok បានត្រឹមតែ៣ខែ ប៉ុណ្ណោះ ក៏បានដាក់ពាក្យលាឈប់ផងដែរ។
ក្រុមហ៊ុនលក់រាយ Walmart ដែលជាអ្នកចូលខ្លួនមកថ្មីមួយទៀត ក្នុងការចរចាទិញ TikTok បានលើកឡើងថា ការទិញយកTikTok នេះ នឹងអាចជួយឲ្យ Walmart ទទួលបានអតិថិជនកាន់តែច្រើន និងកើនឡើងទីផ្សារអនឡាញ និងការផ្សព្វផ្សាយនូវអាជីវកម្មរបស់ខ្លួន។ តម្លៃហ៊ុន របស់ Walmart បានហក់ឡើង ៦% ក្រោយពីការប្រកាសនេះ៕