លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិន គឺជារឿងសំខាន់បន្ទាប់បន្សំពី រឿងបញ្ហាមេរោគកូវីដ១៩ ហើយក្រុមការងាររដ្ឋាភិបាលអាមេរិក បាននិងកំពុងពិភាក្សាអំពីផែនការយុទ្ធសាស្ត្រប្រឆាំងនឹងប្រទេសចិន ដែលអាចឈានដល់ការបែកបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ទើបតែបានសម្រេចកាលពីដើមឆ្នាំ២០២០កន្លងទៅក៏ដោយ។
លោក ដូណាល់ ត្រាំ បន្តថា លោកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ បើសិនជាប្រទេសចិនមិនបានគោរពកិច្ចសន្យាបញ្ជាទិញទំនិញ តម្លៃជាង ២០០ពាន់លានដុល្លារអាមេរិកពីប្រទេសអាមេរិកនោះទេ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះនៅតែចោទប្រកាន់ប្រទេសចិន ដែលគ្រប់គ្រងការសាយភាយនូវមេរោគនេះមិនបានល្អ ហើយលោកបានបង្ហាញពីក្តីបារម្ភចំពោះការស្លាប់របស់ប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងវិបត្តិមេរោគកូវីដ១៩ ដែលបានព្យាករថា អាចនឹងមានពលរដ្ឋអាមេរិកប្រមាណ ១សែននាក់ស្លាប់ ដោយសារមេរោគដ៏កាចសាហាវនេះ៕