មីស៊ីលកូរ៉េខាងជើង

កូរ៉េខាងជើងសម្ញែងឫទ្ធិជាថ្មី ដោយបន្តបាញ់សាកល្បងមីស៊ីលពីរគ្រាប់ទៀតធ្លាក់ចូលដែនទឹកប្រទេសជប៉ុន


ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារទី១៩តុលា បានបាញ់មីស៊ីលចំនួន២គ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុន ជាប់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ក្នុងចំណោមមីស៊ីលទាំងពីរគ្រាប់ មានមួយគ្រាប់បានបាញ់ចេញពីឆ្នេរភាគខាងកើត ជាកន្លែងដែលកូរ៉េខាងជើងប្រើសម្រាប់ រក្សាទុកនាវាមុជទឹក ក៏ដូចជាឧបករណ៍សម្រាប់បាញ់សាកល្បងមីស៊ីលរបស់ខ្លួនហើយមួយគ្រាប់ទៀតត្រូវបានគេជឿថា បាញ់ចេញពីនាវាមុជទឹកផ្ទាល់តែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មីស៊ីលកូរ៉េខាងជើង បាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអង្គារទី ១៩ ខែតុលា ឆ្នាំ២០២១ រូបភាព៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA
ដោយ

មន្ត្រី​យោធា​ជប៉ុន និង​កូរ៉េ​ខាងត្បូង ដែល​សុទ្ធ​សឹង​ជា​ប្រទេស​នៅ​គៀក​នឹង​កូរ៉េ​ខាងជើង បាន​ចេញ​មក​អះអាង​ថា ការ​បាញ់​មី​ស៊ី​ល​នេះ ជា​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​របស់​កូរ៉េ​ខាងជើង​។ យ៉ាងណាមិញ គេ​មិន​ទាន់​អាច​កំណត់​ប្រភេទ​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត ដែល​បាន​បាញ់​នៅឡើយ​ទេ​។

មិនយូរ​ប៉ុន្មាន​ក្រោយ​ការ​បាញ់​ផ្លោង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ និង​បាន​សំដែង​ពី​ការ​ខកចិត្ត​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​លើក​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​កូរ៉េ​ទាំង​ពីរ វិល​មក​រក​តុ​ចរចារ និង បន្ត​កិច្ច​ពិភាក្សា​រវាង​គ្នា​ឡើង​វិញ​។

នៅមួយថ្ងៃបន្ទាប់ពីការបាញ់សាកល្បង សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយ ដោយទទួលស្គាល់ថា ព្យុងយ៉ាងពិតជាបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួនមែនកាលពីថ្ងៃអង្គារ។  

គួរ​បញ្ជាក់​ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះ គឺជា​ការ​សាកល្បង​អាវុធ ចុង​ក្រោយបង្អស់​មួយ ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​យោធា​របស់​ខ្លួន នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​អន្តរជាតិ ដែល​បាន​ដាក់​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ របប​ក្រុង​ព្យុ​ង​យ៉ាង​។

ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ នៃ​ខែតុលា​នេះ ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​មី​ស៊ី​ល ជា​បន្តបន្ទាប់ នូវ​អ្វី​ដែល​ខ្លួន​អះអាង​ថា ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាវុធ​មី​ស៊ី​ល​ប្រឆាំង​នឹង​យន្តហោះ​ដែល​ខ្លួន​ទើបនឹង​ផលិត​បាន​ផង​ដែរ​។

គួរ​រំឭក​ថា នៅ​ក្នុង​ខែកញ្ញា​កន្លង កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង មី​ស៊ី​ល​របស់​ខ្លួន​ដល់​ទៅ​៤​ដង​ឯណោះ រួម​មាន មី​ស៊ី​លបាញ់​ចេញពី​ក្នុង​នាវាមុជទឹក មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​(​សូ​ភើ​សូ​និក​) និង​ចុង​ក្រោយ គឺ មី​ស៊ី​ល​ប្រឆាំង​យន្តហោះ ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​បង្អួត​កាលពី​ចុងខែ​កញ្ញា​។

សម្រាប់​អ្នកជំនាញ​អះអាង​ថា តាម​រយៈ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​ញឹកញាប់​បែប​នេះ របប​ក្រុង​ព្យុ​ង​យ៉ាង​ចង់​បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ កូរ៉េ​ខាងជើង​បាន​បោះ​ជំហាន​ទៅ​មុខ ខាង​ផ្នែក​បច្ចេកវិទ្យា ផលិត​សព្វាវុធ​។

ម្យ៉ាងវិញទៀត វា​អាច​ជា​ការ​សាកល្បង ភាព​អត់ធ្មត់​របស់​រដ្ឋបាល​លោក​ចូ បៃ​ដិ​ន ប្រធានាធិបតី​អា​មេ​រិ​ក​ផង​។ កូរ៉េ​ខាងជើង​អាច​នឹង​ចង់​ដឹង​ថា តើ​ខ្លួន​អាច​បាញ់​សាកល្បង​មី​ស៊ី​ល រហូត​ដល់​ពេល​ណា ទើប​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​ចូ បៃ​ដិ​ន និង សហគមន៍​អន្តរជាតិ ឆាប់​បន្ទន់​ឥរិយា​បទ និង ជំហរ វិល​មក​ចរចា និង ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​កូរ៉េ​ខាងជើង​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទះអាជីវកម្មដ៏ថ្មីសន្លាង «ហ្សបហោស៍ ម៉ាជេស្ទីក» បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក ក្នុងតំបន់សក្តានុពលពាណិជ្ជកម្មដ៏សម្បូរបែប

ព័ត៌មាន
ការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ នៅជុំវិញរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ លំ…

អឺរ៉ុបប្រកាសថា ខ្លួនបាននាំចេញវ៉ាក់សាំងកូវីដ១៩ជាង១ពាន់លានដូសហើយ

ព័ត៌មាន
សហភាពអឺរ៉ុប ចាប់តាំងពីខែធ្នូឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន បាននាំចេញវ៉ាក់សាំងកូវីដ១៩អស់ជាង១ពាន់លានដូសហើយ ដែលវ៉ាក់សាំងទាំងនោះ សុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ