សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានបែបនេះនៅក្នុងអំឡុងពេលដែលសម្តេចថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព។ ហើយការសម្រេចបែបនេះគឺចង់សំដៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានតម្លៃសមរម្យ ឬក៏តម្លៃទាប រួមជាមួយអ្នកដែលមានប្រាក់ធម្យមមានលទ្ធភាពអាចទិញផ្ទះស្នាក់នៅបានថោក និងមិនចាំបាច់បង់ពន្ធ។
សម្តេច បានបន្ថែមទៀតថា ការធ្វើបែបនេះ ក៏ជាផ្នែកមួយនៃវិធានការរយៈពេលខ្លី និង បន្ទាន់សម្រាប់សំដៅជួយដល់វិស័យសំខាន់ៗ នៃ សេដ្ឋកិច្ចជាតិ។ ហើយនេះក៏ជាកញ្ចប់នៃវិធានការជុំទី១ និងក្នុងករណីចាំបាច់រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀតទៅតាមការវិវត្តនៃសភាពការជាក់ស្តែងបន្តបន្ទាប់ទៀត។
ទន្ទឹមជាមួយគ្នានេះដែរសម្តេចតេជោ ក៏បានអះអាងថា ក្នុងនាមរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ឲ្យចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចុះថ្លៃ តាមលទ្ធភាពផងដែរ។
ពាក់ព័ន្ធទៅនឹងការលើកលែងពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺនដុល្លារក្នុងរយៈពេល១ឆ្នាំនេះដែរ ត្រូវបានអ្នកជំនាញ និង អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាលើកឡើងថា គឺជារឿងល្អសម្រាប់អ្នកជំនួញ។ លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលប្រ៊ីដគ្រុប និង អ្នកជាអភិវឌ្ឍន៍លំនៅដ្ឋាន និង អគារខ្ពស់ៗជាច្រើននៅកម្ពុជា បានលើកឡើងថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន ដែលលោកតែងតែដឹងសុខទុក្ខពីអ្នករកស៊ីក្នុងគ្រាដែលមានបញ្ហាប៉ះផលផ្សេងៗ។នេះជាកាយវិការមួយដ៏ល្អដើម្បីលើកទឹកចិត្តនៅក្នុងវិស័យឯកជនឲ្យការខិតខំប្រឹងប្រែងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
ជុំវិញទៅនឹងបញ្ហានេះដែរលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និង ភា្នក់ងារអចលនវត្ថុកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានសាទរចំពោះការលើកលែងពន្ទផ្ទះនេះ បើទោះបីជាការលើកលែងពន្ធនេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាក៏នឹងចូលរួមចំណែកក្នុងការអនុគ្រោះបន្ធូរបន្ថយ ដ៏ល្អសម្រាប់អ្នកជំនួញអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក្នុងគ្រាដែលកម្ពុជាកំពុងតែរងផលប៉ះពាល់ពីវីរុសកូរ៉ូណា និង EBA ៕