ឯកឧត្ដម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អនុក្រឹត្យលេខ៥៧ នេះ ជាអនុក្រឹត្យគោល ហើយរាល់វិធានការរដ្ឋបាលទាំងអស់ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ៥៧ នេះ ពុំទាន់អនុវត្តនៅពេលនេះ នោះទេ ។ ការអនុវត្តវិធានការរដ្ឋបាលទាំងនេះ នឹងត្រូវចេញសេចក្ដីសម្រេចពីអាជ្ញាធររាជធានីខេត្ត ។
ឯកឧត្ដម គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ការអនុវត្ត [វិធានការនៅក្នុងអនុក្រឹត្យលេខ៥៧នេះ] គឺនៅពេលណាដែលមានសេចក្ដីសម្រេចពីគណៈអភិបាលរាជធានីខេត្ត ថាតើពួកគាត់ជ្រើសរើសយកវិធានការរដ្ឋបាលណាមួយ នៅក្នុងអនុក្រឹត្យនេះ យកមកប្រើសម្រាប់ភូមិសាស្ត្ររបស់គាត់» ។
នៅក្នុងនោះមាត្រា៨ នៃអនុក្រឹត្យនេះបានចែងពីបម្រាមគោចរខ្លះ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺនោះទេ បើគ្មានការអនុញ្ញាតពីអាជ្ញាធរ។ ប៉ុន្តែអាចអនុញ្ញាតបាន នៅក្នុងករណីមួយចំនួន ដូចជា មានបញ្ហាសុខភាព ដែលត្រូវទៅមន្ទីរពេទ្យជាប្រញាប់, មានភាពចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ដឹកជញ្ជូនទំនិញ, ទៅបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ, ទៅកន្លែងការងារ ឬកន្លែងអាជីវកម្ម។
ដោយឡែក មាត្រា៤ នៃអនុក្រឹត្យនេះ ក៏បានចែងដែរថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋាន មានដូចជា ទៅទិញរបស់បរិភោគ, ទៅមន្ទីរពេទ្យ, ទៅឱសថស្ថាន, ទៅបំពេញការងារ, ទៅប្រកបអាជីវកម្ម, ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ករណីចាំបាច់ផ្សេងទៀត ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋានដែរនោះ គឺ ទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល ក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ ដែលខ្លួនរស់នៅ, ទៅជួបនគរបាល ឬតុលាការ តាមការកោះហៅ, ចេញទៅដោយសារសមាជិកគ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ ឬករណីសមាជិកគ្រួសារទទួលមរណភាព។