តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃសុក្រទី១៤មករានេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាថ្មីទៀតហើយ ប៉ុន្ដែ គេនៅមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណមីស៊ីលនោះ ជាប្រភេទអ្វីឲ្យពិតប្រាកដនៅឡើយទេ។ ក៏ប៉ុន្ដែ បើតាមឆ្មាំសមុទ្ររបស់ជប៉ុននិយាយថា កូរ៉េខាងជើងអាចបាញ់អាវុធមីស៊ីល ប៉ាលីស្ទិក ដែលជាមីស៊ីលបាញ់ក្នុងរយៈចម្ងាយឆ្ងាយ។
បើគិតតាំងពីបើកឆាកឆ្នាំ២០២២មក នេះជាលើកទី៣ហើយ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល បើទោះបីជា មានប្រតិបត្តិកម្ម ការព្រមាន និងឈានដល់មានការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ ក៏កូរ៉េខាងជើងហាក់មិនខ្វាយខ្វល់ដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានការពារការសាកល្បងអាវុធមីស៊ីលរបស់ខ្លួន ស្របទៅតាមច្បាប់ការពារខ្លួន ហើយកូរ៉េខាងជើង ក៏បានចោទអាមេរិកថា មានចេតនាធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងដោយការដាក់ទណ្ឌកម្មថ្មីចុងក្រោយនេះ។
សូមរំឭកបន្ដិចថា នៅថ្ងៃទី ១២មករាកន្លងទៅនេះ អាមេរិកបានដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង ដោយទណ្ឌកម្មនោះ គឺបានកំណត់គោលដៅលើជនជាតិកូរ៉េខាងជើងចំនួន៦នាក់ ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ីមួយផងដែរ ដោយទីក្រុងវ៉ាស៊ិនតោន និយាយថា ពួកគេទាំងនេះ គឺជាអ្នកទទួលខុសត្រូវក្នុងការទិញទំនិញពីប្រទេសរុស្ស៊ី និងចិនសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផលិតអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការអភិវឌ្ឍន៍នាពេលថ្មីៗនេះរបស់កូរ៉េខាងជើងទាក់ទងនឹង "អាវុធប្រភេទថ្មី" គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើទំនើបកម្មសមត្ថភាពការពារជាតិតែប៉ុណ្ណោះ ហើយមិនបានកំណត់គោលដៅទៅលើប្រទេសជាក់លាក់ណាមួយ ឬប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជិតខាងនោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនមានចេតនាធ្វើជាសត្រូវជាមួយកូរ៉េខាងជើងនោះទេ ហើយមានឆន្ទៈក្នុងកិច្ចចរចាដោយគ្មានលក្ខខណ្ឌជាមុន ប៉ុន្តែថាការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ គឺកំពុង "ធ្វើឱ្យមានអស្ថិរភាពយ៉ាងខ្លាំង”៕