កូរ៉េខាងជើង-សង្គ្រាមនៅអ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី៖ កូរ៉េខាងជើងគ្រោងផ្តល់ទ័ព១០ម៉ឺននាក់ ជួយម៉ូស្គូធ្វើសង្គ្រាមយកឈ្នះអ៊ុយក្រែន


សារព័ត៌មាន Insider របស់អង់គ្លេស បានចុះផ្សាយដោយយោងប្រភព ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រៀមនឹងផ្តល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅឱ្យទីក្រុងម៉ូស្គូ ដើម្បីជួយរុស្ស៊ីវាយយកឈ្នះសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលកន្លងមកក៏មានព័ត៌មានធ្លាប់បានចុះផ្សាយជាច្រើនដែរថា រុស្ស៊ីបានជួលក្រុមទាហានស៊ីឈ្នួល និងទាហានស្ម័គ្រចិត្តជាច្រើន សម្រាប់ការយកមកធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែន។
លោក គីម ជុងអ៊ុន និងកងទ័ពកូរ៉េខាងជើង

លោក Igor Korotchenko បណ្ឌិតសភាយោធារុស្ស៊ីនិយាយនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី Channel One Russia ថា មានរបាយការណ៍ដែលធ្លាក់មកថា ឥលូវនេះ​មានអ្នកស្ម័គ្រចិត្តកូរ៉េខាងជើងចំនួន​១០ម៉ឺននាក់ បានត្រៀមខ្លួន​រួចជាស្រេច ដើម្បីមកចូលរួមជួយរុស្ស៊ី​ក្នុងការ​ប្រយុទ្ធ​នៅក្នុង​​សង្គ្រាមដើម្បីយកឈ្នះលើប្រទេសអ៊ុយក្រែន។

លោក Korotchenko ថែមទាំងបានកោតសរសើរនូវបទពិសោធន៍ដ៏សម្បូរបែបរបស់​យោធាកូរ៉េខាងជើង ជាមួយនឹងការធ្វើសង្គ្រាម ដូចធ្លាប់បានកើតឡើង​អំឡុងឆ្នាំ១៩៥០ ដល់ ១៩៥៣ នៅក្នុងសង្គ្រាមកូរ៉េ។​ លោកបានអះអាងទៀតថា រុស្ស៊ីគួរស្វាគមន៍​ទាហានកូរ៉េខាងជើង និងក្រុមអ្នកជំនាញទាំងនេះ។

គួរជម្រាបថា បើព័ត៌មានខាងលើនេះជាការពិតមែន វត្តមានកងទ័ពកូរ៉េខាងជើង​ទៅជួយធ្វើសង្គ្រាមនៅអ៊ុយក្រែន នឹងក្លាយជាការជំរុញដ៏សំខាន់​សម្រាប់កងទ័ពរុស្ស៊ី ដើម្បីបង្កើនការវាយប្រហារ ស្របពេលដែលភាគីអ៊ុយក្រែន​កំពុងបង្កើនការទប់ទល់​តាមរយៈការប្រើប្រាស់មីស៊ីលដ៏ទំនើប​ប្រភេទ HIMARS ផ្តល់ឱ្យដោយអាមេរិក។

គួរកត់សម្គាល់ដែរថា បើយោងតាមរបាយការណ៍​ក្រុមប្រឹក្សាទំនាក់ទំនង​បរទេស ដែលមានមូលដ្ឋាននៅទីក្រុង​ញូវយ៉ក យោធារបស់ប្រទេស​កូរ៉េខាងជើង គឺជាមហាអំណាចយោធាលំដាប់​ទីបួន​របស់ពិភពលោក ដែលមានទ័ពសកម្មជិត ១,៣លាននាក់ និង៦០ម៉ឺននាក់ផ្សេងទៀត​បម្រើការ​ជាទាហានបម្រុង។ ទោះយ៉ាងណា អ្នកជំនាញ​ផ្នែកការពារជាតិ​អាមេរិកធ្លាប់បាននិយាយថា ទ័ពរបស់កូរ៉េខាងជើង​បំពាក់មកជាមួយឧបករណ៍យោធា និងបច្ចេកវិទ្យាចាស់ៗ ដែលសល់​ពីសម័យមុនៗតែប៉ុណ្ណោះ។

ដោយឡែក បើយោងតាម​កាសែត​កូរ៉េ​​ខាង​ត្បូង Daily NK បានចុះផ្សាយថា កូរ៉េ​ខាង​ជើង​ក៏​បានបញ្ជូន​កម្មករ​ខ្លួន ដើម្បី​ទៅជួយ​រុស្ស៊ី​ក្នុង​ការ​កសាង​ប្រទេសឡើងវិញ សម្រាប់ការខូចខាតដែលបង្កពីការធ្វើ​សង្គ្រាម​ជាមួយអ៊ុយក្រែនផងដែរ។

ដោយដកស្រង់ប្រភពពីប្រទេសរុស្ស៊ី Daily NK បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំផែន​ការ​បញ្ជូនកម្មករជាង១ពាន់នាក់​ទៅកាន់តំបន់ Donbas ភាគខាងកើត​អ៊ុយក្រែន ប្រសិនបើរុស្ស៊ី​ឈ្នះសង្គ្រាម។

យ៉ាងណាក៏ដោយ នេះគ្រាន់តែ​ជា​ការអះអាងរបស់បណ្ឌិត​យោធារុស្ស៊ី​មួយរូបដោយ ផ្អែកទៅលើរបាយការណ៍​ដែលមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ ក្រសួងការពារជាតិរុស្ស៊ីមិនទាន់បានបញ្ចេញសេចក្តីប្រកាសផ្លូវការណាមួយទេ គិតមកទល់នឹងពេលនេះ ហើយភាគីកូរ៉េខាងជើងវិញ​ក៏មិនទាន់មានចេញ​ការបំភ្លឺណាមួយជុំវិញនឹងរឿងនេះដែរ។

សូមបញ្ជាក់ថា កន្លងមក ក៏មានសេចក្ដីរាយការណ៍ថា រុស្ស៊ី​បាន​ជួលទាហានស៊ីឈ្នួល​ជាច្រើន ដើម្បីបញ្ជូនទៅសមរភូមិ​ប្រយុទ្ធទប់ទល់នឹងអ៊ុយក្រែន ដោយ​ក្នុងនោះ នាំមកពីប្រទេសស៊ីរី និងលីប៊ីជាដើម៕




អត្ថបទបន្ទាប់


អាជ្ញាធរក្រុងបាងកកបង្កើតផែនការប្រព័ន្ធបង្ហូទឹកថ្មី ដើម្បីជួយរំដោះទឹកជំនន់លិចលង់ទីក្រុង

រដ្ឋបាលសាលារាជធានីបាងកក (BMA) ប្រទេសថៃកំពុងរៀបចំការអភិវឌ្ឍឡើងវិញដ៏សំខាន់នូវប្រព័ន្ធលូរំដោះទឹកជំនន់បណ្ដាលមកពីការភ្លៀងធ្លាក់ខ្លាំងនៅក្នុ…

ការនាំចេញរបស់ចិនកើនឡើងលើសការរំពឹងទុក ប៉ុន្ដែការនាំចូលបន្តទន់ខ្សោយ បង្ហាញពីតម្រូវក្នុងស្រុកធ្លាក់ចុះ

ទិន្នន័យផ្លូវការចុងក្រោយពីរដ្ឋាភិបាលចិនបានបង្ហាញថា កំណើននៃការនាំចេញរបស់ប្រទេសចិ ដែលជាយក្សសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនោះ បន្តកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ