ការរត់គេចខ្លួនរបស់មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង គឺលោក រី អ៊ីល គ្យូ (Ri Il Gyu) ពីប្រទេសគុយបា បានធ្វើឱ្យសារព័ត៌មានអន្តរជាតិ ចុះផ្សាយផ្អើលពិភពលោកកាលពីខែកក្កដា កន្លងទៅ។
សូមបញ្ជាក់ថា លោក រី អ៊ីល គ្យូ (Ri Il Gyu) គឺជាមន្ត្រីការទូតកូរ៉េខាងជើង ឋានៈខ្ពស់បំផុត ដែលបានរត់មកចុះចូលខាងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៦ មក។
នៅក្នុងបទសម្ភាសលើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក រី អ៊ីល គ្យូ (Ri Il Gyu) បានទម្លាយឱ្យដឹងថា កូរ៉េខាងជើង បានកំណត់យកប្រទេសរុស្ស៊ី សហរដ្ឋអាម៉េរិក និងជប៉ុន ជាអាទិភាពកំពូលសម្រាប់គោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំនេះតទៅ។
លោកនិយាយថា ស្របពេលពង្រឹងទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ក្រុងព្យុងយ៉ាង ក៏មានបំណងចង់បើកការចរចានុយក្លេអ៊ែឡើងវិញផងដែរ ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកា ខាងមុខនេះ។
លោកបានបន្ថែមទៀតថា ក្រុមមន្ត្រីការទូតរបស់ក្រុងព្យុងយ៉ាង កំពុងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការចរចានុយក្លេអ៊ែ ដើម្បីដកទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន ដកឋានៈរបស់ខ្លួនជាប្រទេសគាំទ្រអំពើភេរវកម្ម ហើយធ្វើឱ្យខ្លួនទទួលបានជំនួយផ្នែកសេដ្ឋកិច្ច។
គួររំឭកថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសវៀតណាម អំឡុងឆ្នាំ២០១៩ បានបរាជ័យដោយសារទណ្ឌកម្ម។ លោក រី អ៊ីល គ្យូ (Ri Il Gyu) បានបន្ទោសមួយផ្នែកនៃការបរាជ័យក្នុងការចរចានោះថា ដោយសារលោក គីម ជុងអ៊ុន ជឿទុកចិត្តក្រុមមេបញ្ជាការយោធាដែលគ្មានបទពិសោធន៍ និងគ្មានការយល់ដឹងឱ្យធ្វើការងារផ្នែកការទូតនុយក្លេអ៊ែ ដែលបណ្ដាលឱ្យការចរចាទទួលបរាជ័យ៕
ដោយ: តែម សុខុម