កូរ៉េខាងជើង បានផ្ដាំទៅកូរ៉េខាងត្បូង និងអាមេរិកថា ប្រទេសទាំងពីរនេះ នឹងត្រូវសងនូវតម្លៃណាមួយមកវិញ សម្រាប់ការរួមគ្នាធ្វើសមយុទ្ធយោធានេះ។ នេះបើតាមការប្រកាសឡើងរបស់លោកស្រី គីម យ៉ូ ជុង ដែលជាមន្ត្រីដ៏មានឥទ្ធិពលមួយរូបរបស់កូរ៉េខាងជើង និងត្រូវជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បុរសរដ្ឋខ្លាំងរបស់កូរ៉េខាងជើងផងដែរ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការហ្វឹកហ្វឺនបឋមនៃសមយុទ្ធយោធារវាងប្រទេសទាំងពីរនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយនឹងមានសមយុទ្ធទ្រង់ទ្រាយកាន់តែធំនៅសប្ដាហ៍ក្រោយ។
សមយុទ្ធយោធានេះ បានបង្កើនសម្ពាធតានតឹងកាន់តែខ្លាំងឡើងទៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីថ្មីៗនេះ បងប្អូនកូរ៉េទាំងពីរ ទើបតែបានយល់ព្រមតភ្ជាប់បណ្ដាខ្សែទូរស័ព្ទទំនាក់ទំនងរវាងគ្នាឡើងវិញកាលពីខែកក្កដា ក្រោយពីបានកាត់ផ្ដាច់ទំនាក់ទំនងកាលពីឆ្នាំមុន។នេះបើតាមសារព័ត៌មានរ៉យទ័រ។
ប្រតិកម្មរបស់កូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ ចំពោះការធ្វើសមយុទ្ធយោធានេះ ក៏បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ចេអ៊ីន ដើម្បីបើកការិយាល័យទំនាក់ទំនងរួមគ្នាឡើងវិញ ដែលទីក្រុងព្យុងយ៉ាង បានកម្ទេចចោលកាលពីឆ្នាំមុន និងបានគំរាមកំហែងដល់ការឈានទៅរកកិច្ចប្រជុំកំពូល ដែលជាផ្នែកមួយក្នុងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញផងដែរ។
លោកស្រី គីម យ៉ូ ជុង ប្អូនស្រីកំពូលមេដឹកនាំកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា សមយុទ្ធរបស់កូរ៉េខាងត្បូង និងអាមេរិក គឺជាសកម្មភាពបំផ្លាញខ្លួនឯង សម្រាប់តម្លៃមួយដែលពួកគេត្រូវសងមកវិញ ដ្បិតថា អាមេរិក និងកូរ៉េខាងត្បូង បានគំរាមកំហែងទៅដល់សុវត្ថិភាពរបស់ប្រជាជនកូរ៉េខាងជើង និងធ្វើឲ្យស្ថានភាពឧបទ្វីកូរ៉េកាន់តែយ៉ាប់យ៉ឺន។
ស្ត្រីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងរូបនេះ បានចោទកូរ៉េខាងត្បូងថា មានអាកប្បកិរិយាមិនសមរម្យ ចំពោះបើកការធ្វើសមយុទ្ធឡើង នៅក្រោយពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបើកតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងឡើងវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ម៉ាទីន មៀនន័រស៍ (Martin Meiners) បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយលើសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើង ហើយបាននិយាយថា វាគឺជាការប្រឆាំងនឹងគោលនយោបាយក្នុងការធ្វើអត្ថាធិប្បាយលើការហ្វឹកហ្វឺនផ្នែកយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយលើសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើងដូចគ្នាដែរ និងបាននិយាយថា កូរ៉េខាងត្បូង និងអាមេរិក នៅតែបន្តពិភាក្សាអំពីពេលវេលា មធ្យោបាយ និងទំហំនៃការធ្វើសមយុទ្ធនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នអាមេរិក បានដាក់កងទ័ពនៅកូរ៉េខាងត្បូងជិត៣ម៉ឺននាក់ ហើយកូរ៉េខាងត្បូងក៏មានការបង់លុយចំណាយខ្ទង់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ទៅឲ្យអាមេរិកផងដែរ ដើម្បីឲ្យកងទ័ពអាមេរិកឈរជើងធ្វើជាខែលការពារប្រទេសរបស់ខ្លួន ពីការគំរាមកំហែងពីបច្ចាមិត្ត ពិសេសពីសំណាក់កូរ៉េខាងជើងតែម្ដង៕