
គម្រោងបុរីវិមានភ្នំពេញ កំពុងមានការអភិវឌ្ឍន៍លេចធ្លោរជាងគេមួយនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ។ គម្រោងបុរីលំនៅដ្ឋានមួយនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា។ បើតាមអ្នកឧកញ៉ា លី ហួរ បានអះអាងថា មូលហេតុដែលក្រុមហ៊ុនអ្នកឧកញ៉ា ពង្រីកការអភិវឌ្ឍគម្រោងអគារពាណិជ្ជកម្ម និងបុរីវិមានភ្នំពេញនៅភាគខាងជើងរាជធានីភ្នំពេញ គឺដោយសារតំបន់នេះមានខ្យល់អាកាស និងទឹកគ្រប់គ្រាន់ ដែលអំណោយផលដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតនៅតំបន់នោះ វាបណ្តុំដោយអាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ និងស្ថាប័នរដ្ឋមួយចំនួនទៀត ជាសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ។

ជុំវិញនឹងការវិនិយោគនេះដែរ អ្នកជំនួញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យ១រូប គឺឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញមានការទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ គឺដោយសារតំបន់នោះមានដីធំៗទំនេរច្រើន ដែលអំណោយផលដល់ការអភិវឌ្ឍអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងអគារលំនៅឋានធំៗ។ ការផ្លាស់ប្តូរទីតាំងក្រសួង ស្ថាប័នរដ្ឋមួយចំនួនទៅប៉ែកខាងជើងនៅមួយរយៈចុងក្រោយ ក៏ជាកត្តាធ្វើឲ្យតំបន់នោះមានការទាក់ទាញខ្លាំងផងដែរ។ ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ត្រូវបានលេចត្រដែតឡើងនៅប៉ែកខាងជើងរាជធានីភ្នំពេញ។

ស្រដៀងគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមើលឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍អគាពាណិជ្ជកម្ម និងលំនៅឋានធំៗមួយចំនួន បាននាំគ្នាបោះទុនវិនិយោគលើការអភិវឌ្ឍន៍អគារ និងសំណង់ផ្សេងៗនៅប៉ែងខាងជើងរាជធានីភ្នំពេញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈការអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗទាំងនេះ រួមជាមួយវត្តមានក្រសួង ស្ថាប័នរដ្ឋមួយចំនួន អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឲ្យតម្លៃអចលនទ្រព្យ និងការអភិវឌ្ឍន៍នៅតំបន់នោះមានការរីកចម្រើនខ្លាំងនាពេលអនាគត។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវាយតម្លៃថា វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ២០២១ មានការរីកចម្រើនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ ទោះបីឆ្នាំ២០២១ កម្ពុជាបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដោយ។ តាមការរំពឹងពីអ្នកជំនាញ វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២២ នឹងមានកំណើនចន្លោះពី១០%ទៅ១៥%៕