កិច្ចព្រមព្រៀងសារពើពន្ធនិងកិច្ចព្រមព្រៀងបច្ចេកទេស ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងក្រុមហ៊ុន KrisEnergy ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុននេះ ធ្វើការអភិវឌ្ឍនិងទាញយកប្រេងពី Block A ដែលជាប្លុកប្រេងកាតជាតិរបស់កម្ពុជា។
យ៉ាងណាក៏ដោយចុះ អ្វីៗទើបតែចាប់ផ្តើមនៅឡើយទេ សម្រាប់ដំណើរការទាញយកប្រេងកាតពីប្លុក អេ កម្ពុជា។ ទាំងក្រុមហ៊ុននិងរដ្ឋាភិបាលកម្ពុជាសុទ្ធតែបានសច្ចាតាំងចិត្តយ៉ាងមុតមាំជាក់លាក់ហើយម្តងនេះ ថានឹងយកតំណក់ប្រេងជាលើកដំបូងបង្អស់ជូនដល់ប្រទេសកម្ពុជា ក្នុងរយៈពេល ២៤ខែខាងមុខទៀត ពោលក្នុងអំឡុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
បើសិនជាអ្វីៗដើរទៅតាមផែនការជាក់លាក់ទាំងអស់ខាងលើនេះមែន នោះប្រទេសកម្ពុជានឹងត្រូវបានផ្លាស់ប្តូរមុខមាត់កាន់តែស្រស់បំព្រងជាមួយនឹងកំណប់ទ្រព្យដ៏មហាសាល ដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។
ទាំងខាងរដ្ឋាភិបាលកម្ពុជា និងទាំងអ្នកជំនាញសេដ្ឋកិច្ចសុទ្ធតែយល់ឃើញប្រហាក់ប្រហែលគ្នា ជាមួយនឹងក្តីរំពឹងខ្ពស់ពីការទាញយកផលប្រយោជន៍ពីអណ្តូងប្រេងកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ថានឹងជំរុញឲ្យកម្ពុជាមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចកាន់តែរីកលូតលាស់ខ្លាំង ដែលត្រូវបានគេចាត់ទុកជា «ខ្លាសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ី»។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា យើងសង្ឃឹមថា ក្រុមហ៊ុននឹងដំណើរការរលូនជោគជ័យក្នុងដំណាក់កាលទី១ នៃប្លុក អេ និងបើកផ្លូវពន្លឿនសន្ទុះសម្រាប់ផែនការស្វែងរុករក វាយតម្លៃ និងអភិវឌ្ឍធនធានមនុស្សវិស័យប្រេងកាតនៅដំណាក់កាលទី២ និងទី៣ នៅប្លុក អេ ទាំងមូល និងរៀបចំចរចាកិច្ចព្រមព្រៀងប្លុកផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការវិនិយោគក្នុងទឹកប្រាក់ដ៏ធំនៅក្នុងវិស័យប្រេងកាតនេះ ជាសញ្ញាបង្ហាញឲ្យឃើញថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មី ក៏ដោយសារមានការចូលរួមចំណែកពីការជឿទុកចិត្តរបស់វិនិយោគិនមកលើស្ថិរភាពនយោបាយ សន្តិសុខ និងបរិស្ថានវិនិយោគអំណោយផលរបស់ប្រទេសកម្ពុជាផងដែរ។
ទស្សនាវីដេអូ អំពីធនធានប្រេងកាត នៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា
តើកម្ពុជាអាចនឹងបញ្ជៀសនូវបណ្តាសាធនធានប្រេង និងជំងឺហូឡង់ ដែរឬទេ?
ឆ្លើយតបទៅនឹងសំណួរនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្ពុជាមានទិសដៅច្បាស់លាស់ហើយ គឺមិនបណ្តែតបណ្តោយខ្លួនឲ្យក្លាយជាប្រទេសដែលពឹងផ្អែកលើចំណូលប្រេងនិងឧស្ម័ន ជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែ នឹងប្រើប្រាស់ចំណូលនេះ រួមចំណែកក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាពកំណើនក្នុងរយៈពេលមធ្យមនិងវែង។
ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «យើងបានត្រៀមខ្លួនរួចរាល់ហើយ ទាំងក្នុងក្របខណ្ឌធនធានមនុស្ស ស្ថាប័ន និងគោលនយោបាយ ដើម្បីបញ្ចៀសនូវបណ្តាសាធនធានធម្មជាតិ និងជំងឺហូឡង់ ដោយបានសិក្សាពីបទពិសោធន៍ជូរចត់កន្លងមករបស់ប្រទេសផលិតប្រេងមួយចំនួននៅលើពិភពលោក និងបានគិតគូររួចជាស្រេច ដើម្បីប្រែក្លាយចំណូលប្រេងឲ្យទៅជាកាតាលីករពិតប្រាកដមួយ ក្នុងការអភិវឌ្ឍពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ច ដែលមានវិស័យឧស្សាហកម្មដើរតួនាទីកាន់តែសំខាន់ឡើង ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កម្ពុជាទទួលបានចំណែកភាគហ៊ុនប៉ុន្មានភាគរយពីការទាញយកផលអណ្តូងប្រេងនេះ?
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា ក្រសួងរ៉ែនិងថាមពលកំពុងរៀបចំជំរុញរៀបចំបញ្ចប់ច្បាប់ស្តីពីការគ្រប់គ្រង់ប្រេងកាត និងបទដ្ឋានគតិយុត្តិផ្សេងៗទៀតដើម្បីធានាដល់បរិស្ថានវិនិយោគ និងភាពច្បាស់លាស់ក្នុងការដាក់ទុកវិនិយោគផងដែរ។
ឯកឧត្តម ស៊ុយ សែម បានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងក្នុងការអភិវឌ្ឍអណ្តូងប្រេងក្នុងប្លុក A និងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហានទី១A និងទី1B ដែលមានរយៈពេលផលិតកម្មចំនួន៩ឆ្នាំ និងមានសក្តានុពលផលិតប្រេងឆៅប្រមាណ ៣០លានបារ៉ែល។
លោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy គ្រុប និងជាប្រធានក្រុមហ៊ុន KrisEnergy នៅកម្ពុជា បានអះអាងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈកិច្ចព្រមព្រៀងនេះ ដោយប្រែក្លាយកំណប់ក្រោមសមុទ្រទៅជាប្រាក់សម្រាប់រដ្ឋាភិបាលយកទៅអភិវឌ្ឍតាមតម្រូវការរបស់ខ្លួន។
លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបានភាគហ៊ុន ៥% ដែលនឹងត្រូវគ្រប់គ្រងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែកឯក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។ ក្រៅពីចំណូលពីការកាន់កាប់របស់រដ្ឋាភិបាលលើភាគហ៊ុន ៥% កម្ពុជាអាចទទួលបានចំណូលពន្ធ និងសួយសារអាករផ្សេងៗ ដូចជា ពន្ធលើប្រាក់ចំណូលប្រមាណ ២៥% ពន្ធលើប្រាក់ចំណូលលើសកម្រិត ពន្ធលើការនាំចេញ ២% ពន្ធកាត់ទុកលើការទូទាត់ភាគលាភជាដើម។
លោកបានបញ្ជាក់អះអាងទៀតថា តាមរយៈកិច្ចព្រមព្រៀងនេះ បើទោះជាតម្លៃប្រេងកាតប្រែប្រួលយ៉ាងណា ក្នុងរយៈពេលពីរឆ្នាំនេះ ក៏ក្រុមហ៊ុនរបស់លោកនឹងធ្វើការទាញយកប្រេងកាតតាមអ្វីបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតក្នុង Block A រួមមាន កិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ គឺកិច្ចព្រមព្រៀងវិសោធនកម្ម និងការចែងឡើងវិញនៃកិច្ចព្រមព្រៀងប្រេងកាតចុះថ្ងៃទី១៨ មីនា ឆ្នាំ២០០២ កិច្ចព្រមព្រៀងប្រេងកាតប្លុក A ក្រោយធ្វើវិសោធនកម្មរួច និងការចែងឡើងវិញនូវកិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ វិសោធនកម្មកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា កិច្ចប្រតិបត្តិការប្រគល់សិទ្ធិ និងទទួលកាតព្វកិច្ច និងលិខិតអនុញ្ញាតផលិតកម្មលើកទី១។
ហើយបច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy នេះ បានគ្រប់គ្រងភាគហ៊ុនទាំងមូលលើ Block បន្ទាប់ពីបានទិញភាគហ៊ុនទាំងស្រុងពីក្រុមហ៊ុន Chevron កាលពីឆ្នាំ២០១៣ និងបានទិញភាគហ៊ុន Mitsui Oil Exploration Co. Ltd និង GS Energy Corporation កាលពីឆ្នាំមុន។
តំបន់កិច្ចសន្យាប្លុក A នេះ មានទំហំប្រមាណជាង ៣ពាន់គីឡូម៉ែត្រក្រឡាដែលស្ថិតក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកពីប្រមាណ ៥០ ទៅ ៨០ ម៉ែត្រ៕