របាយការណ៍បានកត់សម្គាល់ថា ក្នុងឆ្នាំ២០១៧ មានភាពអវិជ្ជមានទាក់ទងនឹងកត្តាសំខាន់ៗដែលប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការវិនិយោគក្នុងវិស័យប្រេង បានកើនឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោក។
ប្រទេសទាំង១០ ដែលមានភាពទាក់ទាញតិចតួចផ្នែកច្បាប់សម្រាប់ការវិនិយោគក្នុងវិស័យប្រេងរួមមាន យ៉េមែន បារាំង កម្ពុជា កាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អេក្វាឌ័រ អ៊ីរ៉ាក់ លីប៊ី បូឡាវី និង វេនេហ្ស៊ូអេឡា។
ពិន្ទុក្នុងការវិនិយោគក្នុងវិស័យប្រេងរបស់កម្ពុជាបានធ្លាក់ចុះប្រមាណពីលេខរៀង ៧២ ក្នុងឆ្នាំ២០១៦ មកដល់លេខរៀងទី៩០ ក្នុងចំណោម ៩៧ ដែលមានការទាក់ទាញតិចបំផុតសម្រាប់ការវិនិយោគក្នុងវិស័យប្រេង។ នេះបើយោងតាមការចេញផ្សាយរបាយការណ៍ស្រាវជ្រាវវិស័យប្រេងសកល ឆ្នាំ២០១៧ ដែលបានចេញផ្សាយកាលពីដើមខែនេះ ដោយវិទ្យាស្ថាន Fraser របស់ប្រទេសកាណាដា។
ការធ្លាក់ចុះនេះត្រូវបានរបាយការណ៍ឆ្លុះបញ្ចាំងថា ដោយសារតែមានការកើនឡើងនៃការព្រួយបារម្ភពីតំបន់ដែលត្រួតស៊ីគ្នា តម្លៃខ្ពស់នៃការរៀបចំឯកសារផ្លូវច្បាប់ និងរបាំងពាណិជ្ជកម្មផ្សេងៗ។
របាយការណ៍បានបញ្ជាក់ថា កម្ពុជាត្រូវបានញាំញីរដោយលក្ខខណ្ឌសារពើពន្ធមិនច្បាស់លាស់ដែលអាចនឹងមានផលប៉ះពាល់ដល់ការវិនិយោគបន្តបន្ទាប់ទៀត ជាពិសេស កាតព្វកិច្ចពន្ធនាំចេញជាដែលអាចនឹងប៉ះពាល់ដល់ឱកាសវិនិយោគផ្សេងៗ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល បាននិយាយថា យ៉ាងណាក៏ដោយ ក៏កម្ពុជាកំពុងតែអភិវឌ្ឍវិស័យប្រេងដោយសារបច្ចុប្បន្ន កម្ពុជាបានទាក់ទាញវិនិយោគិនជាច្រើន ក្រុមហ៊ុននាំចូលប្រេង ក្រុមហ៊ុនបំពង់បង្ហូរប្រេងឧស្ម័ន រោងចក្រចម្រាញ់ប្រេង ជាដើម។
កាលពីចុងខែតុលាកន្លងទៅ ក្រុមហ៊ុន Kris Energy ដែលជាក្រុមហ៊ុនរុករកឧស្ម័នរបស់ប្រទេសសិង្ហបុរីបានបង្ហាញពីការជឿជាក់របស់ខ្លួន ក្នុងការវិនិយោគក្នុងរុករកប្រេងនៅកម្ពុជា តាមរយៈការប្រកាសធ្វើការសម្រេចចិត្តវិនិយោគចុងក្រោយដែលជាការប្ដេជ្ញាចិត្តជាផ្លូវការរបស់ក្រុមហ៊ុនក្នុងការវិនិយោគទុនដើម្បីអភិវឌ្ឍគម្រោងប្រេងនិងឧស្ម័ននៅកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនៃការវិនិយោគនេះ រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបានភាគហ៊ុន ៥% ដែលនឹងត្រូវគ្រប់គ្រងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែកឯក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។ ក្រៅពីចំណូលពីការកាន់កាប់របស់រដ្ឋាភិបាលលើភាគហ៊ុន ៥% កម្ពុជាអាចទទួលបានចំណូលពន្ធ និងសួយសារអាករផ្សេងៗ ដូចជា ពន្ធលើប្រាក់ចំណូលប្រមាណ ២៥% ពន្ធលើប្រាក់ចំណូលលើសកម្រិត ពន្ធលើការនាំចេញ ២% ពន្ធកាត់ទុកលើការទូទាត់ភាគលាភ ជាដើម៕