តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសនៅថ្ងៃទី ២១ ខែកញ្ញាបានកើនឡើង២ដុល្លារ២៨សេន ឬស្មើនឹងអត្រាកំណើន ២,៥%បន្ថែមទៀត នាំឲ្យប្រេងឆៅមួយបារ៉ែលកើនឡើងតម្លៃដល់ ៩២ដុល្លារ៩០សេន បន្ទាប់ពីបានធ្លាក់ចុះអស់ ១ដុល្លារ៣៨សេនកាលពីថ្ងៃទី ២០ ខែកញ្ញា។
ប្រេងឆៅនៅទីផ្សារអាមេរិកវិញ ក៏បានកើនឡើងដល់តម្លៃ៨៦ដុល្លារ ១៦សេនក្នុងមួយធុងបារ៉ែលផងដែរ ពោលគឺកើនឡើង២ដុល្លារ២២សេន ឬស្មើនឹងអត្រា២,៦%។
តម្លៃប្រេងឆៅពិភពលោកហក់ឡើងថ្លៃនេះ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹតមួយ អំពីការចាប់ផ្ដើមចល័តកងទ័ពតាមផ្នែក នៅថ្ងៃទី ២១ ខែកញ្ញា ដោយលោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺដើម្បីការពារបូរណភាពទឹកដីរបស់រុស្ស៊ី និងបានចោទលោកខាងលិចថា ចង់បំផ្លាញប្រទេសរុស្ស៊ី។
ប្រធានផ្នែកស្រាវជ្រាវទីផ្សារទំនិញនៃក្រុមហ៊ុន ING លោក Warren Patterson បានគូសបញ្ជាក់ថា ភាពតានតឹងចុងក្រោយនេះ នឹងបង្កើនភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។ លោកបន្ថែមថា ទង្វើនេះ នឹងអាចនាំទៅដល់ការអំពាវនាវឲ្យមានសកម្មភាពកាន់តែខ្លាំងក្លាប្រឆាំងតបតនឹងរុស្ស៊ីវិញ ទាក់ទងនឹងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចជាដើម។
តម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ចាប់តាំងពីខែមីនាមក គឺនៅក្រោយពេល សង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង។ យ៉ាងណាមិញ ការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបហាមឃាត់លើការនាំចូលប្រេងពីរុស្ស៊ីនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ខែធ្នូឆ្នាំនេះតទៅហើយ ខណៈតាំងពីដើមខែកញ្ញាមក រុស្ស៊ីក៏បានបិទបំពង់បង្ហូរឧស្ម័នទៅកាន់សហភាពអឺរ៉ុប នៅមិនទាន់បើកឡើងវិញនៅឡើយទេមកទល់ពេលនេះ៕