សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាច្រកម្ពុជាបានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា គិតរហូតមកដល់ពេលនេះ កម្ពុជាមិនបានប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួននៅឡើយទេ ធនធានធម្មជាតិទំាងអស់នោះ មានដូចជា ធនធានប្រេង ឧស្ម័ន ធ្យូងថ្ម និងរ៉ែមាស។ ហើយជុំវិញទៅនឹងរឿងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប EBA នេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបង្ហាញពីគោលជំហររឹងមាំដដែល ដោយមិនខ្លាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ។
សម្តេចតេជោនៅតែប្រកាសពីឯករាជ្យរបស់ខ្លួនថា គឺមិនត្រូវឲ្យកម្ពុជាស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេសណាឡើយ។ កម្ពុជាមិនយកឯករាជ្យនិងអធិបតេយ្យ ទៅដោះដូរជាមួយជំនួយឬការអនុគ្រោះណាមួយជាដាច់ខាត។ សម្តេចបញ្ជាក់អះអាងថា សម្តេចនៅតែរក្សាគោលការណ៍ដដែល គឺមិនយកសហគមន៍អន្តរជាតិធ្វើជាសត្រូវឡើយ។
ការបញ្ជាក់ពីជំហរដែកថែបនេះ គឺសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអាងទៅលើប្រភពចំណូលធនធានធម្មជាតិ ប្រេង ឧស្ម័ន ធ្យូងថ្ម រ៉ែមាស ដែលមិនទាន់ប្រើបា្រស់ ជាពិសេស ប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ដែលកើនឡើងរៀងរាល់ឆ្នាំ។ សម្តេចតេជោ អះអាងថា បើទោះបីជា ពេលនេះ កម្ពុជាមិនទាន់បានប្រើប្រាស់ធនធានធម្មជាតិនៅឡើយក្ដី ប៉ុន្តែ កម្ពុជាមានលទ្ធភាពអាចរកប្រាក់ចំណូលដែលអាចគាំទ្រដល់ការចំណាយ និងការវិនិយោគផ្ទាល់ ដែលក្នុងមួយឆ្នាំ កម្ពុជាត្រូវចំណាយក្នុងរង្វង់ ៦០០លានដុល្លារ ទៅ ៨០០លានដុល្លារអាមេរិក។
សម្តេច ហ៊ុន សែន បន្តថា នៅក្នុងឆ្នាំនេះដែរ បើនិយាយពីចំណូលពន្ធគយ គឺកើនលើសផែនការក្នុងរង្វង់ពី ៧០០ ទៅ ៨០០លានដុល្លារអាមេរិក រីឯ ចំណូលពន្ធដារវិញ ក៏បានកើនលើសផែនការ ពី ៤០០ ទៅ ៥០០លានដុល្លារ ដែលចំនួននេះ លើសផែនការរហូតជាង ១ពាន់លានដុល្លារសម្រាប់ចំណូលសារពើពន្ធ ខណៈចំណូលមិនមែនសារពើពន្ធ ដូចជា ចំណូលបានមកពីថ្លៃទិដ្ឋាការ ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ និង រួមមានចំណូលបានមកពីផ្នែកផ្សេងៗទៀតផងដែរ ដូចជា ចំណូលបានមកពីព្រលានយន្តហោះនាំផ្លូវជាដើម។ ប្រមុខដឹកនាំកម្ពុជា បានអះអាងទៀតថា បើទាះបីជាអត់មាន EBA ក៏កម្ពុជាមានលទ្ធភាពចំណាយបើកប្រាក់ខែជូនដល់មន្ត្រីរាជការបានដែរ។
ជាក់ស្តែង នៅក្នុងឆ្នាំនេះដែរ កម្ពុជាមានលទ្ធភាពដោយខ្លួនឯង បានបញ្ចេញប្រាក់ភ្លាមៗដែលអាចយកទៅវិនិយោគលើអគ្គិសនីប្រមាណ ៤០០លានដុល្លារដើម្បីទិញម៉ាស៊ីនភ្លើងទំហំ ២០០ មេហ្គាវ៉ាត់ ពីហ្វាំងឡង់ និង ២០០មេហ្គាវ៉ាត់ទៀត ពីអាល្លឺម៉ង់ ផងដែរ សម្រាប់ត្រៀមផ្គត់ផ្គង់ការខ្វះខាតអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ ក្នុងរដូវប្រាំង ដែលខិតជិតចូលមកដល់ឆាប់ៗនេះ។
ចំណែកឯ ថវិកាជិត ៣០០លានដុល្លារផ្សេងទៀតសម្រាប់ការវិនិយោគខេត្តព្រះសីហនុបន្ថែមលើការវិនិយោគដែលមានស្រាប់ចំនួន ៧០០លានដុល្លារ។ រហូតមកដល់ពេលនេះ កម្ពុជាមានសាច់ប្រាក់ក្នុងដៃខ្លួនឯងជាង ៣ពាន់លានដុល្លារអាមេរិក។
ជាការបញ្ជាក់ឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាកំពុងតែចរចាជាមួយប្រទេសថៃទៅលើតំបន់ត្រួតគ្នាដើម្បីអភិវឌ្ឍរួមគ្នាសម្រាប់គម្រោងទាញយកប្រេងនេះ ផងដែរ។ ហើយប្រសិនបើកម្ពុជាទទួលបានចំណូលពីប្រេងនោះ គោលដៅធំនៃការចំណាយរបស់កម្ពុជា គឺយកទៅអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ ដែលរចនាសម្ព័ន្ធរឹងនោះ សំដៅលើផ្លូវថ្នល់ ប្រឡាយទឹក និងបណ្តាញអគ្គិសនី ជាដើម។ ចំណែកហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់វិញ គឺ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស និងសុខាភិបាល។ ជាក់ស្តែង នៅឆ្នាំនេះ កម្ពុជាបានធ្វើការវិនិយោគដោយខ្លួនឯងលើសពី ១ពាន់លានដុល្លារអាមេរិកហើយ។
បើទោះបីជាប្រមុខដឹកនាំប្រទេសកម្ពុជាហាក់មិនមានការព្រួយបារម្ភទៅលើរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងនេះក្តី បើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក បង្ហាញថា ប្រសិនបើសហភាពអឺរ៉ុបពិតជាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែន កម្ពុជាអាចនឹងធ្លាក់ចុះចំណូលពីការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ៦៥៤លានដុល្លារអាមេរិក ដែលនេះ មិនទាន់រាប់បញ្ចូលការដកហូតពន្ធការនាំចូលកង់ទៅអឺរ៉ុប នៅឡើយ។
ធនាគារពិភពលោក បានកត់សម្គាល់ទៀតថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបាននាំផលិតផលសម្លៀកបំពាក់ទៅអឺរ៉ុប មានជាង ៣ពាន់៦០០លានដុល្លារអាមេរិក ស្បែកជើងមានប្រមាណ ៥០០លានដុល្លារ អង្ករមានជាង ១៧៧លានដុល្លារ និងកង់មានជាង ៣៣១លានដុល្លារអាមេរិក។
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់កម្ពុជា ដែលមានប្រមាណ ៤៥% នៃការនាំចេញសរុបកាលពីឆ្នាំ២០១៨។ រោងចក្រកាត់ដេរនៅកម្ពុជាបានផ្ដល់ការងារដល់កម្មករប្រមាណ ៧០ម៉ឺននាក់ ហើយវិស័យនេះ ក៏មានចំណែកទីផ្សារនាំចេញដ៏ធំទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ដែលមានប្រមាណ ៥,៥ពាន់លានដុល្លារអាមេរិក។
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានព្រមានជាថ្មីម្ដងទៀត អំពីហានិភ័យដែលអាចកើតមានឡើងពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដែលវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងបាត់បង់ការងាររាប់ម៉ឺនកន្លែងផងដែរ បើ EBA នេះ ពិតជាត្រូវបានដក ឬព្យួរមែន។
យ៉ាងណាក៏ដោយចុះ ធនាគារពិភពលោក បានគូសបញ្ជាក់ដែរថា ប្រសិនបើសហភាពអឺរ៉ុប ពិតជាដក EBA ពីកម្ពុជាមែនក៏ដោយ ប៉ុន្ដែ កម្ពុជាអាចមានផ្លូវក្នុងការសម្រាលផលប៉ះទង្គិចពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បាន ដោយត្រូវកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម និងលើបែបបទសម្រាប់ការនាំចេញនានា៕