ក្នុងលិខិតសុំអភ័យទោសប្រិយមិត្តអ្នកអាន ចុះថ្ងៃទី១១ មេសា ឆ្នាំ២០១៧ អ្នកគ្រប់គ្រងទូទៅនៃទស្សនាវដ្ដីដ៏ចំណាស់នេះ ប្រកាសថា ទស្សនាវដ្ដីប្រជាប្រិយនឹងបញ្ឈប់ការបោះពុម្ពផ្សាយពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះតទៅ។
អ្នកស្រី សែន ថាវិន អ្នកគ្រប់គ្រងទូទៅ របស់ទស្សនាវដ្ដី ប្រជាប្រិយ បានបន្តថា ការបិទការបោះពុម្ពផ្សាយនេះ គឺដោយសារការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាឌីជីថល បច្ចុប្បន្ន និងថា បច្ចេកវិទ្យានេះកំពុងជំនួសការបោះពុម្ពផ្សាយ។
✌️ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីប្រឈមនឹងការវិវឌ្ឍយ៉ាងលឿននៃអ៊ិនថឹណិតនិងបណ្ដាញសង្គមហ្វេសប៊ុក
✌️ ហេតុអ្វីគេមិនមើលព័ត៌មានទូរទស្សន៍ បែរជាមើលព័ត៌មានហ្វេសប៊ុក?
ទោះបីជានឹងឈប់បោះពុម្ពក្ដី សារព័ត៌មាន ប្រជាប្រិយ ក៏នឹងនៅតែបន្តបម្រើប្រិយមិត្តអ្នកអានដដែល ប៉ុន្តែ នឹងផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី តាមហ្វេសប៊ុក និងតាមគេហទំព័រវ៉ិបសាយថ៍ www.pmhotnews.com ដដែល។
គួរបញ្ជាក់ថា ក្នុងអំឡុងទសវត្សចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល និងបណ្ដាញព័ត៌មានសង្គម រីកចម្រើនយ៉ាងខ្លាំង ទាំងនៅកម្រិតពិភពលោក និងទាំងនៅប្រទេសកម្ពុជា។ ក្នុងចំណោមប្រជាជនប្រមាណ ១៦លាននាក់ មានអ្នកប្រើប្រាស់អ៊ិនថឹណិត និងបណ្ដាញសង្គមហ្វេសប៊ុក ដល់ទៅជិត ៥លាននាក់។
ហើយគេសង្កេតឃើញ ទាំងបុគ្គល ក្រុមហ៊ុន អង្គការ ស្ថាប័នរដ្ឋ រួមទាំងអ្នកនយោបាយ នាំគ្នាងាកមកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយសារនិងសកម្មភាពរបស់ខ្លួនដល់មហាជន។
ការរីកចម្រើនទាំងនេះ ត្រូវបានអ្នកខ្លះមើលឃើញថា ជាការគំរាមកំហែងដល់សារព័ត៌មានប្រពៃណី ដូចជា កាសែត ទស្សនាវដ្ដី វិទ្យុ និងទូរទស្សន៍ ជាដើម ដោយចំនួនអ្នកអាន អ្នកស្ដាប់ និងអ្នកទស្សនាបណ្ដាញព័ត៌មានប្រពៃណីបានថយចុះជាបណ្ដើរៗ។ ម្យ៉ាងទៀត នៅស្ទើរតែគ្រប់អង្គភាពសារព័ត៌មានបែបប្រពៃណីទាំងអស់ ក៏ងាកមកវិនិយោគកាន់តែច្រើនឡើងលើបច្ចេកវិទ្យាឌីជីថ គេហទំព័រ និងហ្វេសប៊ុក ផងដែរ៕