អាកាសចរណ៍-​ទេសចរណ៍

ក្រុមហ៊ុន​អាកាសចរណ៍​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​កម្ពុជា​-ចិន កើន​ដល់​១៥​ក្រុមហ៊ុន​ហើយ!


ចិន​មិន​ត្រឹម​តែ​ឈរ​លេខ​១ លើ​កា​រ​វិនិយោគ ជា​ប្រទេស​ម្ចាស់​ជំនួយ និង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​មក​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​មក​ពី​កម្ពុជា​-ចិន ក៏​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្កាល់​ផង​ដែរ។
ក្រុមហ៊ុន​អាកាសចរណ៍​ចិន ស៊ាមិន សម្ពោធ​បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា។
ដោយ

គិតមក​ទល់​ពេល​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​តភ្ជាប់​ជើង​ហោះហើរ​ទៅ​មក​កម្ពុជា​-ចិន​មាន​ចំនួន ១៥​ក្រុមហ៊ុន​ហើយ។ ក្នុង​នោះ ក្រុមហ៊ុន​ក្នុង​ស្រុក​មាន ៣​ក្រុមហ៊ុន និង​ចិន​មាន ១២​ក្រុមហ៊ុន ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ទៀង​ទាត់​ទៅ​មក​កម្ពុជា​-ចិន ខណៈ​ដែល​គិត​ជា​ចំនួន​ជើង​យន្ត​ហោះ​វិញ មាន​រហូត​ដល់​ចំនួន ១៥៥​ជើង ក្នុង​មួយ​សប្ដាហ៍ និង​ជើង​ហោះហើរ​ពិសេស (Charter Flight) មាន​ប្រមាណ ៥០​ជើង​ទៀត ក្នុង​មួយ​សប្តាហ៍។

ជាមួយ​គ្នា​នេះ​ដែរ ថ្មីៗ​នេះ​ទៀត​សោត ក្រុមហ៊ុន​អាកាសចរណ៍​ចិន ស៊ាមិន ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត ហ្វូចៀន ភាគ​ខាង​កើត​ប្រទេស​ចិន បាន​សម្រេច​បើក​ជើង​ហោះហើរ​ត្រង់​ថ្មី​មួយ​បន្ថែម​ទៀត​មក​កាន់​កម្ពុជា គឺ​ហោះហើរ​ទៅ​មក​ពី​ទីក្រុង​ស៊ាមិន​-រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​ក្រុមហ៊ុន​បាន​មាន​ជើង​ហោះហើរ​ត្រង់​ទៅ​មក​របស់​ខ្លួន​ពី​ទីក្រុង​ស៊ាមិន មក​កាន់​ខេត្ត​សៀមរាប តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ។

ឯកឧត្តម ម៉ៅ ហា​វណ្ណាល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​លើក​ឡើង​ថា ការ​ពង្រីក​ជើង​ហោះហើរ​បន្ថែម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ស៊ាមិន ពី​ទីក្រុង ស៊ាមិន មក​កាន់​រាជ​ធានី​ភ្នំពេញ​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក៏​ដូចជា​ភាព​រីកចម្រើន​របស់​វិស័យ​អាកាសចរណ៍​កម្ពុជា ហើយ​វា​ក៏​ជា​ការ​ពង្រីក​ផ្លូវ​តភ្ជាប់​កាន់​តែ​ទូលាយ​សម្រាប់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ផងដែរ ស្រប​ទៅ​តាម​ទិសដៅ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ត្រៀម​នឹង​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​បាន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាង​មុខ។

បើតាម​ឯកឧត្តម ក្រុមហ៊ុន​នេះ​នឹង​ហោះហើរ​ត្រង់​ទៅ​មក​ទីក្រុង​ស៊ាមិន-​រាជធានី​ភ្នំពេញ ឲ្យ​បាន​៤​ជើង​ក្នុង​មួយ​សប្ដាហ៍ ជាមួយ​នឹង​យន្ដហោះ​ប្រភេទ Boeing 737-800  ហើយ​ជើង​ហោះហើរ​ត្រង់​ថ្មី​នេះ មិន​ត្រឹមតែ​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វា​ក៏​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

សូម​ជម្រាប​ដែរ​ថា របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ជាង​៥​លាន ៦​សែន​នាក់ កើន​ឡើង​ជាង ១១% ក្នុងនោះ ភ្ញៀវ​ទេសចរ​ចិន​នៅតែ​ឈរ​លំដាប់​ទី១ ដែល​មាន​ប្រមាណ​ជាង​១​លាន​២​សែន​នាក់។ 

ក្នុងនោះ ជនជាតិ​ចិន​មាន ២០% បាន​ធ្វើ​ដំណើរ​តាម​អាកាសយា​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ២៥% ធ្វើ​ដំណើរ​តាម​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប និង ៧៥% បាន​ធ្វើ​ដំណើរ​តាម​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ៕




អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ បោះ​ទុន​​៧​លាន​ដុល្លារ​អាមេរិក បើក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅកម្ពុជា

ឧកញ៉ា​ លី ហួរ ដែល​មនុស្ស​ភាគច្រើន​ស្គាល់​គាត់​ថា ជា​សេដ្ឋី​រក​ស៊ី​លក់​មាស​ប្ដូរ​ប្រាក់​នៅ​ភ្នំពេញ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់មាន​…

នំបរទេសកំពុងវាយលុកទីផ្សារកម្ពុជា ខណៈនំខ្មែរបាត់បង់ជាបណ្តើរៗហើយ

នំខ្មែរ ដែលធ្លាប់តែមានការពេញនិយមច្រើនពីសំណាក់អតិថិជន បែរជាបាននិង​កំពុងបាត់បង់ការគាំទ្របន្តិចម្តងៗ ស្ទើរលែងស្គាល់ឈ្មោះទៅហើយ បន្ទាប់ពីយុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ