អង្គការនៃប្រទេសនាំចេញប្រេង OPEC រំពឹងថា តម្រូវការប្រេងសកលនឹងមានជាមធ្យមជាង ៩៩លានបារ៉ែលក្នុងមួយថ្ងៃ នៅត្រីមាសទីមួយឆ្នាំ២០២២ កើនឡើងច្រើនជាងការព្យាករកាលពីខែមុន ចំនួនជាង១លាន១សែនបារ៉ែល។
អង្គការOPEC បន្តថា ដោយសារតែតម្រូវការប្រេងនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ កំពុងមានសញ្ញាល្អ ដូចនេះតម្រូវការប្រេងសកលនឹងបន្តកើនឡើងរហូតដល់ត្រីមាសដំបូងនៃឆ្នាំ២០២២។ ថ្វីបើបច្ចុប្បន្ន កូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុងកំពុងមានវត្តមានក្នុងប្រទេសជាច្រើនក្តី ប៉ុន្ដែ គេជឿថាមេរោគប្រភេទថ្មីនេះនឹងមិនអាចរំខានដល់ពិភពលោករយៈពេលយូរឡើយ ដោយហេតុថា ពិភពលោកមានលទ្ធភាពអាចដោះស្រាយជាមួយរោគរាតត្បាតនេះ បានប្រសើរជាងមុន។
យ៉ាងណាក៏ដោយអង្គការនៃប្រទេសនាំចេញប្រេង បន្តរក្សាការព្យាករណ៍តម្រូវការប្រេងសកល សម្រាប់ពេញមួយឆ្នាំ២០២២ ដូចទៅនឹងការប៉ាន់ស្មានកាលពីខែមុនដដែលទេ ពោលគឺតម្រូវការប្រេងនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០២២ នឹងកើនឡើងជាង ៤លានបារ៉ែលបន្ថែមទៀត ដែលស្មើនឹងតម្រូវការសរុបជាង ១០២លានបារ៉ែលក្នុងមួយថ្ងៃៗ។ អត្រានេះជាកំណើនខ្ពស់បំផុតមួយ បើគេធៀបនឹងតម្រូវការប្រេងកាលពីឆ្នាំ២០១៩ មុនពេលមាន វត្តមាននៃកូវីដ១៩ទៅទៀត។
ទោះបីមានការព្រួយបារម្ភខ្លះៗ ពីកូវីដ១៩បំប្លែងខ្លួនថ្មីក៏ដោយចុះ កាលពីខែមុនអង្គការ OPEC បានព្រមព្រៀងបង្កើនការផលិតប្រេងប្រមាណ ៤សែនបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ គិតពីខែមករាឆ្នាំក្រោយតទៅ។
សូមជម្រាបថា ប្រទេសសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេង OPEC ដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងចំណោមសមាជិកទាំងអស់ គឺមាន ប្រទេសអារ៉ាប់ ប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ាក់ ដែលសុទ្ធសឹងជាប្រទេសជម្រុកប្រេងដ៏មហាសាលរបស់ពិភពលោក៕