ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្ស លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងពីភាពវិជ្ជមាននេះ ហើយក៏បានអំពាវនាវឲ្យមានការជជែកគ្នារវាងខ្មែរនិងខ្មែរ។
លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា និងត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
បណ្តាប្រទេសលោកខាងលិចនិងក្រុមអង្គការសិទិ្ធមនុស្សមួយចំនួន បានថ្កោលទោសចំពោះការចាប់ខ្លួននេះ ហើយបាននិយាយថា វាបង្កើនការសង្ស័យថាតើការបោះឆ្នោតសកលឆ្នាំក្រោយអាចយុត្តិធម៌បាន ឬយ៉ាងណា។
លោក សុន ឆ័យ បាននិយាយថា ខណៈដែលបរទេសដាក់គំនាបនោះ នៅចុងបញ្ចប់ មានតែខ្មែរនិងខ្មែរទេ ដែលអាចរកវិធីដោះស្រាយបញ្ហាបាន។
លោក សុន ឆ័យ បាននិយាយយ៉ាងដូច្នេះ ៖ «យើងនៅតែមានសង្ឃឹម ហើយនៅតែមានជំនឿ។ ការដោះស្រាយបញ្ហាប្រទេសមួយ អ្វីដែលធ្វើហើយជោគជ័យ ហើយប្រសិទ្ធភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ។ បរទេសគ្រាន់តែជួយជំរុញឲ្យមានការយកចិត្តទុកដាក់រវាងខ្មែរនិងខ្មែរ។ ចំពោះការអនុវត្តឲ្យមានប្រសិទ្ធភាពគឺវាអាស្រ័យលើខ្មែរនិងខ្មែរ។ ដូចយើងមានបទពិសោធន៍នៅឆ្នាំ១៩៩១ដូច្នោះ។»
លោក សុន ឆ័យ បានបន្តថា ទោះបីជាស្ថានភាពអាប់អួរ គណបក្សសង្គ្រោះជាតិមានការអត់ធ្មត់ណាស់ ក្នុងការបន្តការតស៊ូនយោបាយដោយសន្តិវិធី។
លោក សុន ឆ័យ បាននិយាយថា «ដូច្នេះ យើងមិនខាតពេលវេលារបស់យើង បន្តឲ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរតទៅទៀតទេ។ សង្ឃឹមថា មានយន្តការដែលយើងអាចនិយាយគ្នាបាន។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបកន្លងមក គឺដើម្បីធានាសុវត្ថិភាពរបស់ប្រទេសជាតិ ដែលជាការចាំបាច់ និងជាធម្មតារបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ៕