បើទោះជាកម្ពុជាបានអូសទាញភ្ញៀវបរទេសឲ្យមកកម្សាន្តនៅប្រទេសរបស់ខ្លួនរាប់លាននាក់បែបនេះក្តី ប៉ុន្តែ គេកត់សម្គាល់ឃើញថា លុយរបស់ភ្ញៀវបរទេសដែលមកកម្ពុជារាប់ពាន់លានដុល្លារ ត្រូវបានអ្នកវិនិយោគបរទេសទាំងនោះ កើបយកទៅប្រទេសរបស់ខ្លួនវិញ។
បច្ចុប្បន្ននេះ មានជនបរទេសជាច្រើន ជាពិសេស ជនជាតិចិន បានសម្រុកមករកស៊ីនៅកម្ពុជា នៅក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ និងសេវាកម្មជាច្រើនទៀត ដើម្បីត្រងយកលុយពីភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា។
លោក បូ សុខខឿង អាជីវករលក់គ្រឿងទេស លក់សំបុត្រឡានក្រុង និងសំបុត្រកាណូតនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ បានប្រាប់ ខេមបូណូមីស ថា បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរមានការកើនឡើងខ្លាំង ជាពិសេស ជនជាតិចិន។
លោកអះអាងថា៖ «កាលពីរបីឆ្នាំមុន ខ្មែរយើងភាគច្រើនមានតែរត់ទុកទុក តែឥឡូវ ពួកគាត់ខ្លះមានឡាន មានម៉ូតូដាក់សម្រាប់ជួល ពួកគាត់ចេះមានគំនិតច្នៃប្រឌិត ដើម្បីរកលុយពីភ្ញៀវ»។
បើតាមអាជីវកររូបនេះ ថ្វីត្បិតតែពលរដ្ឋខ្មែរ អាចរកចំណូលពីភ្ញៀវបរទេសបានខ្លះមែន តែភាគច្រើន ជារបរតូចតាចប៉ុណ្ណោះ ខណៈសណ្ឋាគារ ផ្ទះសំណាក់ និងហាងធំភាគច្រើន ត្រូវបានគ្រប់គ្រងដោយជនជាតិបរទេស ជាពិសេស ជនជាតិចិន។ លោកអះអាងថា លោកចង់ពង្រីកអាជីវកម្មឲ្យធំដូចបរទេសដែរ ប៉ុន្តែ កត្តាកង្វះដើមទុន គឺជាឧបសគ្គចម្បងសម្រាប់លោក។
ទាក់ទងនឹងកំណើនជនជាតិចិនកាន់តែច្រើននៅខេត្តព្រះសីហនុ គឺស្របពេលដែលរដ្ឋបាលក្រុងឈិនទូ នៃខេត្តស៊ីឈាន់របស់ចិន គ្រោងចុះអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sister City) ជាមួយរដ្ឋបាលខេត្តព្រះសីហនុ នាពេលខាងមុខនេះ។
បញ្ហានេះ បណ្ឌិតសេដ្ឋកិច្ច លោក គឹម សុភា បានអត្ថាធិប្បាយថា កម្ពុជានៅខ្វះការត្រៀមខ្លួនជាមុនចំពោះគម្រោងនីមួយៗ ដែលធ្វើបរទេសយកប្រៀបក្នុងការធ្វើពាណិជ្ជកម្មនៅលើទឹកដីរបស់ខ្លួន។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនតែខេត្តព្រះសីហនុនោះទេ ភ្នំពេញយើងហ្នឹង ក៏គេមានគម្រោងបង្កើត China Town ដែរ ប៉ុន្តែ តើរដ្ឋាភិបាលបានត្រៀមធនធានមនុស្សគ្រប់គ្រាន់ឬនៅ? បើភោជនីយដ្ឋាន គឺមានតែអ្នករត់តុទេ ដែលជាជនជាតិខ្មែរ ក្រៅពីហ្នឹង រាប់ចាប់តាំងពីចុងភៅឡើងទៅ គឺសុទ្ធតែជនជាតិចិន និងកូរ៉េ»។
លោកបណ្ឌិត គឹម សុភា យល់ថា គម្រោងនេះគឺជាចំណុចល្អ គ្រាន់តែពលរដ្ឋខ្មែរមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រូបទាញចំណូលពីភ្ញៀវជនជាតិចិនប៉ុណ្ណោះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ឧទាហរណ៍ថា ចិនប្រកាសប្រាប់ពលរដ្ឋគេថា បើចង់ភ្លក្សអាហារ ឬទស្សនាវប្បធម៌ចិននៅខេត្តរបស់ខ្លួន គឺអាចទៅខេត្តព្រះសីហនុ ប្រទេសកម្ពុជាក៏មានដែរ មិនចាំបាច់ហោះមកទឹកដីចិននោះទេ។ ដូច្នេះ ខ្មែរកាត់ចិន និងជនជាតិចិននៅកម្ពុជា នឹងមកខេត្តព្រះសីហនុ។ តើខ្មែរចេះធ្វើម្ហូបចិនទេ ចេះភាសាចិនទេ ចេះបង្កើតសណ្ឋាគារបែបចិនទេ? នេះជាបញ្ហាដែលយើងខ្វះការត្រៀមខ្លួន ទើបយើងមិនអាចយកលុយពីភ្ញៀវចិន។ មិនមែនតែចិនទេ ជនជាតិផ្សេងក៏ដូចគ្នាដែរ»។
ក្រៅពីចំណេះជំនាញ កម្ពុជានៅខ្វះការកែច្នៃតំបន់ទេសចរណ៍ ដែលធ្វើឲ្យភ្ញៀវបរទេសមកកម្ពុជារយៈពេលខ្លី ដែលជាហេតុធ្វើឲ្យកម្ពុជាទទួលបានចំណូលតិចតួច។ នេះជាការបញ្ជាក់បន្ថែមរបស់បណ្ឌិត គឹម សុភា ដោយបន្តថា៖ «នៅសិង្ហបុរី ជាប្រទេសដែលគ្មានអ្វីទាំងអស់ ប៉ុន្តែ គេចេះកែច្នៃបង្កើតជារមណីយដ្ឋាន ហើយគ្រាន់តែមនុស្សចូលមើល ស្ទើរគ្រប់កន្លែងសុទ្ធតែលក់សំបុត្រ។ ក្រៅពីហ្នឹង គេជំរុញឲ្យអ្នកចូលទៅប្រើសេវារបស់គេតែម្តង ដូចជា សេវាកម្មរថភ្លើងជាដើម។ ប៉ុន្តែ កម្ពុជាមានរមណីយដ្ឋានច្រើនណាស់ តែយើងខ្វះការកែច្នៃក្នុងបង្កើតជាសេវាកម្មទេសចរណ៍»។
បើតាមបណ្ឌិតសេដ្ឋកិច្ចរូបនេះ រដ្ឋាភិបាលអាចជួយពលរដ្ឋក្នុងវិស័យនេះ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យស្របនឹងកំណើនអ្នកទេសចរបរទេសមកកម្ពុជា ដើម្បីឲ្យចំណូលរបស់ភ្ញៀវបរទេស ធ្លាក់លើទឹកដីខ្មែរ ជាជាងឲ្យបរទេសកើបលុយយកទៅស្រុកគេវិញ។ បន្ថែមពីនេះ ការបង្កើនចំនួនរមណីយដ្ឋាននិងសេវាកម្ម ក៏ត្រូវធ្វើឲ្យទាន់កំណើនភ្ញៀវទេសចរបរទេសផងដែរ។
ដូចគ្នាដែរ លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច បានថ្លែងថា ចំណុចខ្វះខាតរបស់ពលរដ្ឋខ្មែរក្នុងការស្រូបយកចំណូលពីអ្នកទេសចរបរទេស គឺពលរដ្ឋខ្វះទុន និងពុំសូវមានជំនាញភាពជាសហគ្រិន។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលរៀនចប់ ចិនតែងមានគំនិតចង់ធ្វើជំនួញ តែខ្មែរយើង ពេលរៀនចប់ មានគំនិតចង់តែធ្វើជាមន្រ្តី។ ចំណុចនេះទើបធ្វើឲ្យខ្មែរមានគំនិតជាសហគ្រិនទាប ដែលធ្វើឲ្យពួកគេខ្វះភាពតស៊ូ ដែលជាឧបសគ្គក្នុងការប្រកួតប្រជែងជាមួយបរទេស។ ម្យ៉ាងទៀត គេមានទុនស្រាប់ផង ឬរដ្ឋគេបង្កភាពងាយស្រួលដោយឲ្យលុយខ្ចី ឬជួយសម្រួលផ្សេងៗ»។
ចំពោះគម្រោងចុះ MoU រវាងខេត្តចិន និងខេត្តព្រះសីហនុ របស់កម្ពុជា ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចរូបនេះ អត្ថាធិប្បាយថា គឺជាការល្អ ព្រោះ រដ្ឋាភិបាលនិងពលរដ្ឋខ្មែរពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគ ប៉ុន្តែ កត្តាខាតឬចំណេញចំពោះពលរដ្ឋខ្មែរ គឺអាស្រ័យលើ MoU ពីព្រោះ បើសិនរដ្ឋាភិបាលចរចារកប្រយោជន៍បានច្រើនជូនពលរដ្ឋ នោះជាផលចំណេញ ផ្ទុយទៅវិញ បើរដ្ឋាភិបាលចរចាមិនរកផលប្រយោជន៍ជូនពលរដ្ឋ នោះជាការខាតបង់។
លោក ង៉ែត ជូ បានផ្តល់យោបល់ថា រដ្ឋាភិបាលគួរតែលក់សំបុត្រចូលទស្សនានៅកំពង់សោម ដូចតំបន់អង្គរដែរ ដើម្បីបង្កើនចំណូលចូលរដ្ឋបន្ថែម បន្ទាប់ពីយកពន្ធ។ លោកបន្ថែមថា រដ្ឋាភិបាល គួរហាមឃាត់អ្នកនាំភ្ញៀវ ឬអ្នកបកប្រែជនជាតិបរទេស កុំឲ្យមកដណ្តើមការងារពលរដ្ឋខ្មែរ និងជួយសម្រួលឯកសារ ឬលិខិតស្នាម ដល់សហគ្រិនខ្មែរ រួមទាំងជួយផ្តល់កម្ចីដោយមានការប្រាក់ទាប ដើម្បីបង្កើតភាពងាយស្រួលដល់អាជីវកម្មពួកគេ ឲ្យមានភាពលូតលាស់ជាមួយបរទេសផងដែរ។
ជុំវិញបញ្ហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឲ្យភាគីចិនជួយរៀបចំផែនការមេ (Master Plan) ក្នុងការអភិវឌ្ឍនៅតំបន់ទេសចរណ៍តាមខេត្តមួយចំនួននិងជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យទេសចរណ៍ ខណៈវិស័យនេះត្រូវការធនធានមនុស្សក្នុងមួយឆ្នាំប្រមាណ ៥ម៉ឺននាក់ ដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនអ្នកទេសចរជាតិនិងអន្តរជាតិ។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបរវាងរបស់ឯកឧត្តមរដ្ឋមន្រ្តី ជាមួយគណៈប្រតិភូចិនមកពីខេត្តសាងទុង នៅថ្ងៃទី១៥ ខែវិច្ឆិកា៕