
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនមេដឹកនាំវៀតណាម កាលពីថ្ងៃទី៥ មីនា បានបង្ហាញថា វិនិយោគិនបរទេស និងវិនិយោគិនវៀតណាម ដែលកំពុងវិនិយោគក្នុងវិស័យថាមពលបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាព ដែលរដ្ឋាភិបាលវៀតណាម អាចនឹងបញ្ចប់ពន្ធថាមពលអនុគ្រោះ ហើយបានព្រមានថា ការផ្លាស់ប្ដូរគោលនយោបាយនេះ អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពហិរញ្ញវត្ថុ និងបំផ្លាញទំនុកចិត្តនៅប្រទេសវៀតណាម ខណៈដែលប្រទេសនេះ គ្រោងពង្រីកសមត្ថភាពផលិតថាមពលកកើតឡើងវិញយ៉ាងសម្បើម។
ក្នុងចំណោមវិនិយោគិនទាំង២៨រូប ដែលបានហត្ថលេខាក្នុងលិខិតផ្ញើជូនមេដឹកនាំវៀតណាម ខាងលើ រួមមានមូលនិធិវិនិយោគឯកជនរបស់វៀតណាម Dragon Capital ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថាមពលហ្វីលីពីន ACEN និងវិនិយោគិនផ្សេងៗទៀតមកពីប្រទេសថៃ ហូឡង់ សិង្ហបុរី និងប្រទេសចិន។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម ទទួលបានការវិនិយោគយ៉ាងច្រើនសម្បើមក្នុងវិស័យថាមពលកកើតឡើងវិញ ដោយសារវិនិយោគិនទាំងនោះទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ដែលរដ្ឋធានាទិញយកអគ្គិសនី ដែលក្រុមហ៊ុនទាំងនោះផលិតបានក្នុងតម្លៃខ្ពស់ជាងទីផ្សាររយៈពេល២០ឆ្នាំ។
ទោះជាយ៉ាងណា ពន្ធខ្ពស់បានបង្កការខាតបង់កាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម (EVN) ដែលជាអ្នកផ្ដាច់មុខទិញចូលអគ្គិសនីដែលផលិតបានទាំងអស់នៅក្នុងប្រទេសនេះ ហើយបានដំឡើងថ្លៃអគ្គិសនីនៅតាមផ្ទះប្រជាជន និងរោងចក្រសហគ្រាសនានា។
លិខិតខាងលើដដែលបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានព្យាយាមបញ្ចុះពន្ធទាំងនោះ ហើយពេលនេះកំពុងពិចារណាកែប្រែគោលនយោបាយអនុគ្រោះពន្ធសម្រាប់គម្រោងផលិតថាមពលកកើតឡើងវិញ សូម្បីគម្រោងដែលកំពុងដំណើរការផលិតថាមពលហើយក៏ដោយ ជាហេតុនាំឱ្យវិនិយោគិនទាំងនេះព្រួយបារម្ភ និងចេញលិខិតផ្ញើជូនមេដឹកនាំវៀតណាម បែបនេះ៕
ដោយ: តែម សុខុម