
នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមរបាយការណ៍ខាងលើ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប្រមាណជិត១លាន៥ម៉ឺននាក់ បានសម្រុកធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានានៅតាមបណ្តាខេត្តចំនួន៧របស់កម្ពុជា ដែលជាការផ្តល់ចំណូលដល់ពលរដ្ឋនៅតាមមូលដ្ឋានក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ។
ក្នុងនោះសៀមរាប អាចស្រូបទាញអ្នកទេសចរច្រើនជាងគេ គឺប្រមាណជាង១៤ម៉ឺននាក់ ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ២ គឺប្រមាណជាង៩ម៉ឺននាក់ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ខេត្តកំពត ជាង៧ម៉ឺននាក់ ខេត្តបន្ទាយមានជ័យ ជាង ៧ម៉ឺននាក់ កំពង់ធំ ជាង៤ម៉ឺននាក់ រតនគិរីជាង ១ម៉ឺននាក់ និងខេត្តក្រចេះជាង ១ម៉ឺននាក់។
របាយការណ៍ដដែលបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាង១លាននាក់ គឺមានការកើនឡើង ១៥,៧០ភាគរយ ដោយក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន១លាន ១០ម៉ឺននាក់ កើនឡើង១៥,៣០ភាគរយ ខណៈភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ៤ម៉ឺននាក់ កើនឡើង៦,២០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦៕