ក្រុមហ៊ុនអចលនទ្រព្យ

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយនៅវៀតណាម ជាប់បណ្ដឹងឡើងតុលាការពីបទឆបោកលុយជាង១២ពាន់៥រយលានដុល្លារ


ប្រធានក្រុមហ៊ុន វ៉ាន់ ធិញ ហ្វាត់ (Van Thinh Phat) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាត យក្សនៅប្រទេសវៀតណាម នឹងត្រូវឡើងសវនាការជំនុំជម្រះទោសក្នុងតុលាការវៀតណាម បន្ទាប់ពីជាប់ចោទពីបទឆបោកប្រាក់ទ្រង់ទ្រាយធំដល់ទៅជាង១២ពាន់៥រយលានដុល្លារអាម៉េរិកពីធនាគារមួយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមហ៊ុនអចលនទ្រព្យ
ដោយ

យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃអាទិត្យ ទី១៧ ធ្នូ បានឱ្យដឹងថា សេដ្ឋីនី ទ្រួង មី ឡាន (Truong My Lan) ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចនលទ្រព្យវៀតណាម វ៉ាន់ ធិញ ហ្វាត់ នឹងត្រូវឡើងសវនាការជំនុំជម្រះទោសក្នុងតុលាការប្រជាជនក្រុងហូជីមិញ ប៉ុន្តែមិនបានបញ្ជាក់ថា ដំណើរការកាត់ក្តីនេះនឹងចាប់ផ្តើមនៅពេលណានោះទេ។

សេដ្ឋីនីដ៏មានមុខមាត់ និងដែលធ្លាប់ជោគជ័យយ៉ាងសម្បើមក្នុងមុខជំនួញរូបនេះ នឹងត្រូវឡើងតុលាការជំនុំជម្រះទោសពីបទគៃបន្លំ ការសូកប៉ាន់ និងការបំពានបទប្បញ្ញត្តិធនាគារ។

សេដ្ឋីនី ទ្រួង មី ឡាន បានទទួលរងការចោទប្រកាន់ពីបទបង្កើតពាក្យស្នើសុំខ្ចីប្រាក់ក្លែងក្លាយ ដើម្បីដកប្រាក់ពីធនាគារពាណិជ្ជសៃហ្គន (Saigon Commercial Bank) ទីដែលសេដ្ឋីរូបនេះកាន់កាប់ជាង៩០% នៃភាគហ៊ុនរបស់ធនាគារនេះ។

គេហទំព័រដដែលបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកស្រី ទ្រួង មី ឡាន បានបញ្ជាឱ្យបក្ខពួករបស់ខ្លួនបង្កើតពាក្យស្នើសុំខ្ចីប្រាក់ក្លែងក្លាយចំនួន៩១៦ពាក្យ ដើម្បីដកប្រាក់សរុបជាង១២ពាន់៥រយលានដុល្លារអាម៉េរិកពីធនាគារពាណិជ្ជសៃហ្គន (Saigon Commercial Bank)”។

បក្ខពួកចំនួន៨៥នាក់ផ្សេងទៀត រួមទាំងអតីតមន្ត្រីមួយរូបនៅធនាគារកណ្ដាលវៀតណាម (State Bank of Vietnam) ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាង៥លានដុល្លារអាម៉េរិក ក៏នឹងត្រូវប្រឈមការកាត់ទោសក្នុងតុលាការក្រុងហូជីមិញផងដែរ។

បង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម វ៉ាន់ ធិញ ហ្វាត់ (Van Thinh Phat) មានទ្រព្យសម្បត្តិជាច្រើនរួមមានសណ្ឋាគារប្រណីតលំដាប់ខ្ពស់ ភោជនីយដ្ឋាន និងអាផាតម៉ិនប្រណីត ហើយថែមទាំងបានវិនិយោគលើសេវាកម្មហិរញ្ញវត្ថុផងដែរ។

តម្លៃទ្រព្យសកម្មដែលសេដ្ឋីនី ទ្រួង មី ឡាន បានគៃបន្លំយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺមានទំហំស្មើប្រមាណ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២២។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើមន្ត្រីពុករលួយ និងក្រុមធុរជនល្មើសច្បាប់នៅក្នុងប្រទេសនេះ។ ជាលទ្ធផលមនុស្សជាង៣ពាន់៥រយនាក់ត្រូវបានចោទប្រកាន់ក្នុងករណីពុករលួយជាង១ពាន់៣រយសំណុំរឿងចាប់តាំងពីឆ្នាំ២០២១ មក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រទេសចំនួន១០ដឹកនាំដោយអាម៉េរិក នឹងល្បាតរួមគ្នានៅសមុទ្រក្រហម ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធី

សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទ បានប្រកាសអំពីការបង្កើតសម្ព័ន្ធភាពប្រទេសចំនួន១០ ដែលមានចក្រភពអង់គ្លេស បារាំង បារ៉ែន អ៊ីតាលី និងប្រទេសផ្សេងទៀត …

ថៃត្រូវបានរបាយការណ៍មួយអះអាងថា ជាទឹកដីមានករណីឆបោកតាមទូរសព្ទខ្ពស់ជាងគេនៅអាស៊ី

របាយការណ៍ស្ដីពីការឆបោកនៅអាស៊ីប្រចាំឆ្នាំ២០២៣ បានគូសបញ្ជាក់ថា តំបន់អាស៊ី ជាចំណុចផ្តោតដ៏សំខាន់មួយសម្រាប់ឧក្រិដ្ឋជន ដែលប្រើប្រាស់បច្ចេកវិទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ