លោក ប៉ាគីអៅ អាយុ ៤២ឆ្នាំ ត្រូវបានគេមើលឃើញថា អាចក្លាយជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីហ្វ៊ីលីពីន ដើម្បីស្នងតំណែងបន្តពីលោកប្រធានាធិបតី ឌុយទែតេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយ ធ្លាប់ជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតរបស់លោក ឌុយទែតេ ដោយបានគាំទ្រសង្គ្រាមបង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀននិងកិច្ចប៉ុនប៉ងដាក់ឲ្យប្រើឡើងវិញនូវទោសប្រហារជីវិតរបស់លោកប្រធានាធិបតីថែមទៀតផង ។
ប៉ុន្តែ ចុងក្រោយនេះ ទំនាក់ទំនងរវាងលោក ប៉ាគីអៅ និងលោកប្រធានាធិបតី ឌុយទែតេ បានប្រែក្លាយជាជូរចត់ បន្ទាប់ពីលោក ប៉ាគីអៅ រិះគន់ជំហរទន់ភ្លន់របស់លោក ឌុយទែតេ ចំពោះភាពគឃ្លើនរបស់ចិននៅក្នុងមហាសមុទ្រចិនខាងត្បូង និងបាននិយាយថា លោកនឹងស៊ើបអង្កេតអំពើពុករលួយក្នុងជួររដ្ឋាភិបាល ។
ក្រុមមួយរបស់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចដែលដឹកនាំដោយលោករដ្ឋមន្ត្រីថាមពល អាល់ហ្វុនសូ គូស៊ី ដែលជាសម្ព័ន្ធមិត្រដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី ឌុយទែតេ បានស្នើឲ្យមានការបោះឆ្នោតនេះនៅឯកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃសៅរ៍ ។ លោក គូស៊ី ខ្លួនឯង បានជាប់ឆ្នោតជាប្រធានគណបក្ស ។
នៅក្រោយការបោះឆ្នោតទម្លាក់រូបលោកចេញពីតំណែងប្រធានគណបក្ស លោក ប៉ាគីអៅ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា គណបក្សគួរតែផ្ដោតការយកចិត្តទុកដាក់ទៅលើការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី ឌែលតា នៃកូវីដ-១៩ ជាជាងផ្តោតលើរឿងនយោបាយ ។
លោក ប៉ាគីអៅ ស្បថចូលកាន់តំណែងជាប្រធានគណបក្សកាលពីខែធ្នូ ហើយកន្លងមក លោកមិនទាន់បានប្រកាសពីការចូលរួមប្រកួតប្រជែងជាបេក្ខជនប្រធានាបតីនៅក្នុងការបោះឆ្នោតនៅឡើយទេ ។
ខណៈនេះ សេ្ដចប្រដាល់ដ៏ល្បីល្បាញ ប៉ាគីអៅ កំពុងស្ថិតនៅសហរដ្ឋអាមេរិកដើម្បីហ្វឹកហាត់សម្រាប់ការប្រកួតខ្សែក្រវាត់មួយ ដែលគ្រោងធ្វើនាពេលខាងមុខដ៏ខ្លី ៕